លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុងស្រុក​ឯក​ភ្នំ​ខ្លះ​ផង​

បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង យក​ធ្វើជា​កម្មសិទ្ធិឯកជន​នៅតែ​បន្ត​កើតមាន​យ៉ាង​រាលដាល ព្រោះ​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង និង​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នោះទេ​។ ដោយសារតែ​ព្រួយបារម្ភ​ពី​សេចក្ដី​វិនាស​នៃ​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន​នោះ​ហើយ ទើប​ប្រជាពលរដ្ឋ​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​ឃុំ​ពាម​ឯក បាន​រិះគន់ថា​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ ទំនងជា​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពាម​ឯក បាន​ឲ្យ​ដឹងថា​ថ្មីៗ​នេះ​មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ត្រូវបាន​ក្រុម​ឈ្មួញ​ប្រើប្រាស់​ធ្វើ​សកម្មភាព​ឈូសឆាយ​នៅក្នុង​អាង​ភៀស​ដែលជា​តំបន់​ព្រៃ​លិច​ទឹក​ស្ថិតនៅ​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ យ៉ាង​អនាធិបតេយ្យ​។ អ្នកភូមិ​បាន​ឲ្យ​ដឹងថា ដីព្រៃ​លិច​ទឹក​អាង​ភៀស ដែលមាន​ទំហំ​រាប់ពាន់​ហិកតា​នោះ កំពុង​ត្រូវ​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក បើកដៃ​ឲ្យ​ឈ្មួញ អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​យ៉ាង​គឃ្លើន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ នៅពេលដែល​ព័ត៌មាន​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ទើប​មន្ត្រី​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក​ដើម្បី​យករួចខ្លួន ការពិត​ពួកគេ​គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មាន​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​។

សេចក្ដីរាយការណ៍​ពី​អ្នកភូមិ​គោក​ដូង បាន​ឲ្យ​ដឹងថា​ម្ចាស់​គ្រឿងចក្រ​២​នាក់​ឈ្មោះ ឆប និង​ឈ្មោះ លាភ តែងតែ​ស៊ីឈ្នួល​កាយ​ដីព្រៃ​ឲ្យ​ឈ្មួញ ក៏ដូចជា​អ្នកមានអំណាច អ្នកមាន​លុយ ដែល​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​តំបន់​អាង​ភៀស​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ចំណែក​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង និង​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ ក្នុងខណៈដែល​អភិបាល​ស្រុក​ឯក​ភ្នំ ឈ្មោះ ឡុង សុ​ភឺន បាន​អះអាងថា ការកាយ​រណ្ដៅ​ជីក​ប្រឡាយ​និង​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នោះ ពុំមាន​ច្បាប់​អនុញ្ញាត​ឡើយ​។ ដូច្នេះ​លោក វេ​ង សាខុន ដែលជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​តំបន់​អាង​ភៀស ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ និង​ជម្រក​ត្រី​ពង​កូន​៕

2.IMG_5283លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ Untitled-1 IMG_3517