ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​ខេត្ត​បាត់ដំបង​និង​បន្ទាយមានជ័យ​ប្រតិកម្ម​នឹង​ដីកា​​តុលាការ

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​លោក​ឧកញ៉ា សង ថន ប្រមាណ ៣០០​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​ ប្រតិកម្ម​នឹង​ដីកា​​​របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង ដែល​បាន​បញ្ជា​ឲ្យ​ពួកគាត់​បញ្ឈប់​ការ​ដាំដុះ​នៅ​លើ​ដី​ទំនាស់ និង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ប្រសិន​ពួកគាត់​រុករាន​នៅ​លើ​ដី​នោះ​បន្ត​ទៀត។

អ្នក​ភូមិ​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះស្រាយ​រឿង​ទំនាស់​ដី​របស់​ពួកគាត់​ឡើង​វិញ ប្រកប​ដោយ​សុក្រឹតភាព និង​យុត្តិធម៌។

​​​​ប្រជាពលរដ្ឋ​មាន​ទំនាស់​នៅ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ ទាំង​ពីរ​នេះ​កំពុង​ខ្វាយខ្វល់​ខ្លាច​គ្មាន​ដី​ដាំ​ដុះ និង​ជាប់គុក​ច្រវាក់​ដោយសារ​ពួកគាត់​មិន​ព្រម​ចាក​ចេញ​ពី​ដី។

​​​​​ពលរដ្ឋ​មាន​ទំនាស់​ដី​​មួយ​ចំនួន​រស់​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ និង​ស្រុក​បវេល ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ថា តាម​ដីកា​​របស់​សាលា​ដំបូង​ខេត្ត​បាត់ដំបង​​ មាន​ន័យ​ថា ឲ្យ​ពួកគាត់​ចាញ់​ក្ដី​លោក​ឧកញ៉ា សង ថន ដោយ​គ្មាន​ការ​ប្រកែក​បាន​ឡើយ។

អ្នក​ភូមិ​​អះអាង​ថា​ ដីកា​របស់​តុលាការ​ហាក់​ដាក់​សម្ពាធ​​​ធ្ងន់ធ្ងរ​មក​​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ មិន​អាច​ទទួល​យក​បាន​ឡើយ៖ «បាទ! ហេតុ​ដែល​មិន​សុខ​ចិត្ត​ដោយ​ដី​នោះ​ពួក​យើង​បាន​ដើម​ឈើ​​ហូប​ផ្លែ​មាន​ស្វាយ ចេក​ និង​ដូង​ជាដើម ហើយ​តុលាការ​សម្រេច​ដោយ​ពុំ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដល់​ទី​កន្លែង​នោះ​ទេ។ ពួក​យើង​ព្រួយ​បារម្ភ​ខ្លាំង​បាត់បង់​ដី​ធ្លី​នេះ ហើយ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ»

មេ​ឃុំ​បឹង លោក ឈា នី អះអាង​ថា​ ដីកា​ចុះ​ថ្ងៃ​ទី​១៩ កក្កដា​​ ឆ្នាំ​២០១៦​ ដែល​ចេញ​ដោយ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង លោក​ ម៉ង់ ចាន់សុយុទ្ធារា​ សរសេរ​ថា​ ផ្ទៃ​ដី​ចំនួន ២១២​ហិកតារ នៅ​ភូមិ​ក្រពើ៤០ ឃុំ​បឹងប្រាំ ស្រុក​បវេល​ ខេត្ត​បាត់ដំបង​ ​គឺ​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា​សង ថន។

លោក​បន្ត​ថា ដីកា​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ទាំង​ឡាយ​ណា​ដែល​ទៅ​រំលោភ ឬ​ដាំដុះ​នៅ​លើ​ដី​នោះ៖ «ហើយ​ដីកា​នេះ​ ហើយ​យក​ដីកា​សាលា​ឧទ្ធរណ៍​​​មក​​អនុវត្តន៍​ពេល​ឥឡូវ​នេះ ខ្ញុំ​ក៏​ឆ្ងល់​ដែរ សាមី​ខ្លួន​គឺ​លោក​ សង ថន​ ជា​អ្នក​យក​មក​ឲ្យ​ប្រជាពលរដ្ឋ​ផ្ទាល់​មិន​មែន​ព្រះរាជអាជ្ញា ឬ​ក៏​​នគរបាល​យក​មក​នោះ​ទេ។ ប្រជាពលរដ្ឋ​កំពុង​ភ័យ​ខ្លាច និង​​បាន​ឡើង​ទៅ​តុលាការ ២​នាក់​ហើយ»

ទាក់ទង​នឹង​បញ្ហា​នេះ​ លោក​ឧកញ៉ា សង ថន មាន​ប្រសាសន៍​ថា ផ្ទៃដី​ទាំង​អស់​​នោះ ជា​កម្មសិទ្ធិ​របស់​លោក​ហើយ​ថា ប្រជាពលរដ្ឋ​បាន​រុករាន​ទៅ​​លើ​ដី​នោះ​ដោយ​ខុស​ច្បាប់។

លោក​បញ្ជាក់​ថា ការ​សម្រេច​យ៉ាង​ណា​នោះ​ ជា​សិទ្ធិ​របស់​តុលាការ៖ «យើង​ដឹង​ស្រាប់​ហើយ ប្រទេស​មាន​ច្បាប់​ បើ​ឲ្យ​អ្នក​ទាំង​នោះ​ចេះ​តែ​ថា ដី​គាត់​ ហើយ​យក​ដី​គេ​មិន​កើត​ទេ ឲ្យ​អ្នក​ក្រ​យក​ដី​អ្នក​មាន​អ្នក​មាន​យក​ដី​អ្នក​ក្រ​យ៉ាង​ម៉េច​ទៅ។ ភាព​យុត្តិធម៌​មាន​តែ​តុលាការ​ទេ»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី យល់​ឃើញ​​ថា អយ្យការ​សាលាដំបូង​ខេត្ត​បាត់ដំបង មិន​គួរ​ចេញ​ដីកា​រក្សា​ការពារ​បំពាន​ទៅ​លើ​ដី​ទំនាស់​ដែល​អាជ្ញាធរ​ខេត្ត​ និង​រដ្ឋបាល​ព្រៃ​ឈើ​បាន​ចេញ​ដីកា​ដក​ហូត​រួច​មក​ហើយ​នោះ​ទេ។

លោក​ពន្យល់​ថា​​ ដីកា​របស់​តុលាការ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ស្ងប់​ចិត្ត​ឡើយ​ ពីព្រោះ​ពួកគាត់​បាន​ដាំដុះ​នៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​២០០៤​​មក៖ «អ៊ីចឹង​ខ្ញុំ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត​ពិនិត្យ​មើល​ឡើង​វិញ ការ​រំលោភ​យក​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ហើយ​បុគ្គល​ណា​ជា​អ្នក​លក់ បុគ្គល​ណា​ជា​អ្នក​ទិញ​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​បាទ!»

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ផ្ទៃ​ដី​ជាង ៦០០​ហិកតារ​ មួយ​ផ្នែក​នៅ​ភូមិ​ប្រាសាទរាង ឃុំ​តាគង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ និង​មួយ​ចំនួន​ទៀត​នៅ​ភូមិ​ក្រពើ៤០ ឃុំ​បឹងប្រាំ។ ដី​នោះ​ពួកគាត់​ចំនួន​ជាង ៣០០​គ្រួសារ​បាន​ដាំដុះ​តាំង​ពី​ឆ្នាំ​២០០៤ មក។ ផ្ទៃ​ដី​​នោះ​​មាន​ទំនាស់​ខ្លាំង​នៅ​ឆ្នាំ​២០១២ រវាង​ប្រជាពលរដ្ឋ​ជា​មួយ​​លោក​ឧកញ៉ា សង ថន​ និង​អ្នក​មាន​ទ្រព្យធន ​២នាក់​ផ្សេង​ទៀត។

កន្លង​មក​ប្រជាពលរដ្ឋ​បាន​​តវ៉ា​ ឲ្យ​អាជ្ញាធរ​ដោះស្រាយ​តាំង​ពី​ថ្នាក់​ខេត្ត​រហូត​ដល់​ថ្នាក់​ជាតិ​ជា​បន្ត​បន្ទាប់ ​ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល។ ពលរដ្ឋ​បញ្ជាក់​ថា​ ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​មិន​ដោះស្រាយ​ជូន​ពួកគាត់​ទេ នោះ​ពួកគាត់​និង​​​​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥​​ ដើម្បី​ប្រឆាំង​នឹង​ដីកា​របស់​សាលាដំបូង​ខេត្ត​បាត់ដំបង ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។