ផ្កា​ចាហួយ​ឬ​ផ្កាក្រចក​អណ្តើក​រីក​ម្តង​ក្នុង​1​ឆ្នាំ​ទាក់ទាញ​អ្នក​ទេសចរណ៍

ខេត្តសៀមរាប  ៖ ផ្កា​ចាហួយ ឬ​ផ្កាក្រចក​អណ្តើក និង​ផ្កា​ចន្ទោល​ដ៏​ស្រស់បំព្រង​ដែល​រីក​ម្ដង​ក្នុង​១​ឆ្នាំ​នោះ កំពុង​ទាក់ទាញ​អ្នកទេសចរ ដោយ​ស្ថិត​នៅ​តំបន់​ភ្នំ​អំពិល​ក្នុងភូមិ​លៀប ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ។ នោះ​គឺជា​រមណីយដ្ឋាន​ក្រសោប​ទៅ​ដោយ​ធម្មជាតិ​ស្រស់បំព្រង ព័ទ្ធ​ដោយ​ភ្នំ និង​ថ្ម​បន្តុប​លើ​គ្នា រួម​ទាំង​មាន​ផ្កា​មួយ​ប្រភេទ​កម្រ​ប្រទះ​ភ្នែក​ឃើញ​ណាស់ គឺ​ផ្កា​ចាហួយ ។

សម្រស់​ធម្មជាតិ​ផ្កា​ចាហួយ ឬ​ផ្កាក្រចក​អណ្តើក និង​ផ្កា​ចន្ទោល គួរ​គាប់​ភ្នែក​ណាស់​។ អ្នក​ភូមិ​នៅ​តំបន់​នោះ​តែង​ឡើង​ទៅ​បេះ​ផ្កា​ចាហួយ​យក​ស្រុស​ធ្វើ​អន្លក់​ជាមួយ​ប្រហុក ។ ផ្កា​ចាហួយ​ដែល​ដុះ​នៅ​ភ្នំ​អំពិល​ដ៏​ស្រស់បំព្រង​នោះ​រីក​ម្ដង​ក្នុង​១​ឆ្នាំ ។ ពី​មុន​ផ្កា​ចាហួយ​ស្ថិត​ក្នុង​អាថ៌​កំបាំង ពុំ​មាន​អ្នក​ស្គាល់ ឬ​ចាប់អារម្មណ៍​ឡើយ ដោយសារ​ផ្កា​ដ៏​ស្រស់​មួយ​ប្រភេទ​នេះ​នៅ​ដាច់​ស្រយាល​ពី​ទីរួមខេត្ត​សៀមរាប​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ ។ អ្នក​ចង់​ទស្សនា​អាច​ផ្ញើ​រថយន្ត​នៅ​ប៉ុស្តិ៍​នគរបាល​ខុំ​ពាក់​ស្នែង រួច​ជិះ​ម៉ូតូ​ឆ្លងកាត់​ប្រឡាយ បឹងបួរ​ដ៏​សែនពិបាក ។ ការ​ធ្វើ​ដំណើរ​បើ​គិត​ពី​ទីរួមខេត្ត ទៅ​ដល់​ទីនោះ​រយៈពេល​ប្រហែល​ជាង​២​ម៉ោង ដោយសារ​នៅ​រដូវវស្សា ព្រះ​ពិរុណ​បង្អុរ​ស្ទើរតែ​រៀងរាល់ថ្ងៃ ។

លោក​ឡូយ សុវណ្ណ ជា​ជន​ដំបូង​ដែល​ព្យាយាម​ធ្វើ​ឱ្យ​គេ​បាន​ស្គាល់​តំបន់​ធម្មជាតិ​នោះ​ដោយ​គាត់​មានស្រុក​កំណើត​ក្នុង​ឃុំ​ពាក់​ស្នែង និង​សព្វថ្ងៃ​កំពុង​តែ​ប្រកបការងារ​នៅ​ខេត្ត​សៀមរាប ។ លោក​ឡូយ សុវណ្ណ និយាយ​ថា​៖ «​ផ្កា​ចាហួយ​រីក​នា​ដើមខែ​សីហា និង​ស្រពោន​ទៅ​វិញ​ក្នុង​ខែតុលា ។ ដូច្នេះ​ផ្កា​នេះ​បង្ហាញខ្លួន​តែ​ម្តង​ទេ​ក្នុង​មួយ​ឆ្នាំ ។ ថ្វីបើ​គន្ធ​ពិដោរ​មិនសូវ​ក្រអូប​ដូច​ផ្កា​ឯទៀត​ក៏​ដោយ វា​មាន​ត្របក​ពណ៌​ផ្កាឈូក​ជា​ច្រើន​ស្រទាប់​ដែល​អាច​ផ្ទុក​ទឹកបាន​យ៉ាងច្រើន ហើយ​បាន​រាយមន្ត​ស្នេហ៍​ទាក់ទាញ​អារម្មណ៍​មនុស្ស ។

អ្នក​ប្រាថ្នា​ឃើញ​ត្រូវ​ជិះ​ម៉ូតូ​កាត់​ព្រៃ​ភ្នំ ឆ្លង​អូរ ព្រមទាំង​មាន​ផ្លូវ តូច​ៗ​ស្មុគស្មាញ​ជា​ច្រើន​ទម្រាំ​ចូល​ទៅ​ដល់​ទឹកដី​ភ្នំ​អំពិល​ដែល​មាន​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​សៀមរាប ។ អ្នកតស៊ូ​ទៅ គឺ​ក្នុង​គោលបំណង​ចង់​ឃើញ​សម្រស់​ផ្កា​ចាហួយ ដែល​ស្អាត​ប្លែក​ពី​គេ ។

លោក​ឡូយ សុវណ្ណ នឹង​រៀបចំ​ដំណើរ​កម្សាន្ត​ជា​ក្រុម​ទៅ​កាន់​តំបន់​ភ្នំ​អំពិល​នៅ​ពេល​រដូវ​ផ្កា​ចាហួយ​រីក​មក​ដល់ គឺ​ដើមខែ​សីហា ក្នុង​គោលបំណង​បំផុស​ឱ្យ​មនុស្ស​ស្រឡាញ់ និង​ថែរក្សា​ធម្មជាតិ​ឱ្យ​បាន​យូរអង្វែង កុំឱ្យ​បាត់បង់​ឱ្យ​សោះ និង​ទុក​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​មាន​ចំណូល​ពី​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា ។
លោក​ឡូយ សុវណ្ណ រំពឹង​ថា គម្រោង​ដំណើរ​កម្សាន្ត​ទៅ​កាន់​ភ្នំ​អំពិល នឹង​មាន​អ្នកចូលរួម​ជា​ច្រើន ។

លោក​ឡូយ សុវណ្ណ និយាយ​ថា គោលដៅ​ចម្បង​មួយទៀត​នៃ​ដំណើរ​កម្សាន្ត​គយគន់​ផ្កា​ចាហួយ គឺ​ចង់ឱ្យ​មនុស្ស​ទាំងឡាយ​ស្គាល់​ពី​ទីកន្លែង​ធម្មជាតិ​នានា​ក្នុងភូមិ​-​ឃុំ របស់​លោក ដូច្នេះ​អ្នក​ភូមិ​នឹង​ទទួល​បាន ការងារ និង​ប្រយោជន៍ ខ្លះ​ៗ​ពី​អ្នកទេសចរ ។ លោក​សុវណ្ណ ចង់ឱ្យ​អ្នក​ភូមិ​ក្រីក្រ​ឈ្វេងយល់​ពី​ការ​ការពារ​បរិស្ថាន និង​ការ​ទទួល​ប្រយោជន៍​ពី​កន្លែង​ដ៏​ស្រស់​ស្អាត​នៅ​កៀក​បង្កើយ​នោះ ។ ចំពោះ​ប្រាក់​ដែល​ទទួល​បាន​ពី​ដំណើរ​កម្សាន្ត​នឹង​បរិច្ចាគ​ទៅ​ឱ្យ​សាលារៀន​ភាសា​អង់គ្លេស​របស់​លោក​សុវណ្ណ​ដែល​បង្រៀន​សិស្ស​ក្រីក្រ​ជា​ច្រើន​នាក់​ឥត​គិតថ្លៃ​ក្នុង​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប ។

លោក​អនុសេនីយ៍ឯក​ហួត គឹ​ម​ឆ​ន នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​បាក់​ស្នែង ប្រាប់​កោះ សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ ក្នុង​ពេល​ជូន​ដំណើរ​ទៅ​ភ្នំ​អំពិល​ថា ការ​ធ្វើ​ដំណើរ​ទៅ​មើល​ផ្កា​ចាហួយ ឬ​ផ្កាក្រចក​អណ្តើក និង​ផ្កា​ចន្ទោល​នោះ មានការ​លំបាក​បន្តិច ដោយសារ​ខែ​នេះ​គឺជា​ខែវស្សា ហើយ​ឆ្លងកាត់​ជា​ច្រើន​ដំណាក់ គឺ​ជិះ​ម៉ូតូ​ឆ្លងកាត់​អូរ បឹង ដែល​មានទឹក​ពាក់កណ្តាល​ម៉ូតូ ត្រូវ​រុញ​ម៉ូតូ​យ៉ាង​ត្រ​ដាប​ត្រដុស​ជា​ច្រើន​កន្លែង ។ ទម្រាំ​ទៅ​ដល់​គោលដៅ បើ​ដើរ​មិន​ស្គាល់ផ្លូវ​អាច​មាន​បញ្ហា​ដល់​អាយុជីវិត ព្រោះ​តំបន់​នោះ​ពី​មុន​គឺជា​កន្លែង​សង្គ្រាម ។   នៅ​លើ​កំពូលភ្នំ​អំពិល​មាន​អាង​ទឹក​ថ្ម​មួយ​មិន​ចេះ​រីង​ទេ និង​មួយ​កន្លែង​ទៀត​មាន​ពើង​ថ្ម ។ កាលពី​ឆ្នាំ​មុន ភ្នំ​អំពិល​បាន​ប្រែក្លាយ​ជាទី​កម្សាន្ត​ធម្មជាតិ ដ៏​ស្រស់បំព្រង​សម្រាប់​អ្នក​និយម​ដើរ​លេង​តាម​ព្រៃ​ភ្នំ មិន​ថា​ជា​លក្ខណៈ​គ្រួសារ និង​ជួបជុំ​មិត្តភក្ដិ​បងប្អូន​ទេ ថ្ងៃ​ខ្លះ​មាន​ទាំង​សិស្ស និង​និស្សិត ។ អ្នកទេសចរ​ខ្លះ​បាន​បោះ​តង់​កម្សាន្ត​នៅ​ទីនោះ​ទៀត​ផង ៕