ប្រទេស​សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន​ជា​ច្រើន​រឹត​បន្តឹង​ការ​នាំ​ចូល​ដែកថែប​ពី​កូរ៉េ​ខាងត្បូង

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​របាយការណ៍​មួយ​ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​ការ​ប្រកួតប្រជែង​ទូ​ទាំង​សកលលោក បាន​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ដែក និង​គីមី​មាន​សក្តានុពល​ខ្លាំង ការ​រឹត​បន្តឹង​លើ​ការ​នាំ​ចូល​ផលិតផល​ដែកថែប​របស់​កូរ៉េ មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​កំពុង​រីក​ចម្រើន ។

យោង​តាម​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​កូរ៉េ (KOTRA) ក្រៅពី​ការ​ស៊ើបអង្កេត​ទាំង​២៣ នៃ​ការ​ប្រឆាំង​នឹង​ការ​លក់​បង្ខូច​ថ្លៃ​ទំនិញ ឬ​ការពារ​ពី​ហានិភ័យ​នៅ​ក្នុង​ការ​នាំ​ចេញ​របស់​កូរ៉េ​ខាងត្បូង ដែល​បាន​ចាប់ផ្តើម​ធ្វើ​នៅ​ពាក់កណ្តាល​ឆមាស​ទី​១​ឆ្នាំ​នេះ​។ គេ​សង្កេត​ឃើញ​ថា មាន​១៩​ប្រទេស​ស្ថិត​ក្នុង​ទីផ្សារ​កំពុង​អភិវឌ្ឍន៍​ដូច​ជា ប្រទេស​​ឥណ្ឌា ថៃ ម៉ា​ឡេ​ស៊ី វៀតណាម និង​ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​ឈូង​សមុទ្រ (GCC) ។

បទ​ប្បញ្ញត្តិ​បរទេស​ដែល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ដែកថែប​របស់​ប្រទេស​កូរ៉េ មានការ​កើនឡើង​យ៉ាង​ខ្លាំង ។ មាន​ពាក្យបណ្តឹង​ចំនួន​១៧ ត្រូវ​បាន​គេ​ដាក់​នៅ​ពាក់កណ្តាល​ឆមាស​ដំបូង ដោយ​មាន​ចំនួន​១៤​បណ្តឹង​ពី​ប្រទេស​ប្រទេស​ឥណ្ឌា និង​ប្រទេស​ជា​ច្រើន​ទៀត​នៅ​អាស៊ី​អាគ្នេយ៍ ។

នៅ​ថ្ងៃ​ទី​៣០ មិថុនា មាន​ប្រទេស​ចំនួន​២៩ បាន​ធ្វើ​និយ័ត​កម្ម​លើ​ការ​នាំ​ចូល​ផលិតផល​របស់​កូរ៉េ​ចំនួន​១៦៩​ផលិតផល ។ នៅ​ថ្ងៃ​ទី​៣១ ធ្នូ ការ​រឹត​បន្តឹង​ការ​នាំ​ចូល​ផលិតផល​ដែកថែប​មាន​ចំនួន​១៣០ ឬ​៧៦,៩%​នៃ​ចំនួន​សរុប ។ ការ​កើនឡើង​៩% បន្ទាប់​ពី​ចុងឆ្នាំ​មុន​បាន​ចង្អុលបង្ហាញ​ពីរ​បាំង​ដ៏​ខ្ពស់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែកថែប ។ នេះ​បើ​តាម​របាយការណ៍​របស់ KOTRA បាន​រាយការណ៍ ។

ប្រទេស​ឥណ្ឌា គឺជា​ប្រទេស​ដែល​កំណត់​និយ័ត​កម្ម​ញឹកញាប់​បំផុត​នៃ​ការ​នាំ​ចូល​របស់​កូរ៉េ​ខាងត្បូង ដោយ​មាន​ចំនួន​៣១​ករណី ឬ​ឡើង​ទៅ​ដល់​៥​ករណី គិត​ពី​ថ្ងៃ​ទី​៣១ ខែធ្នូ ។ បន្ទាប់​មក​គឺ​សហរដ្ឋអាមេរិក (២១​ករណី​), ចិន (១១​ករណី​), ឥណ្ឌូ​ណេ​ស៊ី (១១​ករណី​), ប្រេ​ស៊ី​ល (១០​ករណី​), ថៃ និង​តួ​ក​គី (៩​ករណី​ជាប់​គ្នា​) ។

ការ​លក់​បង្ខូច​ថ្លៃ​ទំនិញ (Antidumping) គឺជា​បទ​ប្បញ្ញត្តិ​ទូទៅ​បំផុត ក្នុង​នោះ​មាន​ចំនួន​១១៨​ករណី ឬ​៦៩,៨% ពោល​គឺ​មានការ​កើនឡើង​៤% គិត​ត្រឹម​ខែធ្នូ ដែល​ផ្តល់​ជា​លទ្ធផល​មាន​៤៤​ជំហាន​នៃ​ការពារ​ពី​ហានិភ័យ ។

របាយការណ៍​បាន​រំពឹង​ថា វិធានការ​គាំពារ​និយម​លើ​វិស័យ​ពាណិជ្ជកម្ម​នឹង​កើនឡើង​នៅ​ឆមាស​ទី​២​ឆ្នាំ​នេះ ។ បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន គឺ​ទំនងជា​អំពាវនាវ​ឲ្យ​មាន​វិធានការ​ការពារ​ហានិភ័យ​ដើម្បី​ការពារ​ឧស្សាហកម្ម​របស់​ខ្លួន សូ​ម្បី​តែ​នៅ​ពេល​ដែល​ជនបរទេស​មិន​បាន​ពឹងពាក់​ទៅ​លើ​ការ​អនុវត្ត​ពាណិជ្ជកម្ម​មិន​ស្មើភាព​គ្នា មាន​ដូច​ជា​ការ​លក់​បង្ខូច​ថ្លៃ​ទំនិញ ព្រមទាំង​ការ​បង្កើត​រនាំង​គ្មាន​ពន្ធគយ​ជា​ច្រើន​ទៀត រួម​មាន​ទាំង​ការ​អនុញ្ញាត​នាំ​ចូល និង​ប្រព័ន្ធ​វិញ្ញាបនបត្រ​ដទៃ​ទៀត ។

លោក Song Yu-hwang ប្រធាន​ការិយាល័យ​ជំនួយ​ពាណិជ្ជកម្ម បាន​និយាយ​ថា ៖ « ក្រុមហ៊ុននាំចេញ​របស់​កូរ៉េ​ត្រូវ​តែ​ឃ្លាំមើល​លើ​និន្នាការ​ឧស្សាហកម្ម​នៅ​បរទេស និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​បរទេស ត្រូវ​តែ​កំណត់​វិធានការ​តទល់​ទុកជា​មុន​ឲ្យ​បាន​ច្រើន ខណៈ​ពេល​ដែល​ពួក​គេ​ព្យាយាម​ចៀសវាង​គុណវិបត្តិ​នៃ​លទ្ធផល​បរាជ័យ​របស់​ពួក​គេ ក្នុង​ការ​ដោះស្រាយ​ជា​វិជ្ជមាន​តាម​រយៈពាក្យ​បណ្តឹង​លើ​ការ​លក់​បង្ខូច​ថ្លៃ​ទំនិញ ឬ​ការ​ស៊ើបអង្កេត​ជា​បន្តបន្ទាប់ ។ KOTRA នឹង​ជួយ​ខ្នះខ្នែង​យ៉ាង​សកម្ម​ដល់​ក្រុមហ៊ុននាំចេញ​ដែល​ទទួល​រង​នូវ​រលក​គាំពារ​និយម ដោយ​ធ្វើ​ពិពិធ​កម្ម (​ធ្វើ​ឲ្យ​ប្លែក​គ្នា​) នៃ​ទីផ្សារ​នាំ​ចេញ និង​ការ​ជំរុញ​ទៅ​កាន់​ទីផ្សារ​បរទេស​តាម​រយៈ​ការ​វិនិយោគ​ដោយ​ផ្ទាល់ » ៕