លោក ដូ​ណា​ល់ ត្រាំ ត្រូវគេ​ចោទថា​ក្បត់ជាតិ​ព្រោះ​ស្នើ​រុស្ស៊ី​ឲ្យ hack សារ​លោកស្រី​គ្លី​ន​តុ​ន ? និពន្ធដោយ : សៅ ផលនិស្ស័យ       July-28-2016, 8:59 pm         1374

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ដូ​ណា​ល់ ត្រាំ ត្រូវគេ​ចោទថា​ក្បត់ជាតិ​ព្រោះ​ស្នើ​រុស្ស៊ី​ឲ្យ hack សារ​លោកស្រី​គ្លី​ន​តុ​ន ?​ការស្នើ​ឲ្យ​រុស្ស៊ី​ឬ​ចិន Hack យកសារ​អេឡិចត្រូនិក​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន កំពុង​ធ្វើ​ឲ្យ​លោក​ដូ​ណា​ល់​ត្រាំ​ក្រពុលមុខ និង​ត្រូវគេ​តិះដៀល​ខ្លាំង​។ លោក​ការពារ​ពាក្យសម្តី​ខ្លួន ហើយ​ប្រកាសថា លោក​គ្រាន់តែ​ចង់​ឲ្យ​អ្នក​ដែលមាន​សារ​ដែល​លោកស្រី គ្លី​ន​តុ​ន លួច​លុបចោល​នោះ ផ្ទេរ​មក​ឲ្យ​ភ្នាក់ងារ FBI​។ តែ​បណ្តា​អ្នកប្រជាធិបតេយ្យ បាន​ព្រួត​គ្នា​ទិតៀន​ពាក្យសម្តី​លោក ដូ​ណា​ល់ ត្រាំ និង ចោទថា​វា​ជា​អំពើ «​ក្បត់ជាតិ​» ដែល​ស្នើ​ឲ្យ​បរទេស​លូកលាន់​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​បែបនេះ​។
នេះ​ក៏ដោយ​សារ​វា​ជា​បញ្ហា​សន្តិសុខ​ជាតិ​ផងដែរ​។ ក្រៅពី​ស្នើ​រុស្ស៊ី លោក​ដូ​ណា​ល់​ត្រាំ​ក៏បាន​ព្យាយាម​បកស្រាយ​ផងដែរ​ថា លោក​មិនមាន​ទំនាក់ទំនង​អ្វី​ជាមួយ​លោក ពូ​ទីន​ជា​លក្ខណៈ​បុគ្គល និង​គ្មាន​ជំនួញ​អ្វី​នៅ​រុស្ស៊ី​ដែរ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

១.​លោក ដូ​ណា​ល់​ត្រាំ ត្រូវគេ​ចោទថា​«​ក្បត់ជាតិ​»?
​សម្តី​របស់លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រដ្ឋ Florida ពាក់ព័ន្ធ​សារ​អេឡិចត្រូនិក​របស់លោក​ស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន បានក្លាយ​ជា​រឿង​ក្តៅក្រហាយ​និង​ធ្វើ​ឲ្យ​មានការ​ចោទប្រកាន់​លោក​ថា​កំពុង​ប្រព្រឹត្ត​អំពើ​«​ក្បត់ជាតិ​»​ផង​។ គេ​ចោទថា លោក ដូ​ណា​ល់ ត្រាំ កំពុង​ទាញ​ឲ្យ​បរទេស​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ជាពិសេស​ក្នុង​បញ្ហា​សន្តិសុខ​ជាតិ ដោយ​ជំរុញ​ឲ្យ​រុស្ស៊ី​លួច​ទាញ​យកសារ​អេឡិចត្រូនិក​របស់លោក​ស្រី​គ្លី​ន​តុ​ន​នោះ​។

​ក្រោយ​មានការ​ចោទប្រកាន់ថា​លោក ក្បត់ជាតិ និង​បើកទ្វារ​ឲ្យ​បរទេស​ចូល​លូកលាន់​កិច្ចការ​សន្តិសុខ​ផ្ទៃក្នុង​អាមេរិក​នោះ លោក ដូ​ណា​ល់​ត្រាំ បានចេញ​បង្ហោះ​ការបកស្រាយ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter​។  លោក ដូ​ណា​ល់​ត្រាំ ពន្យល់ថា លោក​មិនមែន​ជំរុញ​ឲ្យ​គេ​លួច​ទាញយក​សារ​ដែល​ត្រូវបាន​លុប​នោះឡើយ តែ​លោក​ត្រឹមតែ​អំពាវនាវ​ឲ្យ​រុស្ស៊ី​ឬ​មហាអំណាច​ណាមួយ​ដែលមាន​សារ​អេ​ឡិច​ត្រូ​និ​ច​ប្រហែល ៣​ម៉ឺន ដែល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន លួច​លុបចោល​ដោយ​ខុសច្បាប់​នោះ គួរ​ចែកចាយ​ជាមួយ​ភ្នាក់ងារ FBI ដើម្បី​សម្រួល​ដល់​ការស៊ើបអង្កេត​ប៉ុណ្ណោះ​។​

​យោងតាម​សារព័ត៌មាន Politico សមាជិក​បក្ស​សាធារណរដ្ឋ​មួយចំនួន​មិន​ហ៊ាន​រិះគន់​លោក ដូ​ណា​ល់ ត្រាំ ចំៗ​ទេ តែ​បាន​ត្រឹម​លួច​បង្ហើប​ថា ពួកគេ​មិនដឹងថា​លោក ដូ​ណា​ល់ ត្រាំ​កំពុង​ធ្វើ​អ្វី​ទេ​នៅពេលនេះ​។ ពួកគេ​ទើសទាល់​ចិត្តខ្លាំង ព្រោះ​ការលើកឡើង​បែប​ខាងលើនេះ មិនបាន​ទទួលផល​ចំណេញ​អ្វី តែត្រឹម​ធ្វើ​ឲ្យ​គេ​ចោទប្រកាន់​និង​បាត់​ប្រជាប្រិយភាព​ប៉ុណ្ណោះ​។​

២.​អ្នកប្រជាធិបតេយ្យ​បន្ត​ព្រួត​គ្នា​វាយប្រហារ ដូ​ណា​ល់ ត្រាំ​
​ដោយឡែក រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បណ្តា​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ  បាន​ព្រួត​គ្នា​វាយ​សំពោង​លោក ដូ​ណា​ល់​ត្រាំ ដោយ​ពាក្យសម្តី​ក្នុង​សមាជ​បក្ស​នៅ​រដ្ឋ Pennsylvania​ដើម​សប្តាហ៍​នេះ​។ ណាមួយ​គេ​ធ្វើបែបនេះ​ក៏​ដើម្បី​បង្រួបបង្រួម​បក្ស​ប្រជាធិបតេយ្យ​ផង ព្រោះ​រឿង​ទម្លាយ​សារ​អេឡិចត្រូនិក​របស់​គេហទំព័រ កំពុង​ធ្វើ​ឲ្យ​បក្ស​ប្រជាធិបតេយ្យ​ឈឺក្បាល និង​មិន​ទុកចិត្ត​គ្នា​ផង​។​

​ទោះ​មិន​ពេញចិត្ត​ចំពោះ​បញ្ហា​សារ​អេឡិចត្រូនិក​ក្តី លោក ប៊ែ​នី ចេញមុខ ស្នើ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ហើយ​ហៅ សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ ពេញៗ​មាត់ ថា​ជា អ្នកនយោបាយ​ប្រជា​ភិ​ថុ​តបោក​ប្រាស​រាស្ត្រ និង​ចូលចិត្ត​ប្រើប្រាស់​ការគំរាមកំហែង​។

​ចំណែក​ស្ត្រី​ទីមួយ ភរិយា​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចេញមុខ​គាំទ្រ​លោកស្រី គ្លី​ន​តុ​ន ហើយ​រិះគន់​លោក ដូ​ណា​ល់ ត្រាំ តែ​និយាយ​ដោយ​ប្រយោល​ប៉ុណ្ណោះ​។ ក្រៅពីនេះ​គេ​ឃើញ អនុ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ក៏បាន​ទិតៀន ដូ​ណា​ល់ ត្រាំ ខ្លាំង​ដែរ ដោយ​លោក Biden បរិយាយ​ថា បេក្ខជន​ដូ​ណា​ល់ ត្រាំ រូបនេះ​នឹង​បង្កើត​គ្រោះថ្នាក់​ធំ​បើសិនជា​លោក​ជាប់ឆ្នោត​។​

​យ៉ាងណាមិញ រឿង​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​មួយទៀត​នោះ​ក្រៅពី​សំណុំរឿង​ដូ​ណា​ល់​ត្រាំ ស្នើ​ឲ្យ​រុស្ស៊ី hack សារ​លោកស្រី គ្លី​ន​តុ​ន គឺ សេដ្ឋី​អចល​ទ្រព្យ​រូបនេះ​នៅតែ​បង្ហាញ​ជំហរ​វិជ្ជមាន​ក្នុង​ការកសាង​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​។  វា​ជា​ជំហរ​មួយ​ដែល​គ្រប់គ្នា​មិន​ធ្លាប់​ឃើញ​, វា​ខុសគ្នា​ដាច់​ពី​គោលនយោបាយ​ការបរទេស​របស់​រដ្ឋ​បាល​អាមេរិក​មុនៗ​។ អាច​និយាយថា គេ​កម្រ​ឃើញ​មាន​អ្នកនយោបាយ​អាមេរិក​ឯណា​ចង់​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី​ណាស់​។​

​ដូ​ណា​ល់​ត្រាំ​៖ ខ្ញុំ​មិនមាន​ទំនាក់ទំនង​អ្វី​ជាមួយ​លោក ពូ​ទីន​ទេ តែ​ខ្ញុំ​គោរព​លោក ពូ​ទីន
​លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជក់​ថា លោក​គោរព​លោក ពូ​ទីន ហើយ​លោក​ចាត់ទុក​ប្រមុខរដ្ឋ​រុស្ស៊ី​ម្នាក់នេះ​ជា​មេដឹកនាំ​ដែល​ខ្លាំង និង​មានអំណាច​បំផុត​មួយ ហើយ​ការដឹកនាំ​របស់លោក​ប្រសើរ​ជាង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ដាច់​។ លោក​ជឿជាក់ថា លោក ពូ​ទីន គោរព​លោក ដូច្នេះហើយ​លោក​ក៏​គោរព​លោក ពូ​ទីន វិញ​ដែរ​។

​រឿង​ដែល​គួរ​ឲ្យ​ចាប់​ភ្ញាក់ផ្អើល គឺ​លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា លោក​នឹង​ពិចារណា​ទទួលស្គាល់​ទឹកដី Crimea ជា​ផ្នែក​មួយ​របស់​រុស្ស៊ី ហើយនឹង​ដក​ទណ្ឌកម្ម​របស់​អាមេរិក​ដែល​ដាក់​ប្រឆាំង​រុស្ស៊ី​កន្លងមក ពេល​លោក​ក្លាយជា​ប្រធានាធិបតី​។ ហើយ​វា​ជា​វិធានការ​មួយ​មាន​ប្រសិទ្ធិភាព​ដែល​អាចជួយ​ស្តារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​បាន​។

​អ្នកចូលរួម​ស្តាប់​សុន្ទរកថា បាន​ព្យាយាម​ឈ្លេចសួរ​លោក ដូ​ណា​ល់​ត្រាំ​ផងដែរ ពាក់ព័ន្ធ​ទំនាក់ទំនង​របស់លោក​ដែលមាន​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ឬ​មាន​ជំនួញ​នៅ​រុស្ស៊ី​ឬ​អត់​។ លោក ដូ​ណា​ល់ ត្រាំ បាន​តប​វិញ និង​បញ្ជាក់ថា​លោក មិនដែល​ស្គាល់​ឬ​ធ្លាប់​ជួប​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ឡើយ ហើយ​លោក​ក៏​គ្មាន​ជំនួញ​អ្វី​នៅក្នុង​ប្រទេស​រុស្ស៊ី​ដែរ​។  តែ​លោក​បាន​បង្ហើប​ថា លោក​ធ្លាប់​ពាក់ព័ន្ធ​ជំនួញ​មួយ​ជាមួយ រុស្ស៊ី ព្រោះ​លោក​ធ្លាប់​លក់​ទីតាំង​កម្សាន្ត​មួយកន្លែង​ទៅ​ឲ្យ​មហាសេដ្ឋី​រុស្ស៊ី​ក្នុង​ឆ្នាំ ២០០៨ ។​

​ទោះ​មានការ​ព្យាយាម​បកស្រាយ​ក៏ដោយ បើតាម​អត្ថបទ​ចុះផ្សាយ​របស់​សារព័ត៌មាន Politico លោកពូ​ទីន ទំនង​ជាមាន​ទំនាក់ទំនង​ខ្លះៗ​ជាមួយ​ក្រុង​ម៉ូស្គូ​។ គេ​លើកយក​បញ្ហា​មួយចំនួន​ជា​សម្អាង​។ នោះ​គឺ ទីប្រឹក្សា​របស់លោក ដូ​ណា​ល់ ត្រាំ ជាច្រើន​នាក់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ ជាក់ស្តែង​ប្រធាន​ក្រុម​ឃោសនាបោះឆ្នោត​របស់​ដូ​ណា​ល់​ត្រាំ លោក Paul Manafort ធ្លាប់ជា​អ្នក​ប្រឹក្សា​យោបល់​នយោបាយ​របស់​អតីត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​និង​ជា​មនុស្ស​ដែល​ស្និទ្ធ​ជាមួយ​លោក ពូ​ទីន គឺ​លោក  Viktor Yanukovych ។ ចំណែក​ទីប្រឹក្សានយោបាយ​ការបរទេស​លោក ដូ​ណា​ល់ ត្រាំ លោក Carter Page បានធ្វើ​ការងារ​ជា​អ្នកផ្តល់​ប្រឹក្សា​និង​មាន​ដាក់ទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ថាមពល​របស់​រដ្ឋ Gazprom ថែម​ទៀតផង​។​