កូរ៉េខាងជើង ​ថា​ អាមេរិក​ ជា​អ្នក​ប្រកាស​សង្គ្រាម​មុន​

មន្ត្រីការទូតជាន់ខ្ពស់ កូរ៉េខាងជើង ទទួលបន្ទុកកិច្ចការ សហរដ្ឋអាមេរិក និយាយថា ទីក្រុង វ៉ាស៊ីនតោន បានគូសសញ្ញាខ្វែងជើងក្អែក ហើយបានប្រកាសសង្គ្រាមដោយស្វ័យប្រវត្ត បន្ទាប់ពីដាក់បញ្ចូលឈ្មោះលោក គីម ជុងអ៊ុន ទៅក្នុងបញ្ជីទណ្ឌកម្មប្រឆាំងបុគ្គល ។
កូរ៉េខាងជើង ​ថា​ អាមេរិក​ ជា​អ្នក​ប្រកាស​សង្គ្រាម​មុន​
លោក ហាន សុងយុល (Han Song Ryol) អគ្គនាយកផ្នែកកិច្ចការសហរដ្ឋអាមេរិក របស់ក្រសួងការបរទេស កូរ៉េខាងជើង បញ្ជាក់ថា ប្រសិនបើ អាមេរិក និង កូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធាតាមគម្រោងនៅខែក្រោយនេះ ប្រាកដជាមានឧបទ្ទវហេតុអាក្រក់កើតឡើងមិនខាន ព្រោះទណ្ឌកម្មរបស់ អាមេរិក បានដាក់ស្ថានភាពនៅឧបទ្វីបកូរ៉េ ឲ្យស្ថិតនៅលើដំណើរនៃសង្គ្រាមរួចទៅហើយ ។

កូរ៉េខាងជើង តែងឆ្លើយតបតាមរយៈពាក្យសម្ដីគ្រោតគ្រាត និងគំរាមប្រើប្រាស់អាវុធ ចំពោះសមយុទ្ធរបស់ អាមេរិក និង កូរ៉េខាងត្បូង ក្បែរតំបន់ហាមមិនឲ្យមានកងទ័ព ។ លោក ហាន និយាយថា កូរ៉េខាងជើង បានដឹងអំពីសារធាតុពិតនៃសមយុទ្ធយោធា ដែលបង្ហាញយ៉ាងច្បាស់នូវរបៀបដែលឃោរឃៅ ព្រោះវាជាការត្រៀមកងទ័ពសម្រាប់ឱកាសលុកលុយ កូរ៉េខាងជើង និងជាការហាត់សមវាយប្រហារផ្ដាច់ជីវិតមេដឹកនាំកំពូល កូរ៉េខាងជើង ។

លោក ហាន បន្ថែមថា ការបញ្ចូលឈ្មោះលោក គីម ជុងអ៊ុន ទៅក្នុងបញ្ជីទណ្ឌកម្ម គឺជាទង្វើបង្កជម្លោះចុងក្រោយបំផុត ។ “រដ្ឋបាលលោក អូបាម៉ា ធ្លាប់មានទម្លាប់មិនល្អយូរមកហើយ ក្នុងការបង្កហេតុទៅលើមេដឹកនាំ កូរ៉េខាងជើង ដើម្បីកុំខ្លួនឯងបាក់មុខបាក់មាត់ នៅពេលមានការប្រឈមផ្នែកនយោបាយ ឬ យោធា ជាមួយប្រទេស កូរ៉េខាងជើង” លោក ហាន និយាយដូច្នេះ មុនពេលបញ្ជាក់ថា ទីក្រុង វ៉ាស៊ីនតោន បានខ្វែងចោលនូវការជំទាស់របស់ទីក្រុង ព្យុងយ៉ាង ដូច្នេះ កូរ៉េខាងជើង ចាត់ទុកទង្វើអាក្រក់ ៣ លើកបន្តបន្ទាប់គ្នានេះ ថាជាការប្រកាសសង្គ្រាម ។
កូរ៉េខាងជើង ​ថា​ អាមេរិក​ ជា​អ្នក​ប្រកាស​សង្គ្រាម​មុន​
ជិតមួយសប្ដាហ៍ក្រោយពី អាមេរិក ដាក់បញ្ចូលឈ្មោះលោក គីម ជុងអ៊ុន ទៅក្នុងបញ្ជីទណ្ឌកម្ម ទីក្រុង  ព្យុងយ៉ាង បានកាត់ផ្ដាច់មធ្យោបាយទំនាក់ទំនងជាមួយទីក្រុង វ៉ាស៊ីនតោន ដែលគេស្គាល់ថា បណ្ដាញញីវយ៉ក ។ លោក ហាន និយាយថា កូរ៉េខាងជើង បញ្ជាក់ឲ្យឃើញច្បាស់ថា អ្វីៗរវាងប្រទេសទាំងពីរ ត្រូវបានដោះស្រាយតាមរយៈច្បាប់សឹកសង្គ្រាម ។

លោក គីម ជុងអ៊ុន គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ១០ នាក់ ដែលត្រូវបាន អាមេរិក បញ្ជូលក្នុងបញ្ជីឈ្មោះមនុស្សជាប់ទណ្ឌកម្ម ដោយសារការប្រព្រឹត្តរំលោភសិទ្ធិមនុស្ស តាមឯកសាររបស់ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដូចជា បណ្ដាញពន្ធនាគារនយោបាយ និងការប្រព្រឹត្តអាក្រក់ទៅលើអ្នកប្រឆាំងនយោបាយ ។ មន្ត្រីក្រសួងការបរទេស អាមេរិក អះអាងថា ទណ្ឌកម្មធ្វើឡើងក្នុងបំណងបង្ហាញពីការទទួលខុសត្រូវរបស់អ្នកដែលរំលោភបំពាន និងដាក់សម្ពាធទៅលើមន្ត្រីជាន់ខ្ពស់ ឲ្យពួកគេពិចារណា មុនពេលប្រព្រឹត្តអំពើអាក្រក់ ។

ប្រភព៖ kqube

  • កូរ៉េខាងជើង ​ថា​ អាមេរិក​ ជា​អ្នក​ប្រកាស​សង្គ្រាម​មុន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:កំសាន្ត
Tags: