Global Witness៖ វិធានការ​ជាក់ស្តែង​ទៅលើ​ការកាប់​ព្រៃឈើ​ខុសច្បាប់​នៅ​កម្ពុជា​នៅតែ​ខ្វះខាត​ និពន្ធដោយ : VOA       July-29-2016, 7:39 am         794

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Global Witness៖ វិធានការ​ជាក់ស្តែង​ទៅលើ​ការកាប់​ព្រៃឈើ​ខុសច្បាប់​នៅ​កម្ពុជា​នៅតែ​ខ្វះខាត​​វ៉ាស៊ីនតោន​៖ រាជរដ្ឋាភិបាល​កម្ពុជា​ហាក់ដូចជា បានចាប់ផ្តើម​ចាត់វិធានការ​ក្នុងការ​ដោះស្រាយ​ការកាប់​ព្រៃឈើ​ខុសច្បាប់ ប៉ុន្តែ​វិធានការ​ភាគច្រើន​ទៅលើ​បញ្ហា​នេះ គឺ​មានតែ​នៅលើ​ក្រដាស​តែប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​សម្តី​របស់​អ្នកធ្វើ​យុទ្ធនាការ​នៃ​អង្គការ​នាំមុខគេ​មួយ​ខាង​ឃ្លាំមើល​ឧក្រិដ្ឋកម្ម​បរិស្ថាន និង​អំពើពុករលួយ​។​

​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ចាប់តាំងពី​អង្គការ Global Witness ដែលមាន​ទីតាំងនៅ​ចក្រភព​អង់គ្លេស បានចេញ​របាយការណ៍​មួយ​ដែលមាន​ចំណងជើង​ថា​«​ថ្លៃ​ប្រណិត​» ឬ​ជា​ភាសា​អង់គ្លេស “The Cost of Luxury”​។ របាយការណ៍​នោះបាន​សរសេរ​លម្អិត​អំពី​ការជួញដូរ​ឈើប្រណិត​ដែលមាន​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​បាន​បញ្ចេញ​ឈ្មោះ​លោក​ឧកញ៉ា ទ្រី ភាព ដ៏​ល្បីល្បាញ​ម្នាក់ ថា​ជា​មេក្រុម​បណ្តាញ​ឧក្រិដ្ឋកម្ម ដែល​ផ្អែកលើ​ការឃុបឃិត​គ្នា​ដើម្បី​កាប់ និង​ដឹកឈើ​ខុសច្បាប់​ចេញពី​ក្នុងព្រៃ​នៅ​កម្ពុជា​យកទៅលក់​នៅ​បរទេស​។​

​ដោយ​ថ្លែង​មកកាន់ VOA ពី​ទីក្រុង ឡុង​ដ៏ តាមរយៈ​ទូរស័ព្ទ អ្នកនាង Josie Cohen អ្នកធ្វើ​យុទ្ធនាការ​ខាង​ដីធ្លី​ជាន់ខ្ពស់​របស់​អង្គការ Global Witness បាន​មានប្រសាសន៍ថា ថ្វីដ្បិតតែ​មន្ត្រី​ទាំងនោះ​បាន​ច្រានចោល​លទ្ធផល​នៃ​ការស្រាវជ្រាវ​នោះ​ជា​សាធារណៈ​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​ហាក់ដូចជា​ឆ្លើយតប​ទៅនឹង​របាយការណ៍​ដែល​បានចេញ​ផ្សាយ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៥​នោះ​។​

«​ភ្លាមៗ​បន្ទាប់ពី [​របាយការណ៍​នោះបាន​ចេញផ្សាយ​] គណៈកម្មាធិការ​សភា​មួយ​ត្រូវបាន​បង្កើតឡើង​នៅ​កម្ពុជា ដើម្បី​ពិនិត្យមើល​ទៅលើ​ការចោទប្រកាន់​ជុំវិញ​ការកាប់​ព្រៃឈើ​ខុសច្បាប់ និង​ពិចារណា​ទៅលើ​ភស្តុតាង​នៅក្នុង​របាយការណ៍​នោះ​»​។​

​អ្នកនាង Cohen បាន​និយាយថា មិនមាន​ដំណឹង​អ្វី​ច្រើន​ពី​គណៈកម្មាធិការ​នោះទេ ប៉ុន្តែ​ដំណើរ​វិវឌ្ឍន៍​មួយចំនួន​កាលពីដើម​ឆ្នាំនេះ ផ្តល់​ក្តីសង្ឃឹម​ខ្លះៗ​ដល់​បណ្តា​អ្នកធ្វើ​យុទ្ធនាការ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​សេចក្តីប្រកាស​មួយចំនួន​អំពី​ការកាប់​ព្រៃ​ខុសច្បាប់ និង​បាន​បង្កើត​កងកម្លាំង​ប្រតិបត្តិការ​ពិសេស​មួយ ដើម្បី​កំណត់​មុខសញ្ញា​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បិទបាំង​ការកាប់​ព្រៃឈើ​ខុសច្បាប់​។​

«​ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ ការការពារ​នោះ​មានតែ​នៅលើ​ក្រដាស​តែប៉ុណ្ណោះ ហើយ​យើង​កំពុងតែ​មើលឃើញ​តំបន់​អភិរក្ស​នានា​ក្នុងប្រទេស​កម្ពុជា ដូចជា វីរៈ​ជ័យ បាន​បាត់ស្រមោល​ទៅហើយ​»​។ នេះ​ជាស​ម្តី​របស់​អ្នកនាង Cohen ដែល​និយាយ​សំដៅ​ទៅលើ​ឧទ្យាន​ជាតិ​ដែល​ស្ថិតក្នុង​ខេត្ត​រតនៈគីរី​។​

​ស្របពេល​ជាមួយគ្នា​នោះដែរ លោក ទ្រី ភាព បាន​អះអាងថា ការចោទប្រកាន់​នៅក្នុង​របាយការណ៍​នោះ​គឺជា​រឿង​មិន​ពិត​នោះទេ ដោយ​លោក​បាន​ទទូចថា ឈ្មួញ​ជួញដូរ​ព្រៃឈើ​បាន​ប្រើប្រាស់​ឈ្មោះ​របស់លោក​ដោយ​ពុំមាន​ការអនុញ្ញាត​។ នាង Cohen បាន​អះអាងថា​៖ «​ប៉ុន្តែ [​ការចោទប្រកាន់​នោះ​] គឺជា​លទ្ធផល​នៃ​ការស៊ើបអង្កេត​រយៈពេល​មួយឆ្នាំ ហើយ​យើង​ដឹងថា [​ការបដិសេធ​នោះ​] គឺ​មិន​ពិត​នោះទេ​»​។​

​រាជរដ្ឋាភិបាល​បាន​កាត់បន្ថយ​រយៈពេល​នៃ​ការផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ពី​៩៩​ឆ្នាំ មក​នៅត្រឹមតែ​៥០​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នកជំនាញការ​ខាង​សិទ្ធិ​ដីធ្លី​រូបនេះ​និយាយថា ការធ្វើ​បែបនេះ​មិនបាន​ជួយ​ដល់​ការទប់ស្កាត់​ការរំលោភបំពាន​ដីធ្លី​នោះទេ​។​

​អ្នកនាង Cohen បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​នេះ​គឺជា​ជំហាន​ដ៏​ត្រឹមត្រូវ​មួយ ប៉ុន្តែ​គ្មានអ្វី​ដែល​អាច​បញ្ឈប់​រដ្ឋា​ភិ​បាល​ក្នុង​រយៈពេល​៥០​ឆ្នាំ មិន​ឲ្យ​ពន្យារ​អាជ្ញាប័ណ្ណ [​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងនោះ​] បាន​នោះទេ​។ ហើយ​វា​ពិបាក​នឹង​និយាយ​ណាស់ ដោយសារតែ​រដ្ឋាភិបាល​មិន​បញ្ចេញ​ព័ត៌មាន​អ្វី​ទាល់តែសោះ​អំពី​ការធ្វើសម្បទាន​ដី​សេដ្ឋកិច្ច​»​។​

​គិត​មក​ត្រឹម​ចុងឆ្នាំ​២០១៣ ៧៣​ភាគរយ​នៃ​ផ្ទៃដី​ដាំ​ដុះ​កម្ពុជា ដែល​ស្មើនឹង​២​លាន​៦​សែន​ហិកតា ត្រូវបាន​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ទម្រង់​ជា​សម្បទាន​ដី​សេដ្ឋកិច្ច​។ នេះ​បើ​យោងតាម​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​អាដហុក​។ រដ្ឋាភិបាល​អះអាងថា សម្បទាន​ដី​សេដ្ឋកិច្ច ដែល​ត្រូវបាន​ផ្តល់​ដល់​ក្រុមហ៊ុន​ឯកជន​ក្នុងតម្លៃ​ដ៏​ស្តួចស្តើង ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​កម្ពុជា តាមរយៈ​ការបង្កើត​ការងារ និង​ជួយ​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម​។ ប៉ុន្តែ​ភស្តុតាង​ជាច្រើន​បន្ថែមទៀត​បង្ហាញ​ថា គោលនយោបាយ​នោះបាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នៅក្នុង​តំបន់​ជនបទ​ធ្លាក់ចូល​កាន់តែ​ជ្រៅ​ទៅក្នុង​ភាពក្រីក្រ​។​

​អ្នកនាង Cohen បាន​បន្ថែមថា «​ក្រៅពី​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក៏មាន​ផលប៉ះពាល់​យ៉ាងច្រើន​ទៅលើ​សិទ្ធិមនុស្ស​ផងដែរ​។ មិនតែប៉ុណ្ណោះ ក៏មាន​ផលប៉ះពាល់​ទៅលើ​អត្តសញ្ញាណ​វប្បធម៌​ផងដែរ ជាពិសេស​សម្រាប់​សហគម​ន៍​ជនជាតិដើម​ភាគតិច​តែម្តង​»​។​

​អ្នកនាង​ក៏បាន​លើកឡើងថា​៖ «​រដ្ឋាភិបាល​ត្រូវ​បញ្ចប់​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​សកម្មជន​ការពារ​បរិស្ថាន ហើយ​រដ្ឋាភិបាល​ក៏ត្រូវ​សហការ​ជាមួយនឹង​សហគមន៍​ក្នុង​តំបន់​ផងដែរ​៕