បញ្ញើក្អែក​អស់លក្ខណ៍ ឌុ​ប​នាង​សង្សារ​ដើរ​លួច ចំ​ថ្ងៃ​ស៊យ​ត្រូវ​វ័ណ្ឌក

បញ្ញើក្អែក​អស់លក្ខណ៍ ឌុ​ប​នាង​សង្សារ​ដើរ​លួច ចំ​ថ្ងៃ​ស៊យ​ត្រូវ​វ័ណ្ឌក



រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា​ប្រៀប​ដូច​ជា​បញ្ញើក្អែក ដែល​បុរស​ម្នាក់​បាន​ដឹក​ស្ត្រី​ជា​សង្សារ​របស់​ខ្លួន​ចេញ​ធ្វើ​សកម្មភាព​លួច ហើយ​នៅ​ពេល​ទៅ​ដល់ទី​តាំង​ដែល​មាន​អំណោយផល​និង​មានឱកាស​ល្អ ជន​នោះ​តែង​បញ្ជា​ឲ្យ
សង្សារ​របស់​ខ្លួន​ឲ្យ​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចូល​លួច​យក​ទ្រព្យសម្បត្តិ ចំណែក​ខ្លួន​ទៅ​អង្គុយ​គង​អន្ទាក់ខ្លា​ផឹក​កាហ្វេ​រង់ចាំ​យក​ចំណែក​នៅ​ក្រោយ​ពេល​ដែល​សង្សារ​លួច​បាន​សម្រេច​និង​លក់​បាន​លុយ ។

សកម្មភាព​បែប​នេះ បើ​តាម​ការ​សារភាព​ថា​បាន​សម្រេច​ច្រើន​លើក​មក​ហើយ និង​មានសំណាង​បាន​រត់គេច​ខ្លួន​រួច​ជា​បន្តបន្ទាប់​ទៀត​ផង​។ ទោះបីជា​បែប​ណា មិនមែន​ជួប​ថ្ងៃ​ហេង​រហូត​នោះ​ទេ លុះ​លើក​ចុង​ក្រោយ​នេះ​ពេល​ជន​នោះ​ដឹក​សង្សារ​ទៅ​ធ្វើ​សកម្មភាព​ដូច​ពេល​មុន​ៗ​ទៀត​ក៏​ដល់​ថ្ងៃ​អង្សា ខណៈ​ពេល​នាង​ជា​សង្សារ​កំពុង​ធ្វើ​សកម្មភាព​ស្រាប់តែ​ត្រូវ​ម្ចាស់​គេ​ទាន់​ស្រែ​កថា​ចោរ​ៗ​ចាប់​បាន​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ដើម្បី​សាកសួរ​។

ចំណែក​ជន​នោះ​មិន​បានដឹង ព្រោះ​ទៅ​ផឹក​កាហ្វេ​ក្នុង​ហាង​អង្គុយ​ចាំ និង​មិន​បាន​គេចខ្លួន ទៅ​ណា​ឡើយ ដោយ​ស្មានថា​នគរបាល​មិនដឹង​។ លុះ​ក្រោយ​ពី​ឮ​ថា​នាង​ជា​សង្សារ​ត្រូវ​បាន​ចាប់ខ្លួន ជន​នេះ​ក៏​បាន​ជិះ​ម៉ូតូឌុប​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ តែ​មិន​ហ៊ាន​ជិះ​ម៉ូតូ​ផ្ទាល់ខ្លួន​ទៅ​ឡើយ ហើយ​ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង ដែល​នេះ​មិន​ខុស​ពី​ដើរ​ចូល​អន្ទាក់​ដោយ​ខ្លួនឯង​នោះ​ទេ ។

គូសង្សារ​វ័យក្មេង​នេះ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ខាង​ស្រី​ត្រូវ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា នៅ​ចំណុច​ផ្ទះ​ជួល​ម្ដុំ​ជិត​ផ្សា​រកា​ណា​ស៊ី​ធី ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ឯ​បុរស​ជា​សង្សារ​ត្រូវ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល នៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ក្នុង​ពេល​ដែល​ជន​នោះ​ទៅ​មើល​សង្សារ​របស់​ខ្លួន ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​ទាំង​ពីរ​នាក់​នេះ ស្រី​ឈ្មោះ សុខ ដា​វី ភេទ​ស្រី អាយុ​១៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ខេត្តកោះកុង ឯ​ប្រុស​ឈ្មោះ ហ៊ុន សុខ​ជា អាយុ​២៤​ឆ្នាំ ជា​ព្រូ​រថយន្ត ស្នាក់​នៅផ្ទះ​សំណាក់​ម្ដុំ​ផ្សារ​ដី​ហុយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​នៅ​ភូមិ​ចំបក់​ជ្រំ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ៕