អគ្គលេខាធិការអ.ស.បព្រមានទួរគីថា៖បើចាប់គេត្រូវបង្ហាញភស្ដុតាងផង!

យោងតាម​ការចុះផ្សាយមួយដោយសារពត៌មាន​ The Press TV​ ដែលបានដកស្រង់អនុសាសន៍របស់លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ​ តាមរយៈសេចក្ដីរាយការណ៍ដោយអ្នកនាំពាក្យផ្ទាល់របស់លោកគឺលោក ​Farhan Haq ​កាលពីថ្ងៃពុធ ដែលបានព្រមានទៅកាន់រដ្ឋាភិបាលទួគី ​តាមរយៈការសន្ទនាតាមទូរសព្ទ័ជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសនេះថា៖ ​បើចាប់គេក៏ចាប់ចុះ ​ប៉ុន្តែសូមចាប់ដោយមានភស្ដុតាងត្រឹមត្រូវ និងរឹងមាំផង ​ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបទៅលើក្រុមមនុស្សដែលរដ្ឋអំណាចទួរគីបានចោទថា​ គឺជាក្រុមប៉ុនប៉ងធ្វើរដ្ឋ​ប្រហារផ្ដួលរំលំរដ្ឋាភិបាល ។​
បើយោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្រ្តីក្រសួងការបរទេសទួរគីបានបង្ហាញថា ​មានមនុស្សយ៉ាងហោចណាស់ជាង១ម៉ឺន៥ពាន់នាក់កំពុងត្រូវបានឃុំខ្លួន​ ដែលក្នុងនោះមានទាហានចំនួន១ម៉ឺននាក់ ​និងអ្នកសារពត៌មានចំនួន៥០នាក់ក្រោយពីបរាជ័យក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ​នេះបើយោង​តាមការចោទប្រកាន់របស់រដ្ឋាភិបាលទួរគី ។​
ដោយក្ដីបារម្ភចំពោះជនជាប់ឃុំរាប់ម៉ឺននាក់ ​ដែលកំពុងត្រូវគេធ្វើទារុណកម្ម ​បង្អត់អាហារ និងចាប់រំលោភផងនោះ​ លោកអគ្គលេខាធិការ បាន គីមូន​ ក៏បានស្នើរសុំឱ្យរដ្ឋាភិបាលទួរគីពិនិត្យឡើងវិញនូវការបង្ក្រាបទាំងកម្រោលនេះ ​និងបង្ហាញជាសាធារណៈផងនូវភស្ដុតាងត្រឹមត្រូវ​ និងរឹងមាំ ​ដែល​រដ្ឋាភិបាលទួរគីខ្លួនឯងបានចោទប្រជាជនរបស់ខ្លួនថាបានប៉ុនប៉ងធ្វើរដ្ឋប្រហារ ។ ​លើសពីនេះទៅទៀត ​លោកក៏បានស្នើរសុំឱ្យទាំងភាគីប្រជាជនទួរគី និងរដ្ឋាភិបាលមេត្តារួបរួមគ្នា ​ដើម្បីថែរក្សាជីវភាពលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសរបស់ខ្លួនឡើងវិញ​ ៕ ​

អគ្គលេខាធិការអ.ស.បព្រមានទួរគីថា៖បើចាប់គេត្រូវបង្ហាញភស្ដុតាងផង!

អគ្គលេខាធិការអ.ស.បព្រមានទួរគីថា៖បើចាប់គេត្រូវបង្ហាញភស្ដុតាងផង!

ដោយ៖ ឈូក ស
ប្រភព៖ PressTV