ឈើ​ប្រណិត​នៅ​តែ​ត្រូវ​គេ​បន្ត​ដឹក​ចេញ​ពី​ព្រៃ​សហគមន៍​ការពារ​ក្នុង​ខេត្ត​រតនគិរី

ឈើ​ប្រណិត​ប្រភេទ​ធ្នង់ នៅ​តែ​ត្រូវ​គេ​ដឹក​ជញ្ជូន​ចេញ​ពី​ព្រៃ​សហគមន៍​ឃុំ​កោះពាក្យ ស្រុក​វើនសៃ ខេត្ត​រតនគិរី តាម​រយៈ​ឈ្មួញ​ប្រមូល​ទិញ​ឈើ​នោះ​ពី​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ​កាប់​ឈើ។ មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ចាត់​ទុក​ករណី​នេះ​ជា​បទល្មើស​ព្រៃ​ឈើ ដែល​នៅ​តែ​បន្ត​កើត​មាន​ក្រោយ​យុទ្ធនាការ​បង្ក្រាប​របស់​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ថ្នាក់​ជាតិ។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​មន្ត្រី​ព្រៃ​ឈើ ចាត់​វិធានការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​បទល្មើស​កាប់​ឈើ​ប្រណិត ដែល​នៅ​តែ​បន្ត​កើត​មាន​ក្នុង​តំបន់​ព្រៃ​ការពារ​សហគមន៍។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ចុះ​ធ្វើ​ការងារ​នៅ​ភូមិ​ផាក់ណាម ឃុំ​កោះពាក្យ ស្រុក​វើនសៃ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា បាន​ប្រទះ​ឃើញ​ឈើ​ធ្នង់​រាប់​រយ​កំណាត់ ត្រូវ​បាន​ឈ្មួញ​ដឹក​ជញ្ជូន​ចេញ​ពី​ភូមិ​ផាក់ណាម ទម្លាក់​ចោល​នៅ​ភូមិ​ឃួន ក្នុង​ឃុំ​កោះពាក្យ ដោយសារ​ស្ពាន​ចាស់​ទ្រុឌទ្រោម។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ បាន​ថត​រូប​បង្ហោះ​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​បង្ហាញ​ឲ្យ​អាជ្ញាធរ​ឃើញ និង​ចាត់​វិធានការ​បង្ក្រាប។

គំនរ​ឈើ រតនគិរី ២០១៦ ៨៥៥
គំនរ​ឈើ​នៅ​ភូមិ​ឃួន ឃុំ​កោះពាក្យ ស្រុក​វើនសៃ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo ADHOC

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី បញ្ជាក់​ថា ភូមិ​ផាក់ណាម គឺ​ជា​ចំណុច​ក្តៅ​នៃ​បទល្មើស​ស្តុក​ឈើ​ប្រណិត ដែល​អ្នក​ភូមិ​ភាគ​ច្រើន​នាំ​គ្នា​ចូល​ព្រៃ​សហគមន៍​កាប់​ឈើ​ធ្វើ​មុខ​របរ​លក់​ឲ្យ​ឈ្មួញ ដែល​មាន​អ្នក​មាន​អំណាច​កាង​ការពារ។ លោក​កត់​សម្គាល់​ថា ថ្វីត្បិតតែ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ បាន​បើក​យុទ្ធនាការ​ក្តៅ​បង្ក្រាប​យ៉ាង​ណា​ក្តី ក៏​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​នេះ​នៅ​តែ​បន្ត​កាប់​ឈើ​លក់​ឲ្យ​ឈ្មួញ​ប្រមូល​ទិញ ដើម្បី​ដឹក​ជញ្ជូន​ឆ្លង​ព្រំដែន​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម៖ «ឈើ​លាក់​ទុក​នេះ​មាន​ការ​កាប់​ពី​ប្រជាពលរដ្ឋ​សហគមន៍​នៅ​តំបន់​នោះ កាប់​ឲ្យ​ឈ្មួញ​អ្នក​មាន​រថយន្ត​ទំនើប។ ឈ្មួញ​ដែល​មាន​រថយន្ត​ទំនើប​ចូល​មក​ដឹក​ជញ្ជូន​បន្ត​ទៅ​ប្រទេស​វៀតណាម»

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ដែល​បាន​ឃើញ​គំនរ​ឈើ​នៅ​ភូមិ​ផាក់ណាម កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា បញ្ជាក់​ថា រថយន្ត​ទេសចរណ៍​តូចៗ​ចំនួន​បី​បួន​គ្រឿង ត្រូវ​បាន​ឈ្មួញ​ប្រើប្រាស់​ដឹក​ជញ្ជូន​ឈើ​រាប់​រយ​កំណាត់​នោះ បន្ត​ពី​ភូមិ​ឃួន ចូល​មក​ក្រុង​បានលុង ខេត្ត​រតនគិរី ទាំង​យប់ បន្ទាប់​ពី​ព័ត៌មាន​នេះ​បែក​ធ្លាយ​ដល់​មន្ត្រី​ព្រៃ​ឈើ៖ «ឃើញ​តាម​ផ្លូវ​គេ​ជាប់​ផុង ខ្ញុំ​ថត​យក។ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ គេ​ចាក់​ចោល​លើ​ផ្លូវ ដោយសារ​ស្ពាន​អត់​មាន​ស្អី​ឆ្លង​ស្ពាន​បាក់។ នៅ​ចំណុច​ស្ពាន​ហ្នឹង​ជា​កន្លែង​ស្តុក​ឈើ​ច្រើន គេ​ថា​នៅ​កន្លែង​ហ្នឹង​ឡាន​ឡង់គ្រីស័រ (Land Cruiser) មក​ទទួល​ឈើ​ហ្នឹង​ច្រើន​ជាង​គេ»

សមាជិក​សហគមន៍​ភូមិ​ឃួន លោក កា ចឹង ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ពិត​ជា​អ្នក​ចូល​ព្រៃ​កាប់​ឈើ​ធ្វើ​ជា​មុខ​របរ​លក់​ទៅ​ឲ្យ​ឈ្មួញ ក៏ប៉ុន្តែ​លោក​ថា ឈើ​ដែល​អ្នក​ភូមិ​អារ​នោះ គឺ​ជា​ចំនៀរ​ឈើ​សេសសល់​ដែល​អ្នក​ភូមិ​ប្រមូល​បាន​ក្នុង​ព្រៃ​តែ​ប៉ុណ្ណោះ៖ «ឈើ​នេះ​គេ​ទិញ​ពី​ភូមិ​យើង​ហ្នឹង​ហើយ ឈើ​ចំនៀរ​តូចៗ​ណា សហគមន៍​គេ​រក​ពី​ក្នុង​ព្រៃ។ ដឹក​ពី​ក្នុង​ព្រៃ​មក គេ​ប្រមូល​ទិញ​ដឹក​ដាក់​ក្នុង​ឡាន»

អ្នក​យក​ព័ត៌មាន​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ផ្នែក​ព្រៃ​ឈើ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី ទទួល​បន្ទុក​ស្រុក​វើនសៃ លោក ជា កុលណារ៉ា សុំ​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ក៏ប៉ុន្តែ​រូបភាព​ដែល​ថត​បង្ហោះ​បង្ហាញ​ថា ឈើ​ដែល​អ្នក​ភូមិ​កាប់​នោះ​មិន​មែន​ជា​ចំនៀរ​ឈើ​នោះ​ទេ។

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក ខេត្ត​រតនគិរី បច្ចុប្បន្ន បទល្មើស​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​រយៈ​ក្រុមហ៊ុន​បាន​បញ្ចប់​ហើយ ក៏ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​ទេសចរណ៍​តូចៗ និង​ម៉ូតូ​ពី​បណ្ដា​ស្រុក​នានា​នៅ​ខេត្ត​រតនគិរី ទៅ​ប្រទេស​វៀតណាម នៅ​តែ​បន្ត​កើត​មាន​នៅ​តាម​ច្រក​របៀង​ស្រុក​អូរយ៉ាដាវ និង​ស្រុក​អណ្ដូងមាស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។