មតិ​ពលរដ្ឋ​ជុំវិញ​ខួប​៣​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​​អាណត្តិ​ទី​៥

ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៦ គឺ​ជា​ខួប ៣​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣។ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី បាន​បញ្ចេញ​មតិ​ផ្សេងៗ​គ្នា​ជុំវិញ​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច ជីវភាព​រស់នៅ និង​ការ​គោរព​សិទ្ធិ​មនុស្ស។

ប្រជាពលរដ្ឋ អាជីវករ និង​មន្ត្រី​រាជការ​បាន​បញ្ចេញ​ទស្សនៈ​និង​សន្និដ្ឋាន​ខុសៗ​គ្នា ចំពោះ​ស្ថានភាព​សង្គម នយោបាយ សេរីភាព​បញ្ចេញ​មតិ និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

អង្គុយ​នៅ​ក្នុង​តូប​លក់​ក្រណាត់​ខាង​ក្រៅ​ផ្សារ​អូរឫស្សី រាជធានី​ភ្នំពេញ លោកស្រី ស៊ឹង ស្រីរ៉ន ថ្លែង​ថា លោកស្រី​មិន​ដែល​អាក់ខាន​ទៅ​បោះឆ្នោត​នោះ​ទេ។ មក​ដល់​ថ្ងៃ​ទី​២៨ កក្កដា គឺ ៣​ឆ្នាំ​ហើយ​ដែល​លោកស្រី​បាន​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹកនាំ​ប្រទេស​ជាតិ​ឲ្យ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​សេរីភាព និង​ការ​អភិវឌ្ឍ ប៉ុន្តែ​លោកស្រី​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​គឺ​សេរីភាព​បញ្ចេញ​មតិ​នៅ​ពេល​នេះ​មាន​ការ​រឹតត្បិត។

លោកស្រី ស៊ឹង ស្រីរ៉ន៖ «បើ​សិន​យើង​និយាយ​ពី​ការ​អភិវឌ្ឍ​លើ​ផ្លូវ ឬ​លើ​អីៗ អគារ​ធំៗ​វា​ជា​រឿង​គេ​ថ្នាក់​លើ​ទេ ចំណែក​យើង​ជា​ប្រជាពលរដ្ឋ​យើង​បាន​ត្រឹម​តែ​មើល​អ៊ីចឹង គ្រាន់​ថា យើង​មើល​ទៅ​វា​ជា​រឿង​ខាង​ក្រៅ មើល​ទៅ​អស្ចារ្យៗ តាម​ពិត​អត់​ដូច​អ្វី​ដែល​យើង​គិត​ទេ។ សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​មើល​ទៅ​វា​ទូលំទូលាយ​ពេល​ខ្លះ​គេ​មើល​មក​អ៊ីចឹង​ណា ប៉ុន្តែ​អ្វី​ដែល​យើង​រៀប​និយាយ​អ៊ីចឹង​ទៅ ត្រចៀក​អ្នក​ជុំវិញ​ចង់​ដឹង​ពី​យើង​ខាង​ណាៗ​អ៊ីចឹង​ដែរ»

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​រស់​នៅ​ទីក្រុង​ភ្នំពេញ បាន​បដិសេធ​មិន​ហ៊ាន​បញ្ចេញ​ទស្សនៈ ហើយ​ថែម​ទាំង​មាន​ទឹក​ភ្នែក​រលីងរលោង​ក្នុង​ពេល​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី សុំ​សម្ភាស​គាត់។ ប្រហែល​ជា​គាត់​ខ្លាច និង​យល់​ថា សេរីភាព​បញ្ចេញ​មតិ​មាន​ភាព​រួម​តូច៖ «ចិត្ត​យើង​ប្រាថ្នា​យ៉ាង​ម៉េច​យើង​ដឹង​ខ្លួន​យើង»

អាជីវករ​លក់​ផ្កា​មួយ​រូប គឺ​លោកស្រី ប៉ែន ចាន់នី សង្កេត​ឃើញ​ថា ពី​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល។ លោកស្រី​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា មាន​ការ​រីកចម្រើន​មួយ​អន្លើ ពិសេស​លោកស្រី​មើល​ឃើញ​អគារ​ខ្ពស់ៗ​បាន​រីក​ដុះដាល​ដូច​ផ្សិត​នៅ​ពេល​បច្ចុប្បន្ន​នេះ៖ «ការ​អភិវឌ្ឍ​គេ​ធ្វើ​ផ្ទះ​ធ្វើ​សម្បែង​អ៊ីចឹង​ណា! ដូច​រាង​ប្លែកៗ​ខ្លះ​ដែរ ផ្លូវ​ថ្នល់​ក៏​ធ្វើ​ប្លែក​ដែរ ឲ្យ​តែ​បាន​ថ្នល់​ស្រួល​ក៏​គ្រាន់​បើ»

ពលរដ្ឋ​មួយ​ចំនួន​បាន​រំលឹក​ខួប ៣​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​កាល​ពី​ឆ្នាំ​២០១៣ និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​បាន​បង្ហាញ​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពួកគាត់​ដែល​បាន​បោះឆ្នោត​រួច​រយៈពេល​៣​ឆ្នាំ​មក​នេះ​ដូច្នេះ៖ «កាល​ខ្ញុំ​បោះឆ្នោត​នោះ មាន​បំណង​ថា ចង់​ឲ្យ​សង្គម​ខ្មែរ​យើង​មាន​ការ​អភិវឌ្ឍន៍​ការ​រីកចម្រើន​ទៅ​មុខ ដូច​ថា ផ្នែក​សេដ្ឋកិច្ច​ចង់​បាន​ការងារ​ទូលំទូលាយ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​យើង​មាន​សន្តិភាព​កុំ​ឲ្យ​មាន​ការ​ចម្រូងចម្រាស​គ្នា។ សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ដឹកនាំ​ឲ្យ​មាន​ដំណាំ​ផ្លែ​ឈើ ​ឬ​មួយ​ជា​ផ្កា​គ្រប់​សព្វ​កុំ​ឲ្យ​នាំ​មក​ពី​គេ​ច្រើន​ពេក។ បោះឆ្នោត​សារ​មុន​ស្ងាត់​ប៉ុន្មាន​ខែ​យ៉ាប់​រក​ស៊ី​ណាស់។ មាន​ផល​ប្រយោជន៍​អី​មាន​តែ​ការ​រក​ស៊ី​តែ​ខ្លួន​ឯង​អ៊ីចឹង​ទៅ។ ខ្ញុំ​ចង់​បាន​សិទ្ធិ​សេរីភាព​ទាំង​អស់​គ្នា កុំ​ឲ្យ​ជិះជាន់​អ្នក​ក្រីក្រ វា​ដូច​គ្មាន​សិទ្ធិ​មនុស្ស​ដូច​ពី​មុន​ទេ​ឥឡូវ»

ចំណែក​ពលរដ្ឋ​មាន​លំនៅឋាន​នៅ​ស្រុក​គិរីវង្ស ខេត្ត​តាកែវ គឺ​លោកស្រី ហួន យឹម វ័យ ៦៥​ឆ្នាំ ថ្លែង​ថា លទ្ធផល​បោះឆ្នោត​ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈ្នះ​នៅ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ មិន​បាន​ផ្ដល់​ផលប្រយោជន៍​អ្វី​ដល់​លោកស្រី និង​ប្រជាពលរដ្ឋ​ដទៃ​នោះ​ទេ ក្រៅ​តែ​ពី​ពលរដ្ឋ​ពិបាក​ក្នុង​ការ​រកស៊ី និង​ជំពាក់​បំណុល​ធនាគារ​ឥត​ងើប​រួច៖ «ឃើញ​តែ​ផ្លាស់ប្ដូរ​វា​រីក​តែ​ផ្ទះ​ថ្ម ហើយ​អ្នក​អត់​នោះ​ជំពាក់​គេ​ចេះ​តែ​ជំពាក់​គេ​ទៅ ដូច​អ៊ំ​អ៊ីចឹង រក​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ​សល់​តែ​ជីវិត​ចាស់ គ្មាន​សល់​អី​មួយ​រៀល​លុយ​ខ្មែរ​ទេ។ អា​រឿង​ការ​បោះឆ្នោត​នោះ​ខ្ញុំ​មិន​បាន​ថា ខាង​អាក្រក់ ខាង​ណា​ល្អ​ទេ ត្រូវ​តែ​ផ្លាស់​សិន​ហើយ បើ​លុង​ទៅៗ​អ៊ីចឹង»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មតិ​របស់​មន្ត្រី​រាជការ​វិញ​យល់​ឃើញ​ផ្ទុយ​ពី​សាធារណជន​ដទៃ​បន្តិច។ មន្ត្រី​នគរបាល​សណ្ដាប់ធ្នាប់​មួយ​រូប​ដែល​ប្រចាំការ​នៅ​ក្បែរ​ផ្សារ​អូរឫស្សី រាជធានី​ភ្នំពេញ លោក សោម សុភាព ថ្លែង​ដោយ​ខ្លី​ថា លោក​រីករាយ​នឹង​រស់​នៅ​ជាមួយ​ប្រាក់​បៀវត្សរ៍​ដែល​មាន​នា​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​លោក​មិន​បញ្ចេញ​យោបល់​ទេ​លើ​រឿង​បោះឆ្នោត​និង​ស្ថានការណ៍​នយោបាយ៖ «ជីវិត​រស់​នៅ​ហ្នឹង​វា​ធម្មតា យើង​ជីវភាព​ប៉ុណ្ណឹង​វា​អាច​ទប់ទល់​បាន»

ពលរដ្ឋ​ភាគ​ច្រើន​បាន​លើក​ឡើង​ថា ពួកគាត់​ចង់​ឃើញ​អ្នក​នយោបាយ​នៃ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ រួម​បន្ត​វប្បធម៌​សន្ទនា​ធ្វើ​ការ​ដើម្បី​ការ​រីក​ចម្រើន​ប្រទេស​ជាតិ​ជា​ធំ និង​ជៀស​នូវ​ការ​គំរាម​កំហែង​ចាប់​ចង ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ និង​ការ​បាញ់​សម្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។