ប្រធានាធិបតី ៥សម័យកាលរបស់ ហ្វីលីពីន ប្រជុំគ្នា រកវិធីទប់ទល់នឹងចិន

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ គឺដើម្បីពិភាក្សាអំពីយុទ្ធសាស្ដ្ររបស់រដ្ឋាភិបាលក្នុងការជជែកជាមួយចិន ក្នុងបំណងរកដំណោះស្រាយសម្រាប់កាត់បន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង នេះបើតាមមន្ដ្រីហ្វីលីពីន។

ទីភា្នក់ងារ AP បានចេញផ្សាយថា អតីតប្រធានាធិបតីហ្វីលីពីនដែលចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន លោក Fidel Ramos លោក Joseph Estrada លោកស្រី Gloria Macapagal Arroyo និងលោកBenigno Aquino III។ នេះគឺជាកិច្ចប្រជុំធំ និងពិសេសបំផុតមួយក្នុងប្រវត្តិសាស្ដ្រនៃសាធារណរដ្ឋហ្វីលីពីន។

ការអញ្ជើញបណ្ដាអតីតមេដឹកនាំជាតិ មកចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ គឺជាទម្លាប់របស់ប្រទេសហ្វីលីពីន ប៉ុន្តែ កិច្ចប្រជុំលើកនេះ គឺដើម្បីបង្ហាញអំពីសាមគ្គីភាពរវាងបណ្ដាអតីតប្រធានាធិបតីហ្វីលីពីន ដែលធ្លាប់មានគោលនយោបាយផ្ទុយគ្នាពីអតីតកាល។

ក្រៅពីបញ្ហាជាមួយចិន ប្រធានាធិបតីហ្វីលីពីន លោក Duterte ក៏មានគម្រោងពិភាក្សាអំពីបញ្ហាសន្តិសុខផ្សេងទៀត ក្នុងនោះក៏មានយុទ្ធនាការប្រឆាំងគ្រឿងញៀនផងដែរ។

តុលាការអាជ្ញាកណ្តាលនៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី ១២កក្កដា បានចេញសេចក្ដីសម្រេចចិត្តសម្រាប់បណ្ដឹងរបស់ហ្វីលីពីន ដោយអះអាងថា ប្រទេសចិន មិនមានមូលដ្ឋានផ្លូវច្បាប់ណាមួយដើម្បីទាមទារសិទ្ធកាន់កាប់ប្រភពធន់ធានធម្មជាតិទាំងអស់ក្នុងតំបន់សមុទ្រចិនខាងត្បូងនោះទេ។ រដ្ឋមន្ដ្រីការបរទេសរបស់អាមេរិក John Kerry បានជម្រុញឱ្យក្រុងប៉េកាំង និងក្រុងម៉ានីលពិភាក្សាគ្នា បន្ទាប់ពីមានសេចក្ដីសម្រេចចិត្តរបស់តុលាការអាជ្ញាកណ្ដាល។

ប្រភព៖ camnews


Related Posts