ព្រៃ​សហគមន៍​ក្នុងស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី កំពុងតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​អនាធិបតេយ្យ​

​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី លោក កែប កត់ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ត្រូវបាន​ប្រជាពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់ថា មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​វ៉ើ​ន​សៃ បាន​ឲ្យ​ដឹងថា​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​នៅក្នុង​ព្រៃ​សហគមន៍​កោះ​ពៀក កំពុង​ត្រូវ​ជនល្មើស​កាប់រំលំ​អារច្រៀក​លក់​ទៅ​ឲ្យ​ឈ្មួញ ដើម្បី​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ មន្ត្រី​បរិស្ថាន​ក្នុងស្រុក​វ៉ើ​ន​សៃ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​នេះ មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​ដោយសារតែ​ពួកគេ​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ពី​ឈ្មួញ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​កោះ​ពៀក ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។ សេចក្ដីអំពាវនាវ​រប​ស់​ប្រជា​សហគមន៍​បានកើត​ឡើង​ក្រោយពេល​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកភូមិ​រកឃើញ​ឈើ​ធ្នង់​រាប់រយ​កំណាត់​ត្រូវ​ឈ្មួញ​ដឹកជញ្ជូន​ចេញពី​ភូមិ​ផា​ក់ណា​ម យកទៅ​ទម្លាក់ចោល​នៅ​ភូមិ​ឃួន ឃុំ​កោះ​ពៀក ដោយសារតែ​ស្ពាន​ចាស់​ទ្រុឌទ្រោម​មិនអាច​ឆ្លងកាត់​បាន​។ ហេតុនេះហើយ​ទើប​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​វ៉ើ​ន​សៃ អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។

សកម្មជន​ព្រៃឈើ​និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កោះ​ពៀក ស្រុក​វ៉ើ​ន​សៃ បាន​ឲ្យ​ដឹងថា​រយៈពេល​ប្រមាណ​៣​ខែ​កន្លងទៅនេះ ឈ្មួញ​និង​ក្រុម​ជនល្មើស​បានធ្វើ​សកម្មភាព​កាប់​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍ ហើយ​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ការទប់ស្កាត់​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះទេ​។ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កោះ​ពៀក បាន​ឲ្យ​ដឹងថា​ឈ្មួញ​ដែលមាន​ការឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត បាន​ប្រើប្រាស់​រថយន្ត​ទួរីស និង​រថយន្ត​ទំនើបៗ​ដឹកឈើ​ចេញពី​ឃុំ​ពៀក ស្រុក​វ៉ើ​ន​សៃ ចូល​ក្រុង​បាន​លុង​នៅពេល​យប់​។ ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍​ស្រុក​វ៉ើ​ន​សៃ ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​នាពេល​ឆាប់ៗ​ខាងមុខនេះ ព្រោះ​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​វ៉ើ​ន​សៃ ឈ្មោះ ជា កុល​ណា​រ៉ា គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល​បំផុត​៕

af823ab2-2020-4b99-a5ef-5f2d3515c1ac 180f0f12-bbf0-4335-9e0a-6be0c84428e5