លោក ប្រា​យុទ្ធ ប្រាប់​ប្រជាជន​ថៃ កុំ​ទោរទន់​តាម​អ្នកនយោបាយ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-28-2016, 8:19 pm         268

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ប្រា​យុទ្ធ ប្រាប់​ប្រជាជន​ថៃ កុំ​ទោរទន់​តាម​អ្នកនយោបាយ​​មិនយូរ​ទៀត​ទេ ការធ្វើប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​សរសេរ​ដោយ​ក្រុម​យោធា​ថៃ នឹង​មកដល់​ថ្ងៃទី​៧ ខែសីហា​ខាងមុខ​។ ក្នុង​រយៈពេល​នេះ មានមតិ​ជាច្រើន​ជុំវិញ​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​អ្នកនយោបាយ​ភាគច្រើន​អះអាងថា រដ្ឋធម្មនុញ្ញ​ដែល​ទើប​ព្រាង​ថ្មី មិនអាច​ដោះស្រាយ​បញ្ហា​បែងចែក​ក្នុងសង្គម​ថៃ​បានទេ ប៉ុន្តែ​មេដឹកនាំ​របប​យោធា​ថៃ បាន​ទទូច​ដល់​ប្រជាជន​ថៃ មិនត្រូវ​ដើរ​តាម​គំនិត​អ្នកនយោបាយ​ឡើយ​។

​នាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា Prayut Chan-o-cha បានទាមទារ​ឲ្យ​ប្រជាជន​ថៃ មិនត្រូវ​ជ្រុលខ្លួន​ទោរទន់​តាម​គំនិត​អ្នកនយោបាយ ជុំវិញ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​ថៃ ក៏បាន​ប្រាប់​ប្រជាជន​ថៃ ត្រូវ​សម្រេចចិត្ត​ខ្លួនឯង នៅពេល​ប្រជាមតិ​ខាងមុខនេះ ហើយ​លោក​គិតថា ជំហរ​ប្រឆាំងនឹង​សេចក្ដីព្រាង របស់​អាវ​ក្រហម និង​អាវ​លឿង មិនអាច​ប៉ះពាល់​ការសម្រេចចិត្ត​របស់​ប្រជាជន​ទេ​។

​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ថ្លែង​ដូចនេះ ជាការ​ឆ្លើយតប​នឹង​ការអធិប្បាយ​របស់​មេបក្ស​ប្រជាធិបតេយ្យ​លោក Abhisit Vejjajiva ដែល​មិន​យល់ស្រប​នឹង​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​។ នៅ​ថ្ងៃទី​២៧ ខែកក្កដា ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​រូបនេះ និយាយថា ខ្លួន​លោក​ផ្ទាល់ បដិសេធ​សេចក្ដីព្រាង​នេះ ប៉ុន្តែ​លោក​បញ្ជាក់ដែរថា នេះ​ជា​គំនិត​របស់លោក និង​មិនមែនជា​ការសម្រេច​រប​ស់​គណបក្ស​ទាំងមូល​ទេ​។

​ទាក់ទិន​នឹង​ប្រជាមតិ​វិញ នាយករដ្ឋមន្ត្រី​ថៃ ក៏​បញ្ជាក់​ច្បាស់​ដែរ​ថា លោក​នឹង​គោរព​តាម​លទ្ធផល​ប្រជាមតិ​ថ្ងៃទី​៧ ខែសីហា បើទោះជា​លទ្ធផល​យ៉ាងណាក៏ដោយ​។ លោក​និយាយថា ប្រជាជន​អាច​គិត និង​សម្រេចចិត្ត​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​ស្ដាប់​អ្នកណា​ទេ​។ មិនតែប៉ុណ្ណោះ របប​យោធា ក៏​នឹង​ទទួលយក​លទ្ធផល​ប្រជា​តិ ក៏ដូចជា​ការបន្ត​អនុវត្តតាម​ផែនទី​ចង្អុល​ផ្លូវ ដើម្បី​រៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៧​។

​កាសែត​បាងកក​ប៉ុស្តិ៍​ក៏​ផ្សាយ​ដែរ​ថា មេដឹកនាំ​របប​យោធា​ថៃ​រូបនេះ ក៏​ស្នើ​ឲ្យ​សាធារណជន​មាន​សមានចិត្ត​ចំពោះ​គណៈកម្មាធិការ​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ដែល​ដឹកនាំ​ដោយ​លោក Meechai Ruchupan និង​លោក Borwornsak Uwanno​។ លោក ប្រា​យុទ្ធ​អះអាងថា គណៈ​កម្ម​ធិ​ការព្រាង​រដ្ឋធម្មនុញ្ញ​ចំនួន​ពីរ បាន​រង​ការរិះគន់​យ៉ាងខ្លាំង បើទោះជា​ពួកគេ មានបំណង​ល្អ​ចំពោះ​ប្រទេសជាតិ​ក៏ដោយ​។ 

​ជាមួយគ្នា​នោះ ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Prawit Wongsuwon ក៏​ទាត់ចោល​ជំហរ​របស់លោក Abhisit លើ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ផងដែរ​។ លោក​ថ្លែងថា លោក​មិន​ខ្វល់​ថា​លោក Abhisit មាន​ជំហរ​បែបណា​នោះទេ​។ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ Abhisit បាន​និយាយថា សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី មិនបាន​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​នោះទេ រួមទាំង​ការអភិវឌ្ឍ​ជាតិ ជម្លោះ​នយោបាយ និង​អំពើពុករលួយ​៕