ប្រតិភូកម្ពុជា ចេញទៅប្រកួតអូឡាំពិក ទាំងមានទំនុកចិត្ត

គណៈប្រតិភូកីឡារបស់កម្ពុជា និងអត្តពលិកចំនួន៦នាក់ និងគ្រូបង្វឹក៤នាក់មកពីប្រភេទកីឡាតេក្វាន់ដូ ចំបាប់ ហែលទឹក និងអត្តពលកម្ម ព្រមទាំងថ្នាក់ដឹកនាំមានមន្ត្រីបច្ចេកទេស និងពេទ្យសរុបចំនួន១៩នាក់ បានធ្វើដំណើរចាកចេញពីមាតុប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ដើម្បីទៅចូលរួមការប្រកួតកីឡាអូឡាំពិក លើកទី៣១ នៅប្រទេសប្រេស៊ីល ហើយនឹងវិលមកវិញនៅថ្ងៃទី២៣ ខែសីហា។

mm3

បើទោះបីជាក្តីសង្ឃឹមក្នុងការដណ្តើមបានមេដាយជាប្រវត្តិសាស្រ្តពីការប្រកួតដ៏ធំ ក្នុងរយៈពេល៤ឆ្នាំម្តងនេះ វាហាក់នៅឆ្ងាយសម្រាប់ក្រុមកម្ពុជា ប៉ុន្តែទាំងអត្តពលិក គ្រូបង្វឹក ព្រមទាំងគណៈប្រតិភូកម្ពុជា សុទ្ធតែបង្ហាញនៅឆន្ទៈក្នុងការប្រកួត និងខិតខំបំពេញបេសសកម្មនេះ ដើម្បីមុខមាត់ប្រទេសជាតិ។
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានប្រតិភូដឹកនាំរបស់កម្ពុជា មានប្រសាសន៍ថា អស់រយៈជាង៦០ឆ្នាំមកហើយ ដែលយើងមិនធ្លាប់បានទទួលសិទ្ធិពេញលេញចូលប្រកួតកម្រិតអូឡាំពិកអន្តរជាតិទេ ប៉ុន្តែលើកនេះយើងទទួលបានសិទ្ធិទៅរួមការប្រកួតនេះយ៉ាងពេញលេញ ហេតុនេះវាមានសារៈសំខាន់ធេង និងជាប្រវត្តិសាស្ត្ររបស់កម្ពុជាតែម្តង។

mm2

ការលើកឡើងរបស់លោក ថោង ខុន គឺសំដៅទៅការទទួលបានសិទ្ធិទៅប្រកួតដោយពេញលេញរបស់កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលបានឈ្នះមេដាយមាសជាប្រវត្តិសាស្រ្ត នៅក្នុងការប្រកួតនៅប្រទេសហ្វីលីពីន កន្លងមកនេះ ខណៈអត្តពលិក៥នាក់ទៀតរួមមានកីឡាការិនីចំបាប់ ចូវ សុធារ៉ា កីឡាកររត់ម៉ារ៉ាតុង នីកូ ហ៊ីរ៉ូស៊ី កីឡាការិនីរត់ម៉ារ៉ាតុង លី ណារី កីឡាការិនីហែលទឹក ហែម ថុនវិទិនី និងកីឡាករហែលទឹក ពូ សុវិចា សុទ្ធតែទទួលបានសិទ្ធអនុគ្រោះសម្រាប់ចូលរួមការប្រកួតនេះដូចគ្នា។

mm1

យ៉ាងណាក៏ដោយ លោក ថោង ខុន ដែលជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផងនោះ បានអះអាងថា ការប្រកួតអូឡាំពិកកម្រិតពិភពលោកនេះ វាមិនងាយស្រួលក្នុងការដណ្តើមបានមេដាយនោះឡើយ ប៉ុន្តែយើងនៅតែមានសង្ឃឹមថា អាចទទួលបានជយលាភី។
លោក វ៉ាត់ ចំរើន នាយបេសកកម្ម សម្រាប់ការចេញទៅប្រកួតអូឡាំពិកនេះ បានថ្លែងថា សមាសភាពអត្តពលិក ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ជាជម្រើសរបស់គណៈកម្មការអន្តរជាតិ ដែលជ្រើសតាមកម្រិតបច្ចេកទេស កំណត់ត្រាតាមសហព័ន្ធកីឡាជាតិសហព័ន្ធអន្តរជាតិ គណៈកម្មការប្រកួត ដែលកំណត់ក្នុងលក្ឋខ័ណ្ឌបែបវិទ្យាសាស្រ្តទំនើប មិនមែនសាម៉ីប្រទេសស្នើសុំបានទេ ហេតុនេះការដណ្តើមមេដាយក្នុងកីឡាអូឡាំពិក វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំបំផុត។

មុននឹងចេញដំណើរទៅប្រកួតអូឡាំពិកនេះ ប្រតិភូកម្ពុជា បានទទួលការឧបត្ថម្ភជាថវិកាយ៉ាងសមរម្យ ពីលោកយករដ្ឋមន្រ្តី ហ៊ុន សែន, ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនឯងជនផងដែរ ខណៈពេលនេះទាំងរាជរដ្ឋាភិបាល និងក្រុមហ៊ុនជាដៃគូរបស់ NOCC សុទ្ធតែបានត្រៀមកញ្ចប់ថវិកាយ៉ាងច្រើន សម្រាប់ផ្តល់ជូនដល់អត្តពលិក ដែលដណ្តើមបានមេដាយពីការប្រកួតអូឡាំពិក ជាប្រវត្តិសាស្រ្តនេះ ត្រឡប់មកវិញ។

នៅក្នុងនោះខាងណាហ្គាវើល ដែលបានឧបត្ថម្ភដល់ការហ្វឹកហាត់របស់ ស៊ន សៀវម៉ី ចំនួន១ម៉ឺនដុល្លារ កន្លងមកនោះ បានបញ្ជាក់ពីចំនួនទឹកប្រាក់ច្បាស់ការ សម្រាប់ត្រៀមផ្តល់ជូនដល់អ្នកបានមេដាយត្រឡប់មកវិញហើយ គឺណាហ្គាវើល នឹងផ្តល់ជូនអ្នកបានមេដាយមាសចំនួន២ម៉ឺនដុល្លារ មេដាយប្រាក់នឹងបាន១២០០០ដុល្លារ និងអ្នកបានមេដាយប្រាក់ នឹងទទួលបាន៨ពាន់ដុល្លារ៕

The post ប្រតិភូកម្ពុជា ចេញទៅប្រកួតអូឡាំពិក ទាំងមានទំនុកចិត្ត appeared first on CamboSport.