ឪពុកបាត់កូនយូរ មករកដល់ផ្ទះ ពេលជួប​និយាយ​លែង​ចេញ​

រាជ​ធានី​​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ បន្ទាប់​ក្រុម​សាច់ញាតិ​នាំ​គ្នា​មក​គាស់​ទ្វារផ្ទះ​ជួល​​មួយ​កន្លែង ស្រាប់តែ​ភ្ញាក់​ព្រើត​ប្រទះ​​​ឃើញ​សាកសព​ហើម​​​រលួយ និង​មាន​ក្លិនស្អុយ​អា​សោច​ខ្លាំង ដែល​បាន​ចង​.​ក​សម្លាប់​ខ្លួន​មិនដឹង​តាំងពី​ពេល​ណា​នោះ​ទេ ​​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​ជាន់​ទី​២ ផ្លូវ​លេខ​៧០ ក្នុង​សង្កាត់​ទួល​សង្កែ ។

ប្រភព​ឱ្យ​ដឹង​ថា សាកសព​ជន​រង​គ្រោះ​​ឈ្មោះ​ស៊ុន សុ​មនោ អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក​ធនាគារ​មួយ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ខាង​លើ ។

ប្រភព​ពី​ឪពុក​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ដោយសារ​តែ​បាត់​កូន​ប្រុសដែល​មក​ជួប​៣​ថ្ងៃ​ហើយ​មិនដឹង​ទៅ​ណា ទើប​នាំ​គ្នា​មក​រក​ដល់​ផ្ទះ​​ជួល​នេះ ក៏​ឃើញ​ចាក់សោ​ទ្វារ​ទៀត ។ ដោយ​ឆ្ងល់ពេក ក៏​នាំ​គ្នា​កាត់​សោ​ចូល​ទៅ​មើល ទើប​ប្រទះ​ឃើញ​កូនប្រុស​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ដោយ​គាត់​ជា​ឪពុក ​មិនដឹង​ពី​មូលហេតុ​នោះ​ទេ ។

តែបើ​តាម​ប្រភព​ពី​អ្នក​ជិត​ខាង​​ថា គេ​តែងតែ​ឃើញ​ជន​រង​គ្រោះ​ដើរទៅ​លេងល្បែង​​អ៊ី​ន​ធើ​រ​ណេ​​ត​មួយកន្លែង​ ។ ហើយ​ពេល​ថ្មី​ៗ​នេះ មិន​ដែល​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទៀត​ ដោយ​មិនដឹង​ថា ម៉ូតូ​នៅឯណាទេ កត្តា​នេះ​ហើយ​ត្រូវ​គេ​សង្ស័យ​ថា អាច​ជន​រង​គ្រោះ​លង់​នឹង​ល្បែងស៊ីសង ​ដោះស្រាយ​មិន​ចេញ ទើប​បញ្ចប់ជីវិត​បែប​នេះ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ច​កំពុង​ធ្វើការស្រាវជ្រាវ​ ។