ល្បែងស៊ីសង​ក្នុង​ក្រុង​បាត់ដំបង កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​

ក្រោយពេល​ផ្លាស់ប្ដូរ​តំណែង​អធិការនគរបាល​ក្រុង​បាត់ដំបង ដោយ​ដាក់​លោក ប៉ាង ហៀ​ង ជំនួស​លោក យឹម វិចិត្រ រួចមក ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​ទៀត​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ នៅតាម​បណ្ដា​សង្កាត់​មួយចំនួន ល្បែងស៊ីសង​ដូចជា កន្ទុយលេខ ភ្នាល់​បាល់ទាត់ បញ្ជល់មាន់ បៀ​អាប៉ោង ភ្នាល់​ទឹកភ្លៀង កំពុង​រាលដាល​កាន់តែខ្លាំង​ឡើងៗ ហើយ​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង និង​អភិបាលក្រុង​បាត់ដំបង មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ល្បែងស៊ីសង​ក្នុង​ក្រុង​បាត់ដំបង កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​គេ​បើក​លេងល្បែង​បៀ​អាប៉ោង និង​កន្ទុយលេខ​យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​នគរបាល​សង្កាត់ និង​នគរបាល​ក្រុង ចាត់វិធានការ​បង្ក្រាប​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ប្រភព​ខ្លះ​សង្ស័យថា លោក ស៊ី ថា​រ៉ុ​ត នាយប៉ុស្ដិ៍​រដ្ឋបាល​នគ​របាល​សង្កាត់​ស្លា​កែ​ត ទំនង​ទទួលបាន​ផលប្រយោជន៍​ពី​អ្នកបើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ ទើប​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​ឡើងៗ​។ ចំណែក​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង ដែល​ប្ដេជ្ញា​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ​ជាង​មុន​នោះ ការពិត​មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​តាម​តួនាទី​របស់ខ្លួន​ឡើយ​។​

ជុំវិញ​ល្បែងស៊ីសង​ដែល​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅក្នុង​ក្រុង​បាត់ដំបង​នេះ ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​អធិការនគរបាល និង​អភិបាលក្រុង​បាត់ដំបង ដែល​មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម ហើយ​បណ្ដែតបណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ដោយសារ​ល្បែង​បៀ​អាប៉ោង បញ្ជល់មាន់ កន្ទុយលេខ ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន់​ឡាញ និង​ល្បែងភ្នាល់​ទឹកភ្លៀង រាលដាល​កាន់តែខ្លាំង​ឡើងៗ​ទើប​ធ្វើ​ឲ្យ​កើតមាន​អំពើចោរកម្ម​លួច​ប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ អំពើ​ពាលា​អាវាសែ និង​បទល្មើស​ជាច្រើន​ទៀត​។ ដូច្នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង​ចំពោះ​ករណី​ល្បែងស៊ីសង​រីក​រាលដាល​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម​៕

13838405_1744088142496415_963252093_o 13838295_1744088129163083_677821420_o 13833441_1744088165829746_1994890967_o 13823612_1744088135829749_1601674057_n