ប្តី​មាន​ថ្មី​ប្រុង​រៀប​ការ ប្រពន្ធ​កូនខ្ចី​ខឹង​ខាំ​អណ្តាត

ប្តី​មាន​ថ្មី​ប្រុង​រៀប​ការ ប្រពន្ធ​កូនខ្ចី​ខឹង​ខាំ​អណ្តាត



រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​ទើប​សម្រាលកូន​បាន​៤​ខែ ដោយសារ​ទប់​កំហឹង​រឿង​ប្តី​លួច​មាន​ស្រី​ថ្មី បាន​ខាំ​អណ្តាត​ខ្លួនឯង​ហូរ​ឈាម​ច្រាល​សន្លប់​ស្តូកស្តឹង ហើយ​ត្រូវ​បាន​ប្តី​លូក​ម្រាមដៃ​ចូល​ឱ្យ​ខាំ​ជួយ​ទប់ ខ្លាច​ដាច់​អណ្តាត ព្រមទាំង ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ ដោយ​សង្ឃឹមថានឹង​មក​ជួយ ។ ដោយ​រង់ចាំ​អស់​ពេល​ជា​ច្រើន​ម៉ោង​អត់​មាន​រថយន្ត​ទៅ​ដឹក ក៏​ត្រូវ​បាន​អ្នក​ជិតខាង​សម្រេចចិត្ត​ចង​អង្រឹង​សែង​ដើរ​ជិត​១០​គីឡូម៉ែត្រ យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៧ កក្កដា នៅ​ចំណុច​ការ​ដ្ធា​ន​សាងសង់​ឃ្លាំង​ស្តុក​អង្ករ ស្ថិត​ក្នុងភូមិ​អ​ន្ស​រ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​ដែល​ខាំ​អណ្តាត​ខ្លួនឯង​នេះ​ឈ្មោះ ង៉ូ​យ សោភា អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​អង្គ​ក្នុង ឃុំ​អង្គ​ព្រះ​ស្រែ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ ចំណែក​ប្តី​ឈ្មោះ ធឿ​ន ធី អាយុ​៣១​ឆ្នាំ ជា​ជាងសំណង់ មានស្រុក​កំណើត​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល ។ ប្តី​ប្រពន្ធ​នេះ​មានកូន​៣​នាក់ ។

ប្រភព​ព័ត៌មាន​ពី​បងប្អូន​ជីដូនមួយ​បានឱ្យ​ដឹង​ថា បុរស​ជា​ប្តី​នោះ​បាន​មក​ធ្វើការ​សំណង់​តាំងពី​ប្រពន្ធ​ឆ្លងទន្លេ​បាន​ជិត​មួយ​ខែ​ម្ល៉េះ តែ​មិន​ដែល​ទៅ​ផ្ទះ​ទេ បែរជា​លួច​សម្ងំ​មាន​ស្រី​ថ្មី​នៅ​ភ្នំពេញ ។ បន្ទាប់​មក​ក៏​បែកធ្លាយ​រឿង​នេះ​ដឹង​ដល់​ប្រពន្ធ ថា​ប្តី​មាន​ស្រី​ជិត​ចូល​រោងការ​ទៀត​ផង ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ប្រពន្ធ​បាន​នាំ​កូនប្រុស​ដែល​ទើបនឹង​សម្រាល បាន​៤​ខែ​នោះ​មក​ភ្នំពេញ​ដើម្បី​ជួប​ប្តី ពេល​នោះ​ក៏​មាន​អ្នក​ជិតខាង​មក​លេង​ប្តី​របស់​នាង​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ប្រពន្ធ​ដែល​មក​ភ្នំពេញ​នេះ គឺ​មាន​បំណង​មក​នាំ​ប្តី​ទៅ​ស្រុក កំណើត​វិញ ប៉ុន្តែ​បុរស​ជា​ប្តី​មិន​ព្រម​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ជាមួយ​ទេ ទើប​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ខឹង រហូត​រឹង​ថ្គាម​ខាំ​អណ្តាត​ខ្លួនឯង​។ ភ្លាម​ៗ​នោះ​អ្នក​ជិតខាង​និង​បុរស​ជា​ប្តី បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ទាំង​រដ្ឋ​ទាំង​ឯកជន​ជា​ច្រើន​ដង នៅ​តែ​មិន​មាន​រថយន្ត​សង្គ្រោះ​ណាមួយ​ទៅ​ដឹក​យក​មក​ព្យាបាល ទើប​អ្នក​ជិតខាង​និង​បុរស​ជា​ប្តី​បាន​សម្រេចចិត្ត​ចង​អង្រឹង​សែង​ដើរ​ចម្ងាយ​ជិត​១០​គីឡូម៉ែត្រ​ទាំង​ភ័យ​ស្លន់ស្លោ ហើយ​បុរស​ជា​ប្តី​ដើរ​បណ្តើរ​ទូរស័ព្ទ​បណ្តើរ​និង​លូកដៃ​ចូល​មាត់​ប្រពន្ធ​ឱ្យ​ខាំ ដោយសារ​ខ្លាច​ប្រពន្ធ​ខាំ​អណ្តាត​ខ្លួនឯង​ដាច់ ។

ដោយសារ​តែ​ស្លន់ស្លោរ​ខ្លាំង​ពេក បាន​នាំ​គ្នា​សែង​ហួស​មណ្ឌល​សុខភាព ទើប​បត់​ត្រឡប់​ក្រោយ​វិញ​ចូល​ឲ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះ ។ ខណៈ​ពេល​ទៅ​ដល់​មណ្ឌល​សុខភាព​គ្រូពេទ្យ​បាន​សួរនាំ​ថា មានរឿង​អី​ពិតប្រាកដ​បានជា អ្នកជំងឺ​ខាំ​អណ្តាត​ជាប់​បែប​នេះ ត្រូវ​បាន​អ្នក​ជិតខាង​ប្រាប់​ថា សង្ស័យ​ទាស់ចំណី​ព្រោះ​ស្ត្រី​រូប​នេះ​ទើបតែ​សម្រាលកូន​បាន​៤​ខែ បាន​ហូប​សម្លម្ជូរ​ដើម​ចេក ។ តែ​ភ្លាម​ៗ​នោះ​មាន​អ្នកខ្លះ​ទៀត​បាន​លើក​ឡើង​ថា មាន​អ្នក​ទើបនឹង​សម្រាលកូន​ដូច​គ្នា​ហូប​សម្ល​នឹង​ដែរ តែ​មិនឃើញ មាន​ទាស់ចំណី​ទេ ។ ភ្លាម​ៗ​ដែរ ត្រូវ​បាន​អ្នក​ជិតខាង​ប្រាប់​គ្រូពេទ្យ​ថា​សង្ស័យ​តែ​ស្ត្រី​រូប​នេះ​ខឹង​ប្តី​មាន​ស្រី​ថ្មី ហើយ​មាន​បំណង​ចូល​រោងការ​ទៀត​ផង ទើប​ធ្វើ​ឲ្យ​ស្ត្រី​រូប​នោះ​ខឹង​ចិត្ត​រហូត​រឹង​ថ្គាម ខាំ​អណ្តាត​ជាប់​សន្លប់​បែប​នេះ​តែ​ម្តង ។ បន្ទាប់​ពី​គ្រូពេទ្យ​សួរនាំ​មូលហេតុ​រួច​ហើយ ក៏​ធ្វើការ​ព្យាបាល​រហូត​ដល់​ស្ថានភាព​ស្ត្រី​ខាងលើ​បាន​ធូរស្រាល​វិញ​ហើយ ។

ជាមួយ​គ្នា​នោះ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​កើតហេតុ​ត្អូញត្អែរ​ថា នៅ​ភូមិសាស្ត្រ​ដែល​ពួក​គាត់​រស់នៅ​ខាងលើ​នេះ ពេល​ដែល​មាន​ជំងឺ​ឬ​គ្រោះថ្នាក់​អ្វីមួយ ត្រូវការ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ គឺ​មិន​ដែល​មាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​រដ្ឋ និង​គ្លីនិក​ឯកជន​ណាមួយ​ទៅ​ដឹក​យក​ទៅ​ព្យាបាល​ទេ ។

ពួក​គេ​និយាយ​ថា ទោះបីជា​ខំប្រឹង​ទូរស័ព្ទ​ចូល​លេខ​រថយន្ត​សង្គ្រោះ​ជា​ច្រើន​ដង​យ៉ាងណា​ក៏​ដោយ គឺ​មិន​ត្រឹមតែ​ប្រាប់​ឲ្យ​ទូរស័ព្ទ​ទៅ​ខាង​នេះ ទៅ​ខាង​ណោះ ចុង​ក្រោយ​កុហក​ថាឱ្យ​រង់ចាំ​បន្តិច គឺ​បាត់​ឈឹង​ទូរស័ព្ទ​លែង​ចូល​តែ​ម្តង ។

ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ក្រសួងសុខាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​អភិបាល​ខណ្ឌ​មេត្តា​ជួយ​សម្រួល​ដល់​ពួក​គាត់​ដែល​រស់នៅ​តំបន់​ជាយក្រុង ឲ្យ​មាន​រថយន្ត​សង្គ្រោះ​ទៅ​ជួយ​សង្គ្រោះ​ពួក​គាត់​ផង ព្រោះ​ពួក​គាត់​កំពុង​តែ​ជួប​ឧបសគ្គ​នៅ​ចំពោះ​មុខជា​ញឹកញាប់​ណាស់ ពិសេស​នៅ​ពេល​យប់ ៕