ពោះម៉ាយ​យូរ​ជូរ​មាត់ កើត​គំនិត​ចង់​បន្ធូរ​អារម្មណ៍

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ខណៈ​ដើរ​លប​ៗ​បម្រុង​ចូល​ផ្ទះ​វិញ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​បាន​ប្រើ​ដំបង​វាយ​នារី​ម្នាក់​ប៉ុនប៉ង​ចាប់រំលោភ ។ ហេតុការណ៍​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​២៧ ខែកក្កដា​ឆ្នាំ​២០១៦ នៅផ្ទះ​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​វាល​ល្ពា​ក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ  ។

លោក​វរសេនីយ៍ត្រី ផល សឿ​ន អធិការ​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ បូ​យ ថន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ហ៊ុយ ហាវ អាយុ​២០​ឆ្នាំ រស់នៅ​ផ្ទះ​ជិត​គ្នា រង​របួស​រយះ​ក្បាល​២​កន្លែង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ជា​បុរស​ពោះម៉ាយ​យូរហើយ​ដោយ​ត្រូវ​បាន​ប្រពន្ធ​លែង​ចោល រស់នៅ​ជាមួយ​ម្តាយ​ចាស់ ពេល​កើត​គំនិត​ចង់​រួម​ភេទ ក៏​មាន​បំណង​ចាប់រំលោភ​នារី​រង​គ្រោះ​ដែល​នៅផ្ទះ​ជិត​គ្នា ។ ខណៈ​ឃើញ​នាង​ដើរ​តែ​ម្នាក់ឯងដល់​កន្លែង​ស្ងាត់ ក៏​បាន​យក​ដំបង​វ៉ៃ​នាង​បំណង​ឲ្យ​សន្លប់​សិន​រួច​នឹង​អាល​ចាប់​រំលោភ តែ​នៅ​ពេល​​វាយ​ចំ​ក្បាល​នារី​រង​គ្រោះ នាង​​មិន​បាន​សន្លប់​ទេ ព្រោះ​នាង​ដឹងខ្លួន​ទាន់ ហើយ​រត់​បណ្ដើរ​ស្រែក​ឲ្យ​ជួយ​បណ្ដើរ ពេល​នោះ​អ្នក​ឃ្វាលគោ​ចេញ​មក​ជួយ​ ​រូបគេ​ក៏​​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់ លុះ​ពេល​ងងឹត​ៗ​បាន​ដើរ​លប​ៗ​មក​ចូល​ផ្ទះ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ៕