លិខិតមិត្តអ្នកអាន៖ តើបណ្ដោយឲ្យស្វាយមួយដើមងាប់ឬក៏កាប់មែកដង្កូវដួងចេញ?

ក្រោយមរណភាពលោកបណ្ឌិត កែម ឡី ក្រសែភ្នែកមនុស្សគ្រប់គ្នាសម្លឹងទៅលើបុគ្គលតែម្នាក់គត់។ បើសិនជាឃាតកនិងអ្នកពាក់ព័ន្ធមិនត្រូវបានវែកមុខទេ បុគ្គលម្នាក់នេះនឹងនៅតែជាគោលដៅនៃការសម្លឹងមើលរបស់មហាជនទូទៅ។

ខ្មែរមានពាក្យថា “ត្រីមួយកន្ត្រក ស្អុយមួយស្អុយទាំងអស់”។ ក្នុងករណីនេះ បើគេមិនប្រញាប់រើសត្រីស្អុយមួយចេញទេ គ្រោះថ្នាក់នឹងមានដល់ត្រីក្នុងកន្ត្រកទាំងមូល។ កសិករ ដែលមានជំនាញខាងកសិកម្ម គេនឹងកាប់មែកស្វាយដែលមានដង្កូវដួងមួយមែកពីរចោល ដើម្បីរក្សាដើមស្វាយទាំងមូល។

ត្រឡប់មករកករណីឃាតកម្មលើលោកបណ្ឌិតកែម ឡី វិញ បើគេមិនចាប់អ្នកពាក់ព័ន្ធមកទទួលខុសត្រូវតាមច្បាប់ទេ នោះវាមិនខុសពីបណ្ដោយឲ្យដង្កូវដួងស៊ីបំផ្លាញដើមស្វាយទាំងមូលឡើយ។ ដល់ពេលដែលរដ្ឋាភិបាលបញ្ចេញឯកសារពិតស្តីពីឃាតកម្ម និងជននៅពីក្រោយខ្នងហើយ ដើម្បីឲ្យរាស្រ្តបានអស់ចិត្តទាំងអស់គ្នា មកដល់ពេលនេះ ទាំងខ្ញុំទាំងគេ មិនអស់ចិត្តសោះ។

អាជ្ញាធរមិនបាច់អំពាវនាវឲ្យសាធារណជនមានទំនុកចិត្តមកលើខ្លួនទេ ប្រសិនបើសកម្មភាពការងារបង្ហាញពីតម្លាភាព សុក្រឹតភាព និងភាពត្រឹមត្រូវនោះ។ តែបើរៀបគម្រោងទម្លាក់កំហុសមកលើបក្សប្រឆាំង សង្គមស៊ីវិល ឬថាជារឿងទំនាស់ផ្ទាល់ខ្លួន ឬទំនាស់ក្នុងគ្រួសារលោក កែម ឡី គ្មានរាស្រ្តណាជឿទៀតទេ។ ករណីឃាតកម្មលើ ជា វិជ្ជា និង ឈុត វុទ្ធី ប្រជាពលរដ្ឋខ្មែរដឹងច្បាស់ក្រឡែតអស់ហើយ។ រដ្ឋាភិបាលកុំចង់បង្វែរសាច់រឿងដូចករណីពីរនោះអី។ វាមិនបានចំណេញអ្វីទេ ផ្ទុយទៅវិញ វានឹងធ្វើឲ្យកេរ្តិ៍ឈ្មោះ និងការជឿទុកចិត្តកាន់តែធ្លាក់ចុះថែមទៀតតែប៉ុណ្ណោះ។

បើការងារ ការប្រព្រឹត្តិរបស់ថ្នាក់ដឹកនាំជាង៣០ឆ្នាំមកនេះគ្មានការប្រែប្រួល ទោះបីអាណត្តិក្រោយបក្សកាន់អំណាចដណ្តើមបានអំណាចមកកាន់កាប់ទៀត ដូចជាតាមរយៈការបង្កើតបក្សនយោបាយរាប់រយ ការលួចសន្លឹកឆ្នោត ការបំភិតបំភ័យម្ចាស់ឆ្នោត ឬប្លន់យកជោគជ័យពីបក្សប្រឆាំងក៏ដោយ ក៏បក្សនេះមិនអាចដណ្តើមបេះដូងរាស្រ្តបានទៀតដែរ។

ឆ្នាំ១៩៩៣-២០០៨ បក្សកាន់អំណាចតតាំងតែជាមួយបក្សប្រឆាំងទេ តែចាប់ពីឆ្នាំ២០១៣ សត្រូវថ្មីរបស់បក្សកាន់អំណាច គឺប្រជារាស្រ្តខ្មែរ។ បើយកបេះដូងរាស្រ្តមិនបានទេ បានអំណាចមកកាន់ក៏មិនស្រួលខ្លួនដែរ។

ថាមុនពេលដង្ហែបុណ្យសពលោកបណ្ឌិត កែម ឡី គេដឹករថក្រោះចូលក្រុងដើម្បីបញ្ចៀសការបង្ហូរឈាមគ្នា តែពេលនេះសពចេញបាត់ហើយ នៅឡើយតែរថក្រោះមិនទាន់ទៅការពារព្រំដែនវិញទេ។ ហេតុអ្វី បានជាមានអាថ៌កំបាំងយ៉ាងនេះ?

ប្រភព៖ VOD


Related Posts