កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៣​ យប់​ថ្ងៃ​សុក្រ​នេះ

«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ ឬ My Place ដែល​ជា​កម្មវិធី​ជីវិត​ពិត​កំពុង​ចាក់ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន (PNN) នឹង​បោះឆ្នោត​ជម្រុះ​បេក្ខជន​ទី​៣ ​នៅ​យប់​ថ្ងៃ​សុក្រ​ ស្អែក​នេះ។

 

សប្តាហ៍​នេះ បេក្ខជន​ដែល​នៅសល់​ទាំង​៨​រូប បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់ចាម​ ដើម្បី​ស្វែង​យល់​ពី​របៀប​ធ្វើ​កន្ទេល​កក់​របស់​អ្នក​ស្រុក​ដែល​ប្រកប​របរ​ធ្វើ​កន្ទេល​នេះ​តាំង​ពី​ដូនតា​មក និង​ស្តាប់​វាគ្មិន​ចែក​រំលែក​ពី​ការ​លក់​ផលិតផល​ឲ្យ​ទទួល​បាន​ជោគជ័យ។ ពួកគេ​ត្រូវ​បាន​បែងចែក​ចេញ​ជា ២ ក្រុម​ដដែល ហើយ​ដំណើរ​ការ​លក់​កន្ទេល​កក់​នៅ​ផ្សារ​ទំនើប​សូរិយា។ កម្មវិធី​តម្រូវ​ឲ្យ​ពួកគេ​ទាំង​ពីរ​ក្រុម​លក់​កន្ទេល​ដែល​មាន​ចំនួន​ស្មើគ្នា តម្លៃ​លក់​ចេញ​ដូច​គ្នា ទីតាំង​លក់​ជាប់​គ្នា ដោយ​បេក្ខជន​ទាំង​ពីរ​ក្រុម​មាន​ចំនួន​សមាជិក​៤​នាក់​ស្មើគ្នា។ អតិថិជន​នឹង​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ។ ក្រុម​ណា​ដែល​អាច​ទាញ​ចិត្ត​អតិថិជន​ចូល​ទិញ​កន្ទេល​របស់​ខ្លួន​ច្រើន​ជាង​គេ និង​លក់​ដាច់​បាន​ច្រើន​ជាង​គេ នឹង​ឈ្នះ​លើ​វិញ្ញាសា​នេះ។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៣​ យប់​ថ្ងៃ​សុក្រ​នេះ

 

សប្តាហ៍​មុន កម្មវិធី​បាន​បាត់បង់​បេក្ខជន យិន ឈឿន ដែល​ជា​បេក្ខជន​ទី​ពីរ​ត្រូវ​បាន​ជម្រុះ​ចេញ​ពី​កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២​នេះ។ សម្រាប់​សប្ដាហ៍​នេះ​វិញ មនុស្ស​មួយ​ចំនួន​គិត​ថា បេក្ខជន​ដែល​ទំនង​នឹង​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ឲ្យ​ចាក​ចេញ​អាច​ជា​បេក្ខជន សា សុវណ្ណឌី, កែវ សិរីរត្នន៍ ឬ​អ៊ួយ សុគន្ធា។

 

«មុខរបរ​ខ្ញុំ» នៅ​រៀងរាល់​សប្ដាហ៍​នឹង​មាន​បេក្ខជន​ម្នាក់​ធ្លាក់​ចេញ​ពី​កម្មវិធី​ដែល​ការសម្រេច​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះឆ្នោត​របស់​បេក្ខជន​ចូលរួម​ក្នុង​កម្មវិធី រហូត​ដល់​សប្ដាហ៍​ទី​៩​ទើប​រក​ឃើញ​ជយលាភី។ សប្តាហ៍​ក្រោយ បេក្ខជន​នឹង​ធ្វើការ​ជា​ក្រុម​ម្តង​ទៀត​ តែ​នឹង​ប្រកួត​ប្រជែង​លើ​វិញ្ញាសា​ថ្មី​គឺ​ការ​ធ្វើ​បទ​បង្ហាញ​ពី​ស្លឹកគ្រៃ​ទៅ​ដល់​វាគ្មិន និង​អ្នកភូមិ។ ពួកគេ​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រៃវែង​ដើម្បី​ស្វែង​យល់​ពី​ការ​ដាំ​ស្លឹកគ្រៃ​របស់​អ្នក​ស្រុក​នៅ​ទីនោះ។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៣​ យប់​ថ្ងៃ​សុក្រ​នេះ

 

«មុខរបរ​ខ្ញុំ» ចាប់​ផ្តើម​ចាក់​ផ្សាយ​ជា​លើកដំបូង​កាលពី​ថ្ងៃ​ចន្ទ ទី៤ កក្កដា ដោយ​ផ្សាយ​ជូន​ទស្សនា ជា​រៀង​រាល់ថ្ងៃ​ចន្ទ ដល់ សុក្រ វេលា​ម៉ោង ​៨ ដល់​ម៉ោង ៨:៣០​ យប់ ដោយ​ផ្តោត​សំខាន់​លើ​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មួយ​ទៅ​ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម។ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ចេះ​ធ្វើការ​ជា​ក្រុម ហើយ​ក៏​នឹង​មាន​ភ្ញៀវកិត្តិយស​មក​ពី​វិស័យ​ខុសៗ​គ្នា​ចូលរួម​និយាយ​ពី​បទ​ពិសោធន៍​ជីវិត​ពិត​ផង​ដែរ ខណៈ​បេក្ខជន​ទាំងអស់​ត្រូវ​ប្រឹង​បញ្ចេញ​សមត្ថភាព​ការងារ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​ឈ្នះ​រង្វាន់​ទឹក​ប្រាក់​ចំនួន ២០ លាន​រៀល។

 

ទស្សនា​វីដេអូ​ខ្លី​របស់​កម្មវិធី «​មុខរបរ​ខ្ញុំ​» រដូវ​កាល​ទី២ សូម​ចូលផេក​ហ្វេសប៊ុក www.facebook.com/PNNMyPlace ៕

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៣​ យប់​ថ្ងៃ​សុក្រ​នេះ

 

អត្ថបទ៖ ពាណិជ្ជកម្ម