អ្នកគាំទ្រ​បាល់ទាត់​ឌឺ​គ្នា ដេញ​កាប់​ចាក់​គ្នាផ្អើលពេលកំពុងប្រកួត

រាជធានីភ្នំពេញ ៖ ក្មេង​ស្ទាវ​២​ក្រុម​បាន​ឌឺដង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ពេល​កំពុង​ទស្សនាការ​ប្រកួត​បាល់ទាត់​មិត្តភាព​រវាង​កម្ពុជា និង​សិង្ហ​បូ​រី រហូត​បង្ក​ហិង្សា​យក​ដាវ​ដេញ​កាប់​ចាក់​គ្នា​បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​៣​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ប្រភព​ព័ត៌មាន​ពី​កម្លាំង​អាវុធហត្ថ​បានឱ្យ​ដឹង​ថា ខណៈ​ពេល​កំពុង​ប្រកួត​បាល់ទាត់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ រវាង​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា និង​សិង្ហ​បុរី ទើបតែ​ចាប់ផ្តើម​បាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ស្រាប់តែ​ក្មេង​ស្ទាវ​២​ក្រុម ដែល​ជា​អ្នកគាំទ្រ​បាន​ឌឺដង​ដាក់​គ្នា និង​គប់​ដប​ទឹក​សុទ្ធ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រហូត​បង្ក​ជា​ជម្លោះ​ក៏​បាន​ឈាន​ដល់​ការ​ដេញ​វាយ និង​យក​ដាវ​កាប់​គ្នា បណ្តាល​ឱ្យ​យុវជន​២​នាក់ និង​នារី​ម្នាក់ រង​របួសធ្ងន់​ស្រាល ហើយ​ភ្លាម​ៗ​នោះ​ដែរ​កម្លាំង​អាវុធហត្ថ​ដែល​នៅ​ទីនោះ​បាន​ឃាត់ខ្លួន​បាន​ជន​បង្ក​៣​នាក់​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ចំណែក​ជន​បង្ក​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី ៕