គន្លឹះថែរក្សាអ្នកម្តាយជាទីស្រឡាញ់ ដែលកូនគ្រប់គ្នា ត្រូវតែអនុវត្ត ចាប់ពីពេលនេះតទៅ!

អ្នកម្តាយបានចំណាយពេលស្ទើរតែមួយជីវិត ដើម្បីថែទាំកូនជាទីស្រឡាញ់របស់ខ្លួន មិនថាត្រូវជួបប្រទះ រឿងលំបាកលំបិនទុក្ខសោកវេទនាយ៉ាងណាក្តី ក៏ម្តាយមិនដែល បោះបង់ចោលកូនខ្លួនឯងនោះដែរ។ សួរថានៅក្នុងលោកយើងនេះមានមនុស្សប៉ុន្មាន នាក់ ដែលសុខចិត្តលះបង់សេចក្តីសុខផ្ទាល់ខ្លួនចោល ដើម្បីមកថែរក្សាឳពុកម្តាយដល់ថ្ងៃ ដង្ហើមចុងក្រោយរបស់ពួកគាត់? ចម្លើយនោះគឺគ្មានទេ...! ដែលមានភាគច្រើននោះគឺ ឱ្យតែដល់អាយុមានគូស្រករម្នាក់ៗ នាំគ្នារៀបការចាកចេញទៅរស់នៅខាងក្រៅអស់ រលីងជាមួយអ្នកណាក៏មិនដឹង បងប្អូនក៏មិនមែន សាច់ញាតិក៏មិនមែន ប៉ុន្តែជាអ្នក ដទៃសុទ្ធសាធ ទាំងដែលខ្លួនឯងមានចំណេះ មានជំនាញ មានការងារ មានមាស ប្រាក់សមល្មមអាចចិញ្ចឹមឪពុកម្តាយខ្លួន ឱ្យរស់នៅក្នុងភាពសុខក្សេមក្សាន្តក្នុងដំណើរជីវិតចុងក្រោយ របស់លោកទាំងពីរបានយ៉ាងប្រសើរ។

សរុបមនុស្សយើងពិតជាអាត្មានិយមមែន សុខចិត្តចំណាយកម្លាំងញើសឈាមពាក់ កណ្តាលជីវិត ទៅរកស៊ីចិញ្ចឹមមនុស្សម្នាក់ ដែលមិនបានចិញ្ចឹមខ្លួនឱ្យរីកធំធាត់បន្តិច សោះ ហើយបែរជាផ្តល់ផលប្រយោជន៍តិចតួចបំផុត ឬស្ទើរតែគ្មានសោះសម្រាប់ តបស្នងសងគុណអ្នកដែលបានបីបាច់ខ្លួន មករហូតដល់ទៅ ២០ ឬ៣០ឆ្នាំ... តែឱ្យធ្វើយ៉ាងណា បើនេះជាច្បាប់ធម្មជាតិ ដែលគ្មានថ្ងៃអាចកែប្រែបាន។ មានតែគន្លឹះខ្លះៗ ដើម្បីថែទាំអ្នកម្តាយ ឱ្យមានសុខភាពល្អ ពេលដែលគាត់នៅមានជីវិតរស់នៅ ជាមួយយើងតែប៉ុណ្ណោះ៖

១.ធ្វើខ្លួនជាមនុស្សល្អឱ្យឪពុកម្តាយមានមោទនភាព៖ ពេលដែលកូននៅក្មេងម្តាយ តែងបានបង្រៀនកូនឱ្យក្លាយជាក្មេងល្អ ស្លូតត្រង់ ស្ដាប់បង្គាប់ចាស់ទុំ មិនលួច ឬបន្លំនរណាម្នាក់ឡើយ។ គ្មានអ្វីដែលត្រូវឪពុកម្តាយ មានមោទនភាពជាងការមើលឃើញកូនមានអាជីពសមរម្យ មានសុភមង្គល និងភាពរុងរឿងនោះទេ។ គ្រាន់តែ ប៉ុណ្ណេះអ្នកក៏អាចធ្វើឱ្យម្តាយរបស់អ្នក ស្លាប់ទៅបិទភ្នែកជិតហើយ។ តែបើត្រឹមរឿង តូចតាចនេះក៏ធ្វើមិនបានដែរ មានន័យថាអ្នកជាមនុស្សចោលម្សៀតបំផុតក្នុងលោក។

២.ចិញ្ចឹមមើលថែរក្សា៖ ព្រះពុទ្ធបានបង្រៀនថា នៅពេលដែលយើងមានមាស១ដុំ ត្រូវបែងចែកជាបីផ្នែកគឺ ទី១៖២៥% ត្រូវផ្តល់ទៅឱ្យឪពុកម្តាយ និងក្រុមគ្រួសារ។ ទី២៖ ៥០% សម្រាប់ការបណ្តាក់ទុន និងទី៣៖ ២៥% ទៀតត្រូវទុកថែទាំខ្លួនឯង។ ដូច្នេះចំណែកដំបូងនៃមាស ឬប្រាក់ដែលយើងរកបានត្រូវផ្តល់ទៅឱ្យឪពុកម្តាយ ជាមុនសិន ទើបជីវិតទទួលបានជោគជ័យសិរីសួស្តីទៅថ្ងៃអនាគត។

៣.និយាយជាមួយម្តាយដោយសម្តីពិរោះ៖ ពាក្យសម្តីពិតជាសំខាន់ណាស់សម្រាប់ ការរក្សាទំនាក់ទំនង។ កុំរវល់តែរឿងកាងាររកលុយកាក់ខ្លាំងពេក គួរតែបង្កើត បរិយាកាសរីករាយជាមួយម្តាយឱ្យបានច្រើន ដោយនាំគាត់និយាយរឿងកំប្លែងៗ ឧទានពាក្យពិរោះៗគួរឱ្យចង់ស្តាប់ ទន់ភ្លន់ប្រកបដោយការយកចិត្តទុកដាក់ ឬញញឹម លេងសើចជាមួយគាត់ជារឿយៗនោះ ម្តាយនឹងសប្បាយចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។

៤.នាំគាត់ដើរកម្សាន្ត៖ សុខភាពរាងកាយល្អប្រសើរ តែផ្លូវចិត្តស្មុគស្មាញក៏មិនមែនជា រឿងល្អដែរ។ អ្នកគួរឧស្សាហ៍នាំម្តាយទៅដើរកម្សាន្ត តាមរម្មណីយដ្ឋាននានាដើម្បី ធ្វើឱ្យគាត់ មានភាពស្រស់ស្រាយនៅក្នុងចិត្ត បង្កើនអាយុ កាត់បន្ថយភាពចាស់ជរា និងរស់នៅបានយូរជាច្រើនឆ្នាំបន្ថែមទៀត។

៥.នាំគាត់ទៅវត្ត៖ នៅទីបំផុតនៃកាតព្វកិច្ចរបស់កូនកត្តញ្ញូ គឺការនាំបុព្វការីជនទៅកាន់ ផ្លូវធម៌ អ្នកក៏អាចបបួលគាត់ ទៅដាក់បាត្រ ស្តាប់លោកទេសនា ធ្វើបុណ្យរួមគ្នា យ៉ាងហោចណាស់ក៏បាន ១-២ដងក្នុងមួយឆ្នាំដែរ។

សូមចង់ចាំជានិច្ចថា មានថ្ងៃខ្លះអ្នកអាចភ្លេចម្ដាយ តែម្តាយអ្នកនឹងគ្មានពេលភ្លេច គិតពីអ្នកបានឡើយ សូម្បីតែមួយថ្ងៃ។ ដូច្នេះកូនៗទាំងឡាយ ចូរថែរក្សាអ្នកម្តាយ ជាទីស្រឡាញ់ចាប់ពីពេលនេះតទៅទាំងអស់គ្នាណា៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គន្លឹះថែរក្សាអ្នកម្តាយជាទីស្រឡាញ់ ដែលកូនគ្រប់គ្នា ត្រូវតែអនុវត្ត ចាប់ពីពេលនេះតទៅ!