មន្ត្រី​តុលាការខេត្ត​បាត់ដំបង កំពុង​បម្រើ​ផលប្រយោជន៍​ឈ្មួញ​ដែល​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​

ទង្វើ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ឈ្មោះ ម៉​ង់ ចាន់​សុ​យុ​ទ្ធា​រា ដែល​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ចាញ់ក្ដី​ឧកញ៉ា សង ថន កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំងក្លា ហើយ​មិនអាច​ទទួលយក​សេចក្ដីសម្រេច​នោះបាន​ឡើយ​។ ដូច្នេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង គួរ​ចាត់វិធានការ​ជួយ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​ត្រូវ​មេ​ឈ្មួញ សង ថន ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ជាបន្ទាន់​។ ដោយហេតុថា ប្រជាពលរដ្ឋ​ប្រមាណ​៣០០​គ្រួសារ​នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ កំពុង​រងគ្រោះ​ដោយសារ​ការសម្រេច​ក្ដី​ដ៏​អយុត្តិធម៌​របស់​មន្ត្រី​តុលាការខេត្ត​បាត់ដំបង​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​រងគ្រោះ​ប្រមាណ​៣០០​គ្រួសារ​នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​ស្រុក​បវរ​ល ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ដីកា​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ដែល​បញ្ជា​ឲ្យ​ពួកគាត់​បញ្ឈប់​ការដាំដុះ​ដំណាំ​លើដី​មានទំនាស់ និង​ចាត់វិធានការ​ផ្លូវច្បាប់​ប្រសិនបើ​ពួកគាត់​រុករាន​លើដី​នោះ​ទៀត គឺជា​អំពើ​ដ៏​អយុត្តិធម៌​។ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​មេ​ឈ្មួញ សង ថន ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ពួកគាត់​ផង ព្រោះ​មេ​ឈ្មួញ សង ថន ដែលមាន​ការឃុបឃិត​ពី​មន្ត្រី​តុលាការ​ពុករលួយ​កំពុង​ឆក់​ប្លន់​ដីធ្លី​របស់​ពួកគាត់​យ៉ាង​កំរោល​បំផុត​។ តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​និយាយ​កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦​ថា បើតាម​ដីកា​របស់​សាលាដំបូង​ខេត្តបាត់ដំបង គឺ​ពួកគាត់​ត្រូវ​ចាញ់ក្ដី​ឈ្មួញ សង ថន យ៉ាង​អយុត្តិធម៌​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តបាត់ដំបង បាន​រិះគន់ថា​តុលាការខេត្ត​បាត់ដំបង មិនគួរ​ចេញ​ដីកា​រក្សា​ការពារ​បំពាន​ទៅលើ​ដី​ទំនាស់​ដែល​អាជ្ញាធរខេត្ត និង​ស្ថាប័ន​រដ្ឋបាល​ព្រៃឈើ​បានចេញ​ដីកា​ដកហូត​រួចមកហើយ​នោះទេ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ដីកា​ដែល​ចេញ​ដោយ​សាលាដំបូង​ខេត្តបាត់ដំបង កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ត្រូវ​ប្រឈម​នឹង​ទុក្ខលំបាក​គ្មាន​ទីបំផុត ហើយ​ប្រជាពលរដ្ឋ​រងគ្រោះ​មិនអាច​ទទួលយក​សេចក្ដីសម្រេច​នោះបានទេ​។ អ្វីដែល​មិន​សម​ទំនង​គឺ​មេ​ឈ្មួញ សង ថន ដែលជា​អ្នក​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ក្រីក្រ ជា​អ្នកយក​ដីកា​នោះមក​ឲ្យ​ប្រជាពលរដ្ឋ​ដោយផ្ទាល់ មិនមែន​ព្រះរាជអាជ្ញា​ឬ​សមត្ថកិច្ច​នគរបាល​ឡើយ​។ ប្រការនេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ឈ្មោះ ម៉​ង់ ចាន់​សុ​យុ​ទ្ធា​រា ជាបន្ទាន់​ព្រោះ​មន្ត្រី​តុលាការ​រូបនេះ​កំពុង​ចេញមុខ​បម្រើ​ផលប្រយោជន៍​ឈ្មួញ​ដែល​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​យ៉ាង​ក្រអឺតក្រទម​៕

a2161a43225bab2bfe9e12331673a3a6លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ 2320162259bbaលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង