កម្ពុជា​-​វៀតណាម​នឹង​សង់​ផ្សារ​រួមគ្នា​តម្លៃ​ជាង​២​លាន​ដុល្លារ លើកដំបូង នៅ​ត្បូងឃ្មុំ​ និពន្ធដោយ : ថ្មីៗ       July-28-2016, 10:39 pm         564

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​-​វៀតណាម​នឹង​សង់​ផ្សារ​រួមគ្នា​តម្លៃ​ជាង​២​លាន​ដុល្លារ លើកដំបូង នៅ​ត្បូងឃ្មុំ​​ភ្នំពេញ​៖ រដ្ឋាភិបាល​វៀតណាម បាន​យល់ព្រម​ចំណាយ​ថវិកា​ជំនួយ​ជាង ៤៤,៧៦១ លាន​ដុង ស្មើនឹង​ប្រមាណ ២​លាន​ដុល្លារ​អាមេរិក បង្កើត​ផ្សារ​គំរូ​រួមគ្នា​នៅ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ថា​រី ត្បូងឃ្មុំ ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ភាគី​ទាំង​ពីរបាន​ចុះ​កិច្ចព្រមព្រៀង​បង្កើត​ផ្សារ​គំរូ​ជា​លើកដំបូង នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ ក្នុង​ក្រសួងពាណិជ្ជកម្ម​។​

​កិច្ចព្រមព្រៀង​បង្កើត​ផ្សារ​គំរូ​ជាប់​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស «​ថា​រី​ត្បូងឃ្មុំ​» ដែល​ស្ថិតក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​នេះ មាន​គោលបំណង​ជំរុញ​ការដោះដូរ​ទំនិញ​ពាណិជ្ជកម្ម​របស់​ប្រជាជន​ភាគី​ទាំងពីរ​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែង​ក្រោយ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ភាគី​វៀតណាម នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ​យ៉ាង​មុតមាំ​ថា លោក​ជឿជាក់ថា ការបង្កើត​ផ្សារ​គំរូ​នៅ​ព្រំដែន​នេះ នឹង​ជំរុញ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាន់តែខ្លាំង​ជាមុន​។​

​លោក​និយាយថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម បាន​កើនឡើង​ពី​ជាង ៣,២៩២ លាន​ដុល្លា​អាមេរិក នៅ​ឆ្នាំ​២០១៤ ទៅ ៣,៣៧០​លាន​ដុល្លា ក្នុង​ឆ្នាំ​២០១៥ ក្នុង​អត្រា ២.៣៦ ភាគរយ ។ លើសពីនេះ លោក​សង្ឃឹមថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ នឹង​បន្ត​កើនឡើង​បន្ថែមទៀត ក្នុង​ឆ្នាំ ២០១៦ ។​

​លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ភាគី​ទាំងពីរ មិនទាន់​អាច​បញ្ជាក់​ពី​កាលបរិច្ឆេទ​ជាក់លាក់​ក្នុង​ការសង់​ផ្សារ​រចនាប័ទ្ម​សំណង់​ខ្មែរលើ​ផ្ទៃដី​ទំហំ​ជាង ១​ហិកតា នៅឡើយ​ទេ​។ យ៉ាងណា លោក Nguyen Cam Tu អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​និយាយថា ផ្សារ​គំរូ​លើកដំបូង​ដែលមាន​ចំងាយ​ពី ព្រំដែន​កម្ពុជា​-​វៀតណាម​ជាង ១​គីឡូម៉ែត្រ​នេះ នឹងត្រូវ​បាន​សង់​ឡើង នៅ​ចុង​ឆ្នាំនេះ ឬ​ដើម​ឆ្នាំក្រោយ​៕