លោក ឈាង តុលា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ជា​ខ្នងបង្អែក​របស់​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​

ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តរតនគិរី យកទៅលក់​នៅ​ស្រុក​យួន សុទ្ធតែ​យក​លោក ឈាង តុលា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ធ្វើជា​ខ្នងបង្អែក​ដ៏​រឹងមាំ​។ ជាក់ស្ដែង​ឈ្មួញ​ឈ្មោះ កាំ​ង កំពុង​បន្តសកម្មភាព​ប្រើប្រាស់​រថយន្ត​ទួរីស រថយន្ត​ធុន​ដ្រា និង​រថយន្ត​ទំនើបៗ​ច្រើន​ប្រភេទ​ទៀត​សម្រាប់​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តរតនគិរី ហើយ​បន្ត​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​។ ក្នុង​មួយ​យប់ៗ​ឈ្មោះ កាំ​ង ដឹកជញ្ជូន​ឈើ​ពី​១០​ទៅ​២០​រថយន្ត​ចេញពី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ចូល​ក្រុង​បាន​លុង លក់​ឲ្យ​ឈ្មួញ​ដែល​ចាំ​ទិញ​ដឹកជញ្ជូន​បន្តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ទេ​។

​ឈ្មួញ​តូចតាច​មួយចំនួន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ឈ្មោះ កាំ​ង បាន​ប៉ាវ​ផ្ដាច់​ក្នុងការ​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​ទួរីស ដាក់​ស្លាក​អក្សរ​«A» ដែលមាន​ពណ៌​ដូចៗ​គ្នា​សម្រាប់​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ខេត្តស្ទឹងត្រែង ទៅ​ក្រុង​បាន​លុង ខេត្តរតនគិរី ហើយ​ស្លាក​សញ្ញា​អក្សរ​«A» គឺធ្វើឡើង​ដើម្បី​ឲ្យ​សមត្ថកិច្ច​តាម​ដងផ្លូវ​ស្រួល​ចំណាំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ឈ្មោះ កាំ​ង មាន​ប្អូនប្រុស​ឈ្មោះ ធៀ​ម គឺជា​អ្នករត់​ការបើកផ្លូវ​សម្រួល​ដល់​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ច្រើន​ស្ថាប័ន​ក្នុងការ​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​សៀម​ប៉ាង ចូល​ក្រុង​ស្ទឹងត្រែង ចែកចាយ​តាម​រោង​សិប្បកម្ម​មួយចំនួន ក៏ដូចជា​ដឹកជញ្ជូន​ទៅ​ក្រុង​បាន​លុង​។ ឈ្មួញ​ឈ្មោះ កាំ​ង ត្រូវបាន​ពលរដ្ឋ​ក្រុង​ស្ទឹងត្រែង ស្គាល់​យ៉ាងច្បាស់​ថា​ជា​ប្អូនធម៌​របស់លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ទើប​អាច​ប្រព្រឹត្ត​បទល្មើស​តាម​អំពើ​ចិត្ត​។

មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ដោយសារតែ​ឈ្មួញ​ឈ្មោះ កាំ​ង គឺជា​ប្រភព​ចំណូល​របស់​ចៅហ្វាយនាយ​ពួកគេ​ទៅហើយ ទើប​ពួកគេ​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប បើទោះបី​ក្នុង​មួយ​យប់ៗ​ឈ្មួញ​រូបនេះ​ដឹកជញ្ជូន​ឈើ​ជាច្រើន​រថយន្ត​ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តរតនគិរី យ៉ាងណាក៏ដោយ​។ ពេលខ្លះ​លោក ឈាង តុលា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង គឺជា​អ្នក​ជួយ​សម្របសម្រួល​បើកផ្លូវ​ឲ្យ​ឈ្មួញ​ឈ្មោះ កាំ​ង ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តរតនគិរី ដោយ​រលូន​តែម្តង​ទើប​ឈ្មួញ​ឈ្មោះ កាំ​ង មើលទៅ​មាន​ឥទ្ធិពល​ធំធេង​ក្នុងការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ដូចជា លោក ឈាង តុលា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​បទល្មើស​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​តទៅទៀត​៕

img_7393លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ ClickHandler.ashx_ d2