ញាក់សាច់ ! គ្មាន​ខ្លាច​មន្ត្រី​អាវុធហត្ថ​បន្តិច​ណា​សោះ

រាជធានី​ភ្នំពេញ ៖ ពិតជា​សាហាវ​ខ្លាំង​ណាស់​ដែល​ជនសង្ស័យ​មួយ​ក្រុម​ហ៊ាន​ធ្វើ​សកម្មភាព​នៅ​មុខមន្ត្រី​សមត្ថកិច្ច​អាវុធហត្ថ​ពោធិ៍​សែន​ជ័យ ដោយ​បាញ់​គំរាម​២​គ្រាប់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​មុខ វ៉ា​វ ឌី​ស្កូ ក្លិប ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ម៉ែ​ន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​បុរី​សន្តិភាព​២ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​ត្រពាំង​សង្កែ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល ។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​ម៉ាក MSX ពណ៌​ស មិន​ចាំ​ស្លាក​លេខ ។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គេ​មាន​គ្នា​៣​នាក់ ស្រី​២​នាក់ និង​ប្រុស​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក MSX មួយ​គ្រឿង បាន​ចូល​ទៅ​រាំ​លេង​កំសាន្ត​នៅ​ក្នុង វ៉ា​វ ឌី​ស្កូ ក្លឹ​ប លុះ​មក​ដល់​ម៉ោង​កើតហេតុ ពួក​គេ​បាន​ចេញ​មក​វិញ​បំណង​ត្រលប់​ទៅ​ផ្ទះ តែ​មិត្ត​ស្រី​របស់​គេ​២​នាក់​ទៀត​ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​ផ្ទះ​មុន ចំណែក​រូបគេ​បាន​ជិះ​ម៉ូតូ​ចេញ​មក​ដល់​មុខ​ក្លឹ​ប​ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក ស្មាស់ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ មក​ស្ទាក់​ពីមុខ​រួច​ដក​កាំភ្លើងខ្លី​មក​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​នៅ​មុខមន្ត្រី​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​សន្តិសុខ​ដែល​យាម​នៅ​មុខ​ក្លឹ​ប ស្រប​ពេល​ដែល​ជនសង្ស័យ​ឃើញ​អាវុធហត្ថ​នៅ​ទីនោះ​ក៏​បាន​រេ​កាណុង​កាំភ្លើង​ទៅ​រក​អាវុធហត្ថ ធ្វើ​ឲ្យ​អាវុធហត្ថ​ដែល​មាន​កាំភ្លើង​ដែរ​នោះ​តែ​មិន​បាន​ដាក់​នៅ​ជិត​ខ្លួន​ភ័យ​បាន​រត់​ប្រាស់​ចេញពី​កាណុង​កាំភ្លើង ដើម្បី​ទៅ​យក​កាំភ្លើង ក៏​ត្រូវ​ជនសង្ស័យ​បាញ់​ភ្ជុ​ច​ដី​២​គ្រាប់ ហើយ​ប្លន់​យក​ម៉ូតូ ទៅ​បាត់​ដោយ​សុវត្ថិភាព ហើយ​ទើប​អាវុធហត្ថរ​ត់ទៅ​យក​កាំភ្លើង​បាន​បាញ់​៣​គ្រាប់​វិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ប៉ូលិស​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រក​ជន​រង​គ្រោះ​សួរនាំ និង​បាន​នាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ដើម្បី​កំណត់​មុខសញ្ញា ។ ដោយឡែក​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​មានការ​ភ័យ​ស្លន់ស្លោ​ដោយសារ​តែ​ឃើញ​ជនសង្ស័យ​ហ៊ាន​ធ្វើ​សកម្មភាព​ប្លន់​នៅ​មុខមន្ត្រី​អាវុធហត្ថ ហើយ​បាញ់​គំរាម​កម្លាំង​អាវុធហត្ថ​ទៀត​បែប​នេះ ៕