ដី​តំបន់​ឡូត៍​នេសាទ​ក្នុងស្រុក​ស្អាង កំពុង​ត្រូវ​អ្នកមានអំណាច​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំប្រទល់​ស្រុក​ស្អាង និង​ស្រុក​លើកដែក ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​ដី​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​៥​និង​លេខ​៦​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​តាម​អំពើ​ចិត្ត ដោយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ពុំមាន​លទ្ធភាព​ទប់ស្កាត់​បានឡើយ​។ ការដែល​អ្នកមាន​លុយ អ្នកមានអំណាច អាច​ប្រើ​គ្រឿងចក្រ​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​ឡូត៍​នេសាទ​យក​ធ្វើជា​កម្មសិទ្ធិ​ស្រេច​តែ​អំពើ​ចិត្ត គឺអាច​មានការ​ឃុបឃិត​បើកដៃ​ពី​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​បាល​ជលផល​ខេត្តកណ្ដាល​ផងដែរ​។ ដូច្នេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បទល្មើស​បន្ត​រាលដាល​កាន់តែខ្លាំង​។

​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​ថា មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ធ្វើ​សកម្មភាព​ឈូសឆាយ​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​៥ ដែលជា​តំបន់​អភិរក្ស​យ៉ាង​អនាធិបតេយ្យ​។ អ្នក​ដែល​ធ្វើ​សកម្មភាព​នៅ​ចំណុច​បឹង​អូរ​ប៉ៃ អតីត​ឡូត៍​នេសាទ​លេខ​៥ ដោយ​ប្រើ​គ្រឿងចក្រ​២​គ្រឿង​នោះ គឺ​ឈ្មោះ ភ្ន​ង ឆេង ប្រធាន​សហគមន៍​អតីត​ឡូត៍​នេសាទ​លេខ​៥ ដោយ​បុគ្គល​នេះ​បាន​ប្រើ​គ្រឿងចក្រ​ជីក​ប្រឡាយ​និង​បៀ​ធំៗ​ដាក់​សម្រាស់​ពេញ​ផ្ទៃ​បឹង​សម្រាប់​ប្រមូល​ផល​ត្រី​នៅ​រដូវ​ទឹក​ស្រក​។ ចំណែក​អ្នកធ្វើ​សកម្មភាព​ឈូសឆាយដី​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​៦ មានឈ្មោះ យូ និង​ឈ្មោះ ស្នា ហើយ​ពុំមាន​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ចុះទៅ​ទប់ស្កាត់​នោះទេ​។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំប្រទល់​ស្រុក​ស្អាង និង​ស្រុក​លើកដែក បាន​ឲ្យ​ដឹងថា​ឈ្មោះ ភ្ន​ង ឆេង ឈ្មោះ យូ និង​ឈ្មោះ ស្នា បាន​ប្រើប្រាស់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​សម្រាប់​ឈូសឆាយ​កាយ​ដី​អតីត​តំបន់​ឡូត៍​នេសាទ​លេខ​៥ លេខ​៦ យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ស្អាង និង​ស្រុក​លើកដែក ក៏ដូចជា​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​សង្ស័យថា ពួកគេ​នៅ​ពីក្រោយ​បទល្មើស​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដូច្នេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ កុំ​ឲ្យ​ក្រុម​ជនល្មើស​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​៥ លេខ​៦ យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ពេញបន្ទុក​តទៅទៀត​៕

5726f2df-1e57-46e3-bebb-7537dcc1a9d6 71e419c1-a675-407c-8153-714df72f4f45 7a3539bb-1033-43e3-9952-1be3904de1b0