ជីក​រក​កំណប់​កំពុង​បំផ្លាញ​ទួល​អង្គ​បុរាណ

ជីក​រក​កំណប់​កំពុង​បំផ្លាញ​ទួល​អង្គ​បុរាណ



ខេត្តកំពត ៖ មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​ខេត្ត បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​ជា​បន្ទាន់ ជុំវិញ​ការ​ជីក​រុករក​វត្ថុ​បុរាណ​នៅ​ទួល​អង្គរាំង ស្ថិត​នៅ​ភូមិ​ត្រពាំង​ប្រី​យ ឃុំ​ស្រែ​សំរោង ស្រុក​ជុំ​គី​រី ។ សំណើ​របស់​មន្ទីរ​ជំនាញ​នេះ បាន​ធ្វើ​ឡើង​ដោយសារ​មាន​មនុស្ស​ជា​ច្រើន​នាក់ បាន​លួច​ជីក​នៅ​ទួល​អង្គ​នោះ ជាទី​ទួល​សម័យ​បុរាណ ស្វែងរក​កំណប់​បុរាណ​មាន​តម្លៃ ។ ការ​ជីក​រក​វត្ថុ​បុរាណ​នៅ​ទួល​អង្គ​រាំង​នោះ គេ​ឃើញ​មាន​រណ្ដៅ​៤​កន្លែង និង​ឃើញ​មាន​សំបក​ដប​ទឹកបរិសុទ្ធ និង​សំបក​ដប​ភេ​ជ្ជៈ​ផ្សេង​ៗ​ជា​ច្រើន ត្រូវ​គេ​ចោល​រាយ​ប៉ាយ​នៅ​បរិវេណ​ទួល​អង្គ​រាំង ។

លោក ទេព អឿ​ន មេឃុំ​ស្រែ​សំរោង បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ទួល​អង្គ​រាំង​នេះ ពិតជា​មាន​ក្រុម​មនុស្ស​លួច​ជីក​កកាយ​រុករក​វត្ថុ​បុរាណ​មែន ប៉ុន្តែ​ការ​ជីក​រក​នៅ​ពេល​យប់ យើង​មិនដឹង​ថា គេ​រកបាន​អ្វីខ្លះ​ទេ ។ លោក គង់ ផល្លា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ជីក​រក​វត្ថុ​បុរាណ​នៅ​ទួល​អង្គ​រាំង​នេះ ខាង​មន្ទីរ​វប្បធម៌ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ស្ថាប័ន​មាន​សម្ថ​កិច្ច​ហើយ ។

លោក​ប្រធាន​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​មនុស្ស​លួច​ជីក​នៅ​ទួល​អង្គ​រាំង ឥឡូវនេះ មាន​មនុស្ស​ក្រុម​ដដែល ក៏​បាន​លួច​ជីក​រុករក​ទួល​មួយ​ផ្សេង​ទៀត នៅ​ឃុំ​ស្រែ​សំរោង​ដដែល ។ បើ​យោង​តាម​មន្ត្រី​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា សំណុំរឿង​ជន​មិន​ស្គាល់​មុខ​លួច​ជីករណ្ដៅ​នៅ​ទួល​អង្គ​រាំង រក​វត្ថុ​អ្វីមួយ​នោះ ខាង​នគរបាល​ខេត្ត បាន​បញ្ជូន​សំណុំរឿង​ទៅ​សាលាខេត្ត​ហើយ កាលពី​ពេល​ថ្មី​ៗ​នេះ ។ តាម​ប្រភព​ព័ត៌មាន​មួយ​បានឱ្យ​ដឹង​ថា ការ​ចុះ​ស៊ើបអង្កេត​រឿង​អ្នក​ជីក​ទួល​អង្គ​រាំង​នេះ ខាង​នគរបាល​ខេត្ត បាន​រក​ឃើញ​មាន​អ្នក​ភូមិ​២​នាក់ ជា​អ្នក​ជីក ហើយ​ពួក​គេ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា គេ​ជីក​រក​មាស​មួយ​ក្រឡ​ដែល​ដូនតា​គេ​កប់​ចោល​នៅ​ទីនោះ ប៉ុន្តែ​ការ​ជីក​រក​វត្ថុ​បុរាណ​នៅ​ទួល​អង្គ​មួយ​ផ្សេង​ទៀត ក៏​ជា​មនុស្ស​ដដែល​នោះ​ដែរ​ជា​អ្នក​ជីក ។ តើ​ដូនតា​គាត់​មាន​មាស​អី​ច្រើន​ម្ល៉េះ​ដើរ​តែ​កប់ ?

អ្នក​តាន​ដាន​បាន​មើលឃើញ​ថា អ្នក​ជីក​រក​វត្ថុ​បុរាណ មិន​មាន​តែ​មនុស្ស​២​នាក់​នោះ​ទេ គឺ​មាន​មនុស្ស​ផ្សេង​ទៀត ឈរ​ពីក្រោយ​ខ្នង ដោយ​ជួល​ឱ្យ​ជីក ព្រោះ​ម្ហូបអាហារ​ហូប​ទាំង​ការ​រៀប​ព្រះ​ពិស្ណុកា ក៏​មិនមែន​អ្នក​ភូមិ​ដែរ គឺ​អ្នកមាន​លុយ ហើយ​ធ្លាប់​មានបទពិសោធន៍​ជំនាញ​ទៀត​ផង ។

ទោះបីជា​បែប​ណា​ក្ដី រហូត​មក​ដល់​ពេល​នេះ ក្រុម​ជន​ដដែល កំពុង​ជីករណ្ដៅ​តាម​ទួល​អង្គ​បុរាណ​នៅឡើយ​ទេ ។ ការ​ជីក​បំផ្លាញ​ទួល​អង្គ គឺជា​បទល្មើស​ដែល​គប្បី​រារាំង ៕