ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​ធ្លាក់​ចុះ​65%

ប្រទេស​វៀតណាម ៖ យោង​តាម​ការិយាល័យ​ស្ថិតិ​ទីក្រុង​បានឱ្យ​ដឹង​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ដែល​បាន​ចុះបញ្ជី​វិនិយោគ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ បាន​ធ្លាក់​ចុះ​៦៥% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

កាលពី​ថ្ងៃ​ទី​១៥ កក្កដា កន្លង​ទៅ ទីក្រុង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​វៀតណាម​មួយ​នេះ ទទួល​បានការ​វិនិយោគ​សរុប​ត្រឹមតែ​៨៦៣,៦​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន មាន​ចំនួន​រហូត​ដល់​២,៥​ប៊ី​លាន​ដុល្លារ ។

យោង​តាម​ការិយាល័យ​ខាងលើ អចលនទ្រព្យ​នៅ​តែ​ជា​វិស័យ​ទាក់ទាញ​បំផុត​សម្រាប់​វិនិយោគិន​បរទេស ក្នុង​នោះ​សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​២៨០​លាន​ដុល្លារ ឬ​ស្មើនឹង​៤៣,៧% នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ។

ក្នុងអំឡុងពេល​ដដែល​នេះ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​នាំមុខ​គេ​ក្នុង​ទីក្រុង​នេះ​គឺ Cayman Islands (​អង់គ្លេស​) ជាមួយនឹង​ទឹកប្រាក់​២៣១​លាន​ដុល្លារ បន្ទាប់​មក​ជប៉ុន (៩៦,១​លាន​ដុល្លារ​), សិង្ហ​បុរី (៨៧,២​លាន​ដុល្លារ​), កូរ៉េ​ខាងត្បូង (៥១,២​លាន​ដុល្លារ​), Virgin Islands (​អង់គ្លេស​) (៤៥​លាន​ដុល្លារ​) និង​តៃវ៉ាន់ (៣០,៣​លាន​ដុល្លារ​) ។
លោកស្រី Le Thi Huynh Mai នាយិកា​រង​នៃ​នាយកដ្ឋាន​ផែនការ និង​ការ​វិនិយោគ​ក្រុង បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក Sai Gon Giai Phong ថា ៖ « លទ្ធផល​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ មិន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ទាំងអស់​នៃ​ការ​ទាក់ទាញ​ការ​វិនិយោគ​ទេ ព្រោះថា គម្រោង​ខ្នាត​ធំ​ៗ​ត្រូវ​បាន​គេ​ដាក់​ស្នើ​ឡើងជា​ញឹកញាប់​ចេញពី​វិនិយោគិន​បរទេស​នៅ​ក្នុង​ឆមាស​ទី​២​ឆ្នាំ​នេះ » ។

លោកស្រី Mai ឱ្យ​ដឹង​ទៀត​ថា ដើម្បី​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​វិនិយោគិន​ទាំងអស់ ទីក្រុង​ហូ​ជី​មិ​ញ​បាន​បន្ត​ការ​បម្រុង​ទុក​ដី​បន្ថែម​ទៀត​សម្រាប់​ការ​ផលិត និង​កែសម្រួល​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​លើ​ផ្នែក​សួន​ឧស្សាហកម្ម និង​នៅ​តាម​តំបន់​ដំណើរការ​នាំ​ចេញ​ផ្សេង​ៗ ។

កាលពីដើម​ឡើយ លោកស្រី Mai បាន​និយាយ​ថា ទីក្រុង​ហូ​ជី​មិ​ញ​ចាត់​ទុក​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស គឺជា​កត្តា​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ក្នុង​ទីក្រុង ។ លោកស្រី​បន្ថែម​ថា ទីក្រុង​នេះ​នឹង​ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​លើ​វិស័យ​ចំណេះដឹង និង​បច្ចេកវិទ្យា​៕