គណៈកម្មការ​ទី​២​រដ្ឋសភា​រំពឹង​ថា​សហភាព​អឺរ៉ុប​នឹង​ផ្ដល់​ជំនួយ​ដល់​គណៈកម្មការ​របស់​ខ្លួន

សហភាព​អឺរ៉ុប បាន​ជួប​ប្រជុំ​ជាមួយ​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា ទទួល​បន្ទុក​ហិរញ្ញវត្ថុ ដើម្បី​ចង់​ដឹង​ពី​របៀប​ធ្វើ​ការងារ និង​ការ​ចាត់ចែង​ថវិកា​របស់​គណៈកម្មការ​ជំនាញ​មួយ​នេះ។ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម​ប្រជុំ​ដែរ​នោះ​រំពឹង​ថា សហភាព​អឺរ៉ុប នឹង​ផ្តល់​ជំនួយ​ដល់​គណៈកម្មការ​សភា​ដែល​ជា​ប្រយោជន៍​ចំពោះ​ការ​ចាត់ចែង និង​គ្រប់គ្រង​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ទោះ​ជា​ជំនួយ​ប្រភេទ​ណា​ក្តី។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ឃី វណ្ណដេត ថ្លែង​ប្រាប់​ក្រោយ​កិច្ច​ប្រជុំ​ថា ការ​ដែល​សហភាព​អឺរ៉ុប ស្វែង​យល់​ពី​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា គឺ​ជា​ការ​សិក្សា​ដើម្បី​ផ្តល់​ជំនួយ​រួម​មាន​ថវិកា និង​បច្ចេកទេស ព្រោះ​ជំនួប​នោះ សហភាព​អឺរ៉ុប សួរ​លម្អិត​របៀប​ធ្វើ​ការងារ តួនាទី សិទ្ធិ​អំណាច​នៃ​ការ​អនុម័ត​គម្រោង​ថវិកា និង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ថវិកា ជាដើម។ លើស​ពី​នេះ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ផ្ញើ​លិខិត​ផ្លូវ​ការ​ទៅ​សហភាព​អឺរ៉ុប ដើម្បី​គាំទ្រ​ការ​ផ្តល់​ជំនួយ​របស់​សហភាព​អឺរ៉ុប៖ «បញ្ហា​នេះ​ជា​បញ្ហា​សំខាន់​មែន​ទែន ព្រោះ​ការ​ថា​ការ​ធ្វើ​ច្បាប់​ថវិកា​ជាតិ​កន្លង​មក តែង​មាន​ភាព​ខ្វះ​ចន្លោះ ដែល​យើង​តែង​តែ​ផ្តល់​អនុសាសន៍​ច្រើន​ក្នុង​ការ​រៀបចំ​ថវិកា និង​ក្នុង​ការ​អនុវត្ត​ថវិកា​ក៏ដោយ»

ជំនួប​បិទ​ទ្វារ​រយៈពេល​ជាង ២​ម៉ោង​នៅ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា រវាង​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ដែល​មាន​តំណាង​រាស្ត្រ​ទាំង​ពីរ​គណបក្ស​ចូលរួម ក្រោយ​កិច្ច​ប្រជុំ តំណាង​សហភាព​អឺរ៉ុប មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​មក​កាន់​ក្រុម​អ្នក​កាសែត​ទេ។តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ឃី វណ្ណដេត ថ្លែង​ថា ក្នុង​ពេល​ប្រជុំ លោក ជាម យៀប ដែល​ជា​ប្រធាន​គណៈកម្មការ​ទី​២ និង​ជា​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច និយាយ​តែ​ម្នាក់​ឯង មិន​បាន​ទុក​ពេល​ឲ្យ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​និយាយ​ទេ។

ដោយឡែក​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ទទួល​បន្ទុក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច លោក ជាម យៀប ថ្លែង​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ភាគី​សហភាព​អឺរ៉ុប ចង់​ដឹង​ពី​រចនាសម្ព័ន្ធ​ការ​ទទួល​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ថវិកា​ជាតិ​នៃ​ឆ្នាំ​នីមួយៗ ដែល​គណៈកម្មការ​ទី​២ បាន​ទទួល និង​របៀប​ចាត់ចែង​របាយការណ៍​សវនកម្ម។ លោក​ឲ្យ​ដឹង​ថា ក្រៅ​ពី​ប្រាប់​ទៅ​ភាគី​សហភាព​អឺរ៉ុប វិញ លោក​ក៏​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប ជួយ​ទិញ​អង្ករ​កម្ពុជា ពង្រីក​ទីផ្សារ​សម្លៀកបំពាក់​របស់​កម្ពុជា នៅ​អឺរ៉ុប៖ «គេ​នឹង​ពាំនាំ​អ្វី​ដែល​ស្នើសុំ​ទៅ​សហភាព​អឺរ៉ុប ទាំងមូល​ជ្រាប ជាពិសេស​សំណូមពរ​ទាំង​បី​របស់​ខ្ញុំ»

សមាជិក​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ឃី វណ្ណដេត ដែល​ចូលរួម​ប្រជុំ​ដែរ​នោះ ឲ្យ​អាស៊ីសេរី ដឹង​ថា ប្រសិន​បើ​សហភាព​អឺរ៉ុប ផ្តល់​ជំនួយ​ដល់​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា គឺ​នឹង​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ចំ​គោលដៅ៖ «គេ​នឹង​ជួយ​ជំនួយ​បច្ចេកទេស ហើយ​បើ​យើង​ស្នើ ប៉ុន្តែ​ពី​ព្រឹក​មិញ​នេះ ឯកឧត្តម ជាម យៀប លោក​បាន​ឆ្លើយ​ថា នៅ​ក្នុង​គណៈកម្មការ​ទី​២ មាន​សមត្ថភាព​គ្រប់គ្រាន់ ប៉ុន្តែ​ខ្ញុំ​សុំ​បញ្ជាក់​ថា គោល​បំណង​សហភាព​អឺរ៉ុប មិន​មែន​ត្រឹម​តែ​ជួយ​គណៈកម្មការ​ទី​២ តែ​មួយ​ទេ គឺ​ជួយ​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ»

សភា​សហភាព​អឺរ៉ុប កាល​ពី​ខែ​មិថុនា បាន​ស្នើ​ឲ្យ​ទីភ្នាក់ងារ​បេសកកម្ម​ក្រៅ​ប្រទេស​សហភាព​អឺរ៉ុប ពិចារណា​ពី​ការ​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា ចំនួន ៤១០​លាន​អឺរ៉ូ ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០។ សភា​សហភាព​អឺរ៉ុប លើក​ឡើង​ថា ចំនួន​ជំនួយ​ផ្តល់​ឲ្យ​កម្ពុជា សហភាព​អឺរ៉ុប គួរ​ធ្វើ​ឡើង​អាស្រ័យ​លើ​ការ​វិវឌ្ឍន៍​ស្ថានការណ៍​នយោបាយ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ កន្លង​មក សហភាព​អឺរ៉ុប ក៏​បាន​សម្ដែង​ការ​បារម្ភ​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ខណៈ​ដែល​ថ្នាក់​ដឹកនាំ និង​មន្ត្រី​បក្ស​ប្រឆាំង ព្រម​ទាំង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ត្រូវ​បាន​បក្ស​កាន់​អំណាច​ធ្វើ​បាប និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។