លោកហ៊ុន ម៉ា​ណែ​ត ​៖ ​គុណភាព​ និង​សមត្ថភាព​​ គឺ​សំខាន់​បំផុត​

ខេត្តកំពង់ស្ពឺ​ ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​រង​កង​ទ័ពជើងគោក និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​ជាតិ​​កម្លាំង​ពិសេស ប្រឆាំង​ភេរវកម្ម​បាន​ថ្លែង​ថា ការ​ពង្រឹងគុណភាព និង​សមត្ថ​ភាព​​នាយទាហាន គឺ​សំខាន់​ណាស់ ព្រោះថា​ ការ​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត​​របស់​នាយទាហាន គឺជា​អនាគត​នៃ​ថ្នាក់​ដឹកនាំ កងទ័ព​នៅ​ពេល​ខាង​មុខ ដើម្បី​បម្រើ​ជាតិ​មាតុភូមិ​​ប្រកបដោយ​មោទនភាព​ ។

នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​ផ្ទៃក្នុង​របស់​វិទ្យា​ស្ថា​កងទ័ពជើងគោក​​ប្រចាំឆ្នាំ​២០១៦​ កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០១៦ លោក​ឧត្តម​សេនីយ៍​ឯក​បាន​ឱ្យ​​ដឹង​ថា «​ការ​ប្រកួត​កីឡា​ផ្ទៃក្នុង​របស់​វិទ្យាស្ថាន​កងទ័ពជើងគោក​ ប្រចាំឆ្នាំ​២០១៦ បាន​បង្កើតឱ្យ​​មាន​ភាព​សប្បាយ​​រីករាយ​ជាមួយ​គ្នា ជួយ​ការពារ​សុខភាព បង្ក​ជា​មិត្តភាព សាមគ្គីភាព និង​ការ​ខិតខំ​ប្រកួតប្រជែង​ផ្ទៃក្នុង​» ​។

លោក​​បន្ត​ទៀត​ថា កាយសម្បទា​រឹង​មាំ ភាព​ក្លាហាន សមត្ថភាព និង​ភាព​ជា​អ្នកដឹង​នាំ​ គឺជា​មូលដ្ឋាន​របស់​កងទ័ព​ ។ វិញ្ញាសា​​នៃ​កីឡា​នា​ពេល​នេះ​ គឺ​បាន​បង្កប់​នូវ​អត្ថន័យ​នូវ​កា​ជួយ​គ្នា សាមគ្គី​គ្នា​ស្រឡាញ់​គ្នា​ ដើម្បី​ទៅ​ដល់​គោលដៅ​ទាំងអស់​គ្នា​។ លោក​ថា កំណែ​ទម្រង់ និង​ប្រសិទ្ធិ​ភាព​របស់​កងទ័ព គឺ​មាន​២​ផ្នែក​រួម​មាន​ផ្នែក​រឹង​និង​ផ្នែក​ទន់​។ ផ្នែក​រឹង​សំដៅលើ​សម្ភារ​គ្រឿង​សព្វាវុធ គ្រឿង​បច្ចេកទេស​ជីវភាព​រស់នៅ​របស់​កងទ័ព និង​ផ្នែក​ទន់​សំដៅលើ​គុណភាព សមត្ថភាព​និង​ឆន្ទៈ​របស់​កងទ័ព​។ នៅ​គ្រប់​កាលៈទេសៈ​នៃ​ប្រទេស​កម្ពុជា គឺ​ត្រូវការ​កងទ័ព​ដើម្បី​ការពារ​ជាតិ​ការពារ​បូរណភាព​ទឹកដី​។

លោក​បាន​ថ្លែង​ទៀត​ថា កងទ័ព​ខ្លាំង ​គឺ​អាស្រ័យ​លើ​កងទ័ព​គ្រប់​ជាន់ថ្នាក់ គ្រប់​ឋានានុក្រម ដូច្នេះ​ការ​ពង្រឹងគុណភាព និង​សមត្ថ​ភាព​នាយទាហាន គឺ​សំខាន់​ណាស់ ព្រោះថា​ការ​ខិតខំ​ប្រឹងប្រែង យក​អស់កម្លាំង​កាយ​ចិត្ត​របស់​នាយទាហាន​នៅ​ថ្ងៃនេះ គឺជា​អនាគត​នៃ​ថ្នាក់ដឹកនាំ​កងទ័ព​នៅ​ពេល​ខាង​មុខ ដើម្បី​បម្រើ​ជាតិ​មាតុភូមិ​ប្រកបដោយ​មោទនភាព​។

ជាមួយ​គ្នា​នេះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ការ​ខិតខំ​រៀបចំ​ការ​ប្រកួត​កីឡា​ផ្ទៃ ក្នុង​របស់​វិទ្យាស្ថាន​កងទ័ពជើងគោក​ប្រចាំឆ្នាំ២០១៦ និង​អរគុណ​ចំពោះ​ភាគី​មិត្ត​ ដែល​បាន​ចូលរួម​សហការ និង​ជួយ​ដល់​វិស័យ​​កងទ័ព​នៅ​កម្ពុជា​ផង​ដែរ​ ។