សម័យ​ថ្មី​ថ្លើមធំ និង​ចូល​ចិត្ត​ប្រែ​ន​ៗ

ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់ទុកជា​ប្រទេស​ក្រីក្រ​នៅឡើយ​។ ប៉ុន្តែ​បើសិនជា​គេ​មើលទៅ​លើ​របស់​ប្រើប្រាស់​អ្នក​នៅ​ភ្នំពេញ​វិញ គេ​ពិបាក​នឹង​ជឿ​ថា កម្ពុជា​ក្រីក្រ ។

ដំបូង​យើង​អាច​ចាប់ផ្តើម​ឃើញ​នៅ​តាម​ដងផ្លូវ​មាន​ឡាន​ទំនើប​ៗ​។ ទាំង​មន្ត្រីរាជការ ទាំង​អង្គការ​ក្រៅ រដ្ឋាភិបាល ទាំង​អ្នក​រកស៊ី​ធំដុំ សុទ្ធតែ​មនុស្ស​ហ៊ឺហារ ហើយ​បើកឡាន​តម្លៃ​ដប់​ម្ភៃ​ម៉ឺ​ន​ដុល្លារ​លើ​ផ្លូវ​ដ៏​ហុយ​សំពោង និង​រលាក់​។

ចំណែក​អ្នកមាន​លុយ​បន្តិចបន្តួច​វិញ ក៏​មិន​អន់​ដែរ​។ ខ្លះ​មាន​លុយ​មិន​គ្រប់គ្រាន់​ផង ក៏​ខំប្រឹង​រក​ប្រែ​ន​ៗ (brand) នឹង​គេ​ដែរ ដោយ​ខំ​ខ្ចី​លុយ​ធនាគារ​ទិញ ដូច​ជា ម៉ូតូ​ឡូយ​ៗ ឬ​ទូរស័ព្ទ​ដៃ​ថ្លៃ​។

វា​មិន​ទាន់​អស់​ទេ​។ គេ​លេង​ប្រែ​ន​រហូត​ដល់​ការ​ពិនិត្យ និង​មើលជំងឺ​នៅ​ក្រៅប្រទេស​។ អ្នកខ្លះ​ហាក់ដូចជា​បាន​សប្បាយ និង​អួតអាង​ដែល​បាន​ទៅ​ពិនិត្យ​មើលជំងឺ​នៅ​ប្រទេស​ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ឬ​ក៏​វៀតណាម បើ​ទោះបីជា​គ្រាន់តែ​ការ​ពិនិត្យ​ជំងឺ​ដ៏​សាមញ្ញ ឬ​ក៏​មាន​ជំងឺ​ផ្តាសាយ​បន្តិចបន្តួច​។

គេ​អាច​និយាយ​ថា ប្រជាជន​ខ្មែរ​ភាគច្រើន គឺជា​អ្នក​ចាយ​លុយ​មិន​ថា អ្នកមាន ឬ​អ្នកក្រ​ទេ​។ អ្នក​រិះគន់​អាច​និយាយ​ថា អ្នកខ្លះ​រហូត​ដល់​ថ្លើម​ក្រៅ​អាវ ដោយ​ខ្ចី​លុយ​ធនាគារ​យក​មក​ហ៊ី​ហារ ហើយ​ក្រោយមក​វ័​ន្ត​ក​ក៏​មាន​ដែរ​។ មាន​លុយ​ហ៊ឺហារ​វា​មិន​អី​ទេ​។ ប៉ុន្តែ​បើសិនជា​ជា​អត់​លុយ​ហើយ​ថ្លើមធំ​ខ្ចី​លុយ​ធនាគារ ដើម្បី​ហ៊ឺហារ​នោះ វា​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។

ភាព​ងប់ងុល​នឹង​ភាព​ហឺ​ហារ​ចង់​ប្រើ​របស់​សុទ្ធតែ​ប្រែ​ន​ៗ​បាន​ធ្វើ​អោយ​មានការ​ចាយវាយ​ខ្វះ​ការ​ពិចារណា​។ និយាយ​អោយ​ចំ គឺ​ការ​ចាយវាយ​ដែល​ខ្ជះខ្ជាយ​។ ឧទាហរណ៍ បើសិនជា​ទិញ​ទូរស័ព្ទ​ដោយ​គ្រាន់តែ​សម្រាប់​និយាយ​នោះ គេ​មិន​គួរ​នឹង​ចំណាយ​លុយ​ដល់​ទៅ​ជិត​មួយ​ពាន់​ដុល្លារ ដើម្បី​ទិញ​ទូរស័ព្ទ​ទំនើប​ឡើយ​។

ដូច​គ្នា​នេះ បើសិនជា​ការ​ពិនិត្យ​ជំងឺ​ធម្មតា គេ​មិន​គួរ​នាំ​គ្នា​ជិះ​យន្តហោះ​ទៅ​ក្រៅប្រទេស ហើយ​ចំណាយ​លុយរាប់​ពាន់​ដុល្លារ គ្រាន់តែ​អោយ​គ្រូពេទ្យ​សួរនាំ​បន្តិចបន្តួច និង​ពិនិត្យ​ឈាម​ឡើយ​។ គេ​គួរតែ​នាំ​គ្នា​ពិនិត្យ​ជំងឺ​នៅ​ក្នុង​ប្រទេស ដោយ​ចំណេញ​ទាំង​ថវិកា និង​ពេលវេលា​៕