ចិនចាប់ផ្តើមចូលក្នុងល្បែងហ្គេមប្រជែងអំណាចដ៏គ្រោះថ្នាក់



តាមសារព័ត៌មាន The Atlantic របស់ អាមេរិកបានផ្សាយថា ការដែលចិនពង្រីកអំណាចនៅសមុទ្រចិនខាងត្បូងត្រូវបាន ព្យាករជាយូរណាស់មកហើយ។ ក្រុមអ្នក វិភាគបញ្ជាក់ថា សង្គ្រាមត្រជាក់ថ្មីក្នុងនោះមានការលេចធ្លោរបស់ចិនកំពុងតែជំរុញអាមេរិកឲ្យចាកចេញពីសមុទ្របាស៊ីហ្វីកគឺជារឿងមិនអាចបញ្ចៀសបាន។
ចិនចាប់ផ្តើមចូលក្នុងល្បែងហ្គេមប្រជែងអំណាចដ៏គ្រោះថ្នាក់
នៅក្នុងកំពង់ផែដែលតែងតែស្ងប់ស្ងាត់នៅឆ្នេរសមុទ្រ Palawan ជាប្រជុំកោះស្ថិតនៅតំបន់ភាគខាងលិចហ្វុីលីពីនមាននាវាចេញចូលជាច្រើន។ នៅចម្ងាយពីឆ្នេរសមុទ្រ នេះប្រមាណ៣០គឺឡូម៉ែត្រគឺជាកន្លែង ប្រជែងគ្នាប្រកបដោយគ្រោះថ្នាក់ដែលចាប់ ផ្តើមឡើងដោយប្រទេសចិនបានគូសផែនទីថ្មីរបស់ខ្លួនគ្រប់គ្រងទៅលើតំបន់ជាច្រើន នៅទីនោះ។ ក្នុងនោះមានគំនូសបន្ទាត់៩ កំណាត់ដែលតុលាការអន្តរជាតិបានច្រានចោលមិនទទួលស្គាល់កន្លងមក។ បន្ទាត់ផ្លូវដែលចិនបានកំណត់គឺគ្រប់ដណ្តប់លើផ្លូវសេដ្ឋកិច្ចពិភពលោករហូតដល់ទៅ៤០ភាគរយ។

សារព័ត៌មាន Atlantic បានវាយតម្លៃថា ការដែលចិនពង្រីកអំណាចនិងវាតទីគ្រប់គ្រងសមុទ្រចិនភាគខាងត្បូងនោះដោយសារតែទីនោះគឺជាកន្លែងដែលសម្បូរទៅដោយធនធានធម្មជាតិរ៉ែគ្រប់ប្រភេទនៅបាតសមុទ្រ ដែលប្រទេសតូចៗក្នុងតំបន់ មិនទាន់មានសមត្ថភាពខួងយក។ មួយវិញ ទៀតការដែលចិនគ្រប់គ្រងបានតំបន់សមុទ្រ ខាងលើគឺជាទីលានមួយដ៏រឹងមាំសម្រាប់ ទប់ស្កាត់អាមេរិកមិនឲ្យចូលមកទីនេះបាន។

អាវុធគ្រប់ប្រភេទដែលចិនបានបង្ហាញជាសាធារណៈនាពេលកន្លងមកគឺជាអាវុធការពាររយៈចម្ងាយមធ្យមអាចវាយប្រហារទៅលើគោលដៅនៅចម្ងាយ១.៥០០គីឡូម៉ែត្រ ពេលនេះបានដាក់ពង្រាយគំរាម កំហែងដល់អាមេរិកឲ្យដកខ្លួនចេញពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង។

ជាមួយគ្នានេះក្រុមអ្នកឯកទេសចិនបាន បញ្ជាក់ថា កម្លាំងទាហានចិនបានត្រៀម លក្ខណៈរួចជាស្រេចនៅក្នុងការធ្វើសង្គ្រាម ជាមួយអាមេរិកក្នុងពេលដែលអាមេរិកលូក ដៃកាន់តែជ្រៅចូលក្នុងវិវាទធ្វើឲ្យចិនបាត់បង់ផលប្រយោជន៍ជាច្រើន។
ចិនចាប់ផ្តើមចូលក្នុងល្បែងហ្គេមប្រជែងអំណាចដ៏គ្រោះថ្នាក់
ទូរទស្សន៍ CCTV បានផ្សព្វផ្សាយពីកាំជ្រួចមីស៊ីលប្រភេទ DF-16 ដែលអាចបាញ់ បានចម្ងាយរហូតដល់ទៅ១ម៉ឺនគីឡូម៉ែត្រ អាចវាយប្រហារទៅលើទីតាំងនានារបស់ អាមេរិក។ មីស៊ីលខាងលើក៏បានបំពាក់ ក្បាលគ្រាប់បរមាណូផងដែរ។

ក្រៅពីនេះចិនបានបង្ហាញមីស៊ីល DF -21 ដែលមានរហស្សនាមថា «អ្នកពិឃាត នាវាផ្ទុកយន្តហោះ» សម្រាប់វាយប្រហារទៅលើនាវាផ្ទុកយន្តហោះអាមេរិកដែល កំពុងតែឈរជើងនោះ។

កន្លងមកចិនបានព្រមានដល់អាមេរិក ថា រាល់នាវារបស់អាមេរិកនៅសមុទ្រចិនភាគខាងត្បូងនឹងមិនមានផ្លូវវិលត្រឡប់ ថយក្រោយវិញឡើយប្រសិនបើផ្ទុះសង្គ្រាម នៅទីនេះ។

កន្លងមកអាមេរិកពិបាកក្នុងការជ្រៀតជ្រែកចូលក្នុងវិវាទរវាងចិននឹងប្រទេសនៅក្នុងតំបន់ ប៉ុន្តែពេលនេះអាមេរិកមានហេតុផលគ្រប់គាន់ដើម្បីដាក់គំនាបទៅលើចិនដោយពឹងផ្អែកទៅលើច្បាប់តុលាការដែលបានចេញ។

ទាំងនោះហើយបើទោះបីពេលនេះចិនបានច្រានចោលសេចក្តីសម្រេចរបស់តុលា ការអាជ្ញាកណ្តាល ដោយចិននៅតែបន្ត សកម្មភាពនៅសមុទ្រចិនខាងត្បូងដដែល។ មិនត្រឹមតែប៉ុណ្ណោះចិនក៏បានស្នើដល់ប្រទេសជិតខាងមិនត្រូវលូកដៃចូល ក្នុងវិវាទទាំងនោះឡើយ។ ការដែលចិន មានសកម្មភាពបែបនេះដោយសារតែចិនមានកម្លាំងទាហាននិងអាវុធទំនើបៗជាច្រើនដើម្បីពង្រឹងអំណាចនៅក្នុងតំបន់។

រយៈពេលជាង៣ទសវត្សរ៍កន្លងមក ចិនបានខិតខំពង្រឹងទាំងវិស័យសេដ្ឋកិច្ច និងយោធា ហើយបាន «លាក់ខ្លួនរង់ចាំ ឱកាស» ពេលនេះចិនបានបង្ហាញពីកម្លាំងនយោបាយយោធារបស់ខ្លួននៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។ ប៉ុន្មាន ឆ្នាំចុងក្រោយនេះចិនបានពង្រីកឥទ្ធិពល របស់ខ្លួននៅទ្វីបអាហ្វ្រិកដោយផ្ដល់ជំនួយជាច្រើននៅទីនោះ។ លើសពីនេះទៅទៀត មេដឹកនាំចិនតាំងពីប្រធានាធិបតី ហូ៊ជីន តាវ រហូតដល់ប្រធានាធិបតី ស៊ី ជីនពីង ក៏បានបំពេញទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិក ក្នុងគោលដៅពង្រឹងទំនាក់ទំនងចិន-អា ហ្វ្រិកឱ្យកាន់តែមានភាពល្អប្រសើរឡើងដែរ។

នៅក្នុងតំបន់អាស៊ីវិញចិនបានពង្រីក អំណាចបញ្ចេញកម្លាំងយោធាគំរាមកំហែង ដល់ប្រទេសជិតខាង ពិសេសការប្រកាស គ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូង រហូតដល់ទៅ៩០ភាគរយគ្របដណ្ដប់លើ ដែនអធិបតេយ្យប្រទេសជាច្រើនបង្កឱ្យមាន ជម្លោះកាន់តែតានតឹងខ្លាំងឡើងស្ទើរតែផ្ទុះសង្គ្រាម។ តំបន់សមុទ្រចិនភាគខាងត្បូងជាទីតាំងផ្ទុកទៅដោយប្រេងធម្មជាតិរាប់ពាន់លានធុងនិងប្រជុំកោះជាច្រើនគ្មាន មនុស្សរស់នៅជាហេតុធ្វើឱ្យចិនមិនអាចនៅស្ងៀមទៀតបានឡើយ។ ដោយខ្លាច បាត់បង់តំបន់នោះចិនក៏បានប្រើប្រាស់ កម្លាំងយោធាដើម្បីទៅគ្រប់គ្រងទីតាំង ទាំងនោះតែម្តង។

កាលពីពេលកន្លងទៅថ្មីៗនេះទីប្រឹក្សា សន្ដិសុខជាតិអាមេរិកលោកស្រី ស៊ូសាន់ រ៉ាយ បានព្រមានថា ចិននឹងត្រូវនៅឯកោដោយសារតែបង្កជម្លោះជំរុញឱ្យមានភាពតានតឹងជាមួយវៀតណាមនៅដែនសមុទ្រចិនភាគខាងត្បូង ពិសេសក្រោយពេល ដែលចិនបញ្ជូនស្ថានីយរុករកប្រេងចូល ទៅក្នុងអធិបតេយ្យដែនសមុទ្ររបស់វៀត ណាម។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងបុកនាវាវៀតណាមឱ្យខូចខាតយ៉ាងដំណំ ទៀតផង។

មានប្រសាសន៍នៅក្នុងព្រឹត្ដិការណ៍ មួយក្នុងទីក្រុងវ៉ាស៊ីនតោនលោកស្រី ស៊ូ សាន់រ៉ាយ បញ្ជាក់ថា ចិនកំពុងតែនៅឯកោ បន្ដិចម្ដងៗពីសហគមន៍អន្ដរជាតិ។ លោក ស្រីបន្ដទៀតថា ប្រទេសដែលចង់ឱ្យមាន ទំនាក់ទំនងល្អជាមួយចិនពេលនេះមាន អារម្មណ៍ពិបាកទ្រាំ ហើយកំពុងព្យាយាម គេចវេះពីចិនដោយសារតែសកម្មភាព របស់ចិនបង្កឱ្យមានភាពតានតឹង និងមាន ជម្លោះជាមួយប្រទេសជិតខាង។

លោកស្រី ស៊ូសាន់ រ៉ាយ ជឿជាក់ថា អា មេរិកបានបង្ហាញពីគោលជំហរយ៉ាងច្បាស់ ថា សកម្មភាពគំរាមកំហែងរបស់ចិននឹងធ្វើឱ្យវិវាទកាន់តែស្មុគស្មាញហើយការខិត ខំស្វែងរកដំណោះស្រាយតាមរយៈកិច្ចការបរទេសគ្មានប្រសិទ្ធភាពនោះទេ។ លោកស្រីបានជំរុញឱ្យចិនដោះស្រាយវិវាទដោយ ពឹងផ្អែកលើមូលដ្ឋានគ្រឹះច្បាប់អន្ដរជាតិ។ លោកបន្ដទៀតថា ប្រសិនបើចិនចង់ឱ្យ សហគមន៍អន្ដរជាតិទទួលស្វាគមន៍ទទួលស្គាល់ជាប្រទេសមហាអំណាចក្នុងតំបន់ និងនៅលើពិភពលោកចិនមិនត្រូវមាន សកម្មភាពឈ្លានពាននោះឡើយ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ចិនចាប់ផ្តើមចូលក្នុងល្បែងហ្គេមប្រជែងអំណាចដ៏គ្រោះថ្នាក់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: