ជនជាតិ​ដើម​ភាគតិច​ព្នង​១​គ្រួសារ​ដែល​ម្ចាស់​បំណុល​រុះរើ​ផ្ទះ​ដោយ​បង្ខំ​អំពាវនាវ​រក​យុត្តិធម៌

ជនជាតិ​ដើម​ភាគតិច​ព្នង មួយ​គ្រួសារ​នៅ​ខេត្ត​មណ្ឌលគិរី ដែល​ម្ចាស់​បំណុល​រុះរើ​ផ្ទះ​បង្ខំ​ឲ្យ​សង​បំណុល រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ មិន​ទាន់​សាងសង់​ជម្រក​សម្រាប់​ក្រុម​គ្រួសារ​ស្នាក់​បាន​នៅ​ឡើយ។ ផ្ទុយ​ទៅ​វិញ ជន​ជាប់​ចោទ​ជា​ម្ចាស់​បំណុល​ដែល​រុះរើ​ផ្ទះ​កូន​បំណុល ត្រូវ​បាន​មន្ត្រី​តុលាការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ។ ប្រជាពលរដ្ឋ​ក្នុង​ភូមិ គ្រោង​នាំ​គ្នា​ធ្វើ​ញត្តិ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធានការ​រួសរាន់​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​ក្រីក្រ​នេះ។

ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ស្វែងរក​យុត្តិធម៌​ដល់​ជនជាតិ​ដើម​ភាគតិច​ព្នង មួយ​គ្រួសារ បន្ទាប់​ពី​ម្ចាស់​បំណុល​រុះរើ​ផ្ទះ​របស់​គាត់​ដោយ​បង្ខំ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​២៧ ខែ​កក្កដា ក្រុម​គ្រួសារ​ជន​រងគ្រោះ​មិន​មាន​ផ្ទះ​ស្នាក់នៅ​នោះ​ទេ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​ប្រមាណ ៩០​ភាគរយ​ក្នុង​ភូមិ គ្រោង​ផ្ដិត​មេដៃ​លើ​ញត្តិ​ស្នើសុំ​ទៅ​អាជ្ញាធរ​ខេត្ត ឲ្យ​ជួយ​អន្តរាគមន៍​សាងសង់​ជម្រក​ស្នាក់នៅ​បណ្ដោះអាសន្ន​ឲ្យ​ជន​រងគ្រោះ និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ជន​ល្មើស​ឲ្យ​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ។

ប្រជាពលរដ្ឋ​ភូមិ​ឡៅកា លោកស្រី អុន ឆុន បញ្ជាក់​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ថា អ្នក​ភូមិ​ចាត់​ទុក​រឿង​នេះ​ថា​ជា​បញ្ហា​អយុត្តិធម៌​ចំពោះ​ជនជាតិ​ដើម​ភាគតិច ដែល​ត្រូវ​ម្ចាស់​បំណុល​ជា​ជនជាតិ​ខ្មែរ​ប្រើ​អំពើ​ហិង្សា​រំលោភ​ច្បាប់​រុះរើ​ផ្ទះ​ជន​រងគ្រោះ​កំពុង​ស្នាក់នៅ។ លោកស្រី​បន្ត​ថា ជន​ជាប់​ចោទ​ត្រូវ​បាន​មន្ត្រី​តុលាការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព ខណៈ​ដែល​ជន​រងគ្រោះ​ឋិត​ក្នុង​សភាព​សុំ​ផ្ទះ​បង​ប្អូន​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ឡើយ៖ «ផ្ដិត​មេដៃ​រក​យុត្តិធម៌​ឲ្យ​ប្រជាជន។ ឃើញ​ទៅ​អាណិត គេ​រុះ​ផ្ទះ​យក។ យើង​គាំទ្រ​ឲ្យ​សង​ជំងឺ​ចិត្ត»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ប៉ូលិស​ក្រុង​សែនមនោរម្យ បាន​ឃាត់​ខ្លួន​ឈ្មោះ ផុន ណារី ជនជាតិ​ខ្មែរ​រស់នៅ​ភូមិ​ឡៅកា បន្ទាប់​ពី​ស្ត្រី​រូប​នេះ រួម​នឹង​បក្ខពួក​នាំ​គ្នា​រុះរើ​ផ្ទះ​មួយ​ខ្នង​របស់​ជនជាតិ​ដើម​ភាគតិច​ឈ្មោះ ក្វើង ខត ដែល​ជំពាក់​ប្រាក់​ចំនួន ៤​ពាន់​ដុល្លារ ហើយ​គ្មាន​ប្រាក់​សង។ ជន​សង្ស័យ ត្រូវ​ប៉ូលិស​បញ្ជូន​ខ្លួន​ទៅ​ស្ថាប័ន​អយ្យការ បន្ទាប់​ពី​ឃាត់​ខ្លួន ៤៨​ម៉ោង​នៅ​អធិការដ្ឋាន​ប៉ូលិស ក៏ប៉ុន្តែ​ជន​សង្ស័យ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា។

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ជា សុវណ្ណថេត បញ្ជាក់​ថា ជន​សង្ស័យ​ឈ្មោះ ផុន ណារី ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា រួម​ជាមួយ​បក្ខពួក​ដែល​ផ្សំ​គំនិត។ លោក​ថា សំណុំ​រឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ក៏ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា តើ​ចៅក្រម​រូប​ណា​ដែល​សម្រេច​ដោះ​លែង​ជន​ជាប់​ចោទ​នោះ​ទេ៖ «បញ្ហា​ហ្នឹង​ខ្ញុំ​អត់​ទាន់​ទទួល​បាន​ច្បាស់​ទេ ព្រោះ​ខ្ញុំ​ជាប់​ឡើង​មក​ប្រជុំ​នៅ​ភ្នំពេញ។ ទី​១ បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា។ ទី​ពីរ ផ្សំ​គំនិត។ ផ្សំ​គំនិត គឺ​កម្មករ​បី​នាក់»

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស បដិសេធ​មិន​អធិប្បាយ​ទាក់ទិន​រឿង​ក្តី​នេះ ដោយ​អះអាង​ថា លោក​ជាប់​ភារកិច្ច​នៅ​ភ្នំពេញ។

ជន​រងគ្រោះ​ឈ្មោះ ក្វើង ខត មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​លោក​មិន​ទាន់​មាន​ជម្រក​ស្នាក់នៅ​ផ្ទាល់​ខ្លួន​នៅ​ឡើយ។ លើស​ពី​នោះ​ទៀត ជន​ជាប់​ចោទ​ដែល​ត្រូវ​បាន​ដោះ​លែង បាន​គំរាម​ប្ដឹង​គ្រួសារ​លោក​បន្ថែម​ទៀត ដោយសារ​មាន​កំហឹង​ក្នុង​រឿង​នេះ។ លោក​បន្ត​ថា គំនរ​ឈើ​ដែល​បាន​ពី​ការ​រុះរើ​ផ្ទះ​របស់​លោក ឋិត​ក្រោម​ការ​រឹប​អូស​របស់​ជន​ជាប់​ចោទ​បន្ត​ទៀត៖ «ផល​លំបាក​ខ្ញុំ លំបាក​មែន​ទែន ផ្ទះ​ក៏​អស់ ខាត​ពេលវេលា អត់​បាន​រក​ស៊ី​អ្វី​ទេ។ កូន​ក៏​ឈឺ។ ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ជួយ»

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ការ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ដោយសារ​រឿង​ជំពាក់​ប្រាក់ គឺ​ជា​ការ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក​ថា ថ្វីត្បិតតែ​រឿង​នេះ​ឋិត​ក្នុង​ចំណាត់​ការ​របស់​ចៅក្រម​តុលាការ​សាលា​ដំបូង​ខេត្ត​ក៏ដោយ អាជ្ញាធរ​មូលដ្ឋាន គួរ​ចាត់​វិធានការ​ដោះស្រាយ​ផ្តល់​មធ្យោបាយ​ឲ្យ​ជន​រងគ្រោះ មាន​លទ្ធភាព​សាងសង់​ជម្រក​ស្នាក់នៅ​សម្រាប់​ក្រុម​គ្រួសារ​ឡើង​វិញ៖ «ប្រសិន​តុលាការ​ពន្លឿន​នីតិវិធី ខ្ញុំ​គិត​ថា​ល្អ​សម្រាប់​ជន​រងគ្រោះ​ជា​ជន​ក្រីក្រ ហើយ​គាត់​ចង់​បាន​យុត្តិធម៌​ឆាប់ៗ។ ពួក​គាត់​គ្មាន​លទ្ធភាព​រង់ចាំ​ទេ»

ជន​រងគ្រោះ​ឈ្មោះ ក្វើង ខត បញ្ជាក់​ថា ខ្លួន​បាន​ខ្ចី​ប្រាក់​ឈ្មោះ ផុន ណារី សរុប ២.៣០០​ដុល្លារ ដើម្បី​សង​បំណុល​ធនាគារ ប៉ុន្តែ​លោក​មិន​មាន​ប្រាក់​សង ខណៈ​ម្ចាស់​បំណុល​បូក​សរុប​ប្រាក់​ខ្ចី និង​ការប្រាក់​រហូត​ដល់ ៤​ពាន់​ដុល្លារ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សាខា​កាកបាទ​ក្រហម​ខេត្ត​មណ្ឌលគិរី បាន​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​គ្រួសារ​រងគ្រោះ​មាន​អង្ករ ២០​គីឡូក្រាម តង់​មួយ ភួយ​មួយ ក្រមា​មួយ សារុង​មួយ ទឹក​ត្រី​មួយ​ដប​ទឹក ស៊ីអ៊ីវ​ពីរ​ដប និង​មី​មួយ​កេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។