លោក គុណ ញឹម គួរពិនិត្យមើល​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​ផែ​កែវផុស ខ្លះ​ផង​

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​៣​សប្ដាហ៍​មកហើយ​ដែល​លោក ហេង សំ​ហៃ ទទួល​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​កែវផុស ជំនួស​លោក នុត លី​ឆូ​យ កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៦​។ ប្រភព​បាន​ឲ្យ​ដឹងថា ក្រោយពេល​លោក ហេង សំ​ហៃ ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​កំពង់ផែ​កែវផុស​រួចមក គឺ​លោក ហេង សំ​ហៃ មិនបាន​ចាត់វិធានការ​ទប់ស្កាត់​ទំនិញ​ខុសច្បាប់ និង​ទំនិញគេចពន្ធ ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ ផ្ទុយទៅវិញ​នៅពេល​លោក ហេង សំ​ហៃ មកកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​កែវផុស គឺ​សកម្មភាព​នាំចូល​ទំនិញគេចពន្ធ​មាន​សភាព​ខ្លាំងក្លា​ជាង​មុន​ទៅទៀត ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយ​សប្ដាហ៍ៗ​។

តាម​ការ​បង្ហើប​ពី​បុគ្គលិក កម្មករ បម្រើ​ការងារ​នៅ​កំពង់ផែ​កែវផុស បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​កំពង់ផែ​កែវផុស​មានដូចជា ស៊ីម៉ងត៍ គ្រឿងសំណង់ ម៉ូតូ ចំណី​ជ្រូក ទំនិញ​ចាប់ហួយ គ្រឿង​ជ័រ និង​ស្ករស​ជាដើម​។ មានការ​សង្ស័យថា​លោក ហេង សំ​ហៃ ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ទាំងនេះ ទើប​ឈ្មួញ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិនត្រូវ​មើលរំលង​នោះទេ​ព្រោះ​ការដែល​លោក ហេង សំ​ហៃ បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​កំពង់ផែ​កែវផុស គឺជា​អំពើពុករលួយ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​។

ប្រភពពី​បុគ្គលិក​កម្មករ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​កំពង់ផែ​កែវផុស បាន​ឲ្យ​ដឹងថា​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​កំពង់ផែ​នេះ មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​សមត្ថកិច្ច​គយ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ព្រមទាំង​សមត្ថកិច្ច​ស្ថាប័ន​មួយចំនួនទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែល​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​កំពង់ផែ​កែវផុស​មានដូចជា ឈ្មោះ ផាត់ ប៊ុន ឈ្មោះ ហ៊ា ម៉េង ចែ​ស៊ី និង​ចែ​រ៉ា ជាដើម ឈ្មួញ​ទាំង​ប៉ុន្មាន​នាក់​នេះ​មាន​ជំនាញ​ខាង​នាំចូល​ទំនិញគេចពន្ធ​ច្រើន​ឆ្នាំ​មកហើយ​។ ឈ្មួញ​ឈ្មោះ ចែ​រ៉ា និង​ចែ​ស៊ី នាំចូល​គ្រឿងសំណង់​ទាំង​កប៉ាល់ៗ រួចហើយ​ផ្ទេរ​ដាក់​រថយន្ត​យី​ឌុប រថយន្ត​កុងតឺន័រ​ដឹក​ចេញពី​កំពង់ផែ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ដោយមាន​ការបង់ពន្ធ​ប្រមាណ​៤០​ភាគរយ​ប៉ុណ្ណោះ​។ ជាងនេះទៅទៀត​នៅក្នុង​ឯកសារ​ដែល​ឈ្មួញ​នាំចូល​ទំនិញ​បាន​ដាក់ថា ជា​ទំនិញ​ចម្រុះ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ប្រសិនបើ​លោក គុណ ញឹម នៅតែ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ហេង សំ​ហៃ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

KA-23-03-2016-14-31លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ IMG_9641