អាជ្ញាធរ​នឹង​ដាក់​ឲ្យមាន​ទី​សត្តឃាតតែមួយ​កន្លែង​ក្នុង​រាជធានីភ្នំពេញ

អាជ្ញាធរ​នឹង​ដាក់​ឲ្យមាន​ទី​សត្តឃាតតែមួយ​កន្លែង​ក្នុង​រាជធានីភ្នំពេញ

សាលារាជធានីភ្នំពេញនឹងកំណត់ឲ្យមានទីសត្តឃាតតែមួយកន្លែងសម្រាប់ទទួលពិឃាតសត្វយកសាច់លក់ក្នុងរាជធានីភ្នំពេញ ដោយថាដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទាំងប្រភពសត្វនិងអនាម័យសម្រាប់អ្នកបរិភោគ។

អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ក្នុងពិធីប្រកាសតែងតាំងអនុប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញនៅព្រឹកនេះបានជំរុញឲ្យពិនិត្យនិងស្រង់ចំនួនទីសត្តឃាតដែលមានក្នុងរាជធានីភ្នំពេញនិងប្រមូលមកដាក់មួយកន្លែង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះ។

បើតាមព័ត៌មានដដែលមូលហេតុដែលនាំឲ្យមានការសម្រេចបែបនេះដោយសារអាជ្ញាធរក្រុងមើលឃើញថា កន្លែងសម្លាប់សត្វនៅក្នុងរាជធានីភ្នំពេញ “កំពុងមានភាពអនាធិបតេយ្យ” និងថាមានខ្លះសម្លាប់សត្វនៅក្នុងផ្ទះរបស់ខ្លួនក៏មាន។ លោកអភិបាលរាជធានីថាលោកបារម្ភពីបញ្ហាអនាម័យនិងជំងឺផ្សេងៗដែលអាចកើតមានដោយសារសត្វដែលគេសម្លាប់ទុកលក់ឲ្យអតិថិជនមិនមានប្រភពច្បាស់លាស់។ នេះបើតាមសារព័ត៌មានដដែល។

សារព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិដកស្រង់សម្តីលោក ប៉ា សុជាតិវង្ស មកចុះផ្សាយថា៖ “យើងឃើញថា ទីសត្តឃាតសព្វថ្ងៃមានភាពអនាធិបតេយ្យ និងគ្មានសណ្តាប់ធ្នាប់ ដោយកន្លែងខ្លះសម្លាប់សត្វក្នុងផ្ទះក៏មាន។ យើងឃើញសាច់សត្វពាហនៈ និងបក្សី ត្រូវបានគេដឹកពីគ្រប់ច្រកចូលក្នុងរាជធានីភ្នំពេញ ដោយមិនមានការវេចខ្ចប់ត្រឹមត្រូវ និងគិតគូរដល់ផ្នែកអនាម័យ និងសុខភាពរបស់អ្នកបរិភោគ។ យើងមិនដឹងថា សាច់សត្វទាំងនោះ មានប្រភពមកពីណា និងមានជំងឺអ្វី ខ្លះនោះទេ”

លោក ប៉ា សុជាតិវង្ស បានជំរុញឲ្យមន្ត្រីរបស់ខ្លួនចុះត្រួតពិនិត្យនិងអនុវត្តការងារនេះ ដោយថាដើម្បីប្រយោជន៍សាធារណៈ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាងដា ប្រាប់វីអូឌីនៅរសៀលនេះថាសាលារាជធានីកំពុងសិក្សារកទីតាំងសមស្របណាមួយសម្រាប់ធ្វើជាកន្លែងសត្តឃាតថ្មីនេះនិងថាសាលារាជធានីក៏កំពុងរងដៃគូឯកជនសម្រាប់អនុវត្តផែនការនេះផងដែរ។

លោកបន្ថែមថា៖ “យើងកំពុងរកទីតាំងនិងរកដៃគូអភិវឌ្ឍនៅហ្នឹងកន្លែង(ទីតាំង)ឯកជន អត់ទាន់មានពីណាបានការឯកភាពជាផ្លូវការពីសាលរាជធានីនៅឡើយទេ ដូច្នេះពេលវេលាដែលចាប់ផ្តើមហ្នឹងមិនទាន់ដឹងពេលណានៅឡើយទេបាទ…ទីតាំងដែលយើងដាក់ហ្នឹងមានទីតាំងធំទូលាយ ហើយមានលក្ខណៈបច្ចេកទេស ជាពិសេសអាចផ្គត់ផ្គង់ដល់តម្រូវការដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល ខ្ញុំគិតថារឿងហ្នឹងមិនជាបញ្ហាទេបាទ”

រដ្ឋលេខាធិការក្រសួងកសិកម្មលោក ឱម គឹមស៊ា ត្រូវបានស្រង់សម្តីមកចុះផ្សាយក្នុងសារព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិថា ក្រសួងនឹងទិញម៉ាស៊ីនត្រួតពិនិត្យគុណភាពសាច់សត្វតម្លៃជាង៣០ម៉ឺនដុល្លារសម្រាប់បម្រើដល់ការងារបសុសត្វនិងបសុបក្សីក្នុងរាជធានីភ្នំពេញ៕

ប្រភព៖ vodhotnews

  • អាជ្ញាធរ​នឹង​ដាក់​ឲ្យមាន​ទី​សត្តឃាតតែមួយ​កន្លែង​ក្នុង​រាជធានីភ្នំពេញ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: