ជនសង្ស័យ​លួច​គោ​ស្លាប់​ក្នុង​គុក ឱ្យ​ម្ចាស់​គោសងជំងឺ​ចិត្ត​«​លះ​លាង​»​តាម​ជំនឿ​ជនជាតិ

ជនសង្ស័យ​លួច​គោ​ស្លាប់​ក្នុង​គុក ឱ្យ​ម្ចាស់​គោសងជំងឺ​ចិត្ត​«​លះ​លាង​»​តាម​ជំនឿ​ជនជាតិ



ខេត្តមណ្ឌលគិរី ៖ ពិតជា​រឿង​ចម្លែក​មួយ​ដែល​ជនសង្ស័យ​លួច​គោ​ស្លាប់​ក្នុង​គុក បែរជា​គេ​តម្រូវ​ឱ្យ​ម្ចាស់​គោ​បង់​ជំងឺ​ចិត្ត​ដល់​គ្រួសារ​ជនសង្ស័យទៅ​វិញ ។ យោង​តាម​លោក អ៊ា​ង ម៉េ​ង​លីបុគ្គលិក​អង្គការ​អា​ដ​ហុ​ក​ប្រចាំ​ខេត្តមណ្ឌលគិរីបាន​និយាយ​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​ចំនួន​២​គ្រួសារ បាន​មក​កាន់​ស្នាក់​ការ​សមាគម​អា​ដ​ហុ​ក​ដើម្បី​ជួយ​ប្រឹក្សា​យោបល់ និង​រៀបចំ​ឯកសារ​បដិសេធ​ទៅ​អាជ្ញាធរ​ឃុំ និង​ទាមទារ​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​របស់​គាត់ ដែល​ត្រូវ​ភាគី​ម្ខាង​ទៀត​បង្ខំ​ឲ្យ​ប្រគល់​លុយ ជ្រូក​១​ក្បាល និង​ស្រា​១​កេស ទៅ​គ្រួសារ​ជនសង្ស័យ​ជា​ថ្នូរ​នឹង​ការ​រៀបចំ​សែនព្រេន​លះ​លាង ដែល​នេះ​ការ​អនុវត្ត​តាម​ជំនឿ​របស់​ជនជាតិ​ដើម​ភាគតិច ។

បុគ្គលិក​អង្គការ​អា​ដ​ហុ​ក​ដ​រូប​នេះ​និយាយ​ថា ពលរដ្ឋ​២​គ្រួសារ​នេះ គ្រួសារ​មួយ ប្ដី​ឈ្មោះ កើច ណូ​ត ប្រពន្ធ​ឈ្មោះ ពិល លើ​យ អាយុ​៥៧​ឆ្នាំ  និង​គ្រួសារ​មួយទៀត ប្ដី​ឈ្មោះ​ជីវ គី​ម ប្រពន្ធ​ឈ្មោះ ណូ​ត ត្រាច់ អាយុ​២៣​ឆ្នាំ ត្រូវជា​កូន​និង​កូនប្រសា  ពួក​គេ​រស់នៅ​ភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ។

ក្រុម​គ្រួសារ​ខាងលើ​បាន​រៀបរាប់​ប្រាប់​អាជ្ញាធរ​ឃុំ​ប៊ូ​ស្រា​ថា​៖ កាលពី​អំឡុង​ដើមខែ​កក្កដា ឆ្នាំ​២០១៦ ឈ្មោះ ផ្លាង ប៉ាប ភេទ​ស្រី និង​ឈ្មោះ គ្រែ​ល វេន ម្តាយក្មេក​របស់​ជនសង្ស័យ​លួច​គោ បាន​មក​បង្ខំ​ឲ្យ​ក្រុម​គ្រួសារ​គាត់​បង់ប្រាក់​ចំនួន​៣.០០០​ដុល្លារ​អា​មេ​រិ​ក ជ្រូក​១​ក្បាល និង​ស្រា​១​កេស ដើម្បី​ធ្វើការ​លះ​លាង​ជូន​ដល់​ក្រុម​គ្រួសារ​របស់​គេ ។

ក្រុម​គ្រួសារ​ខាងលើ​និយាយ​ទៀត​ថា ការ​បង្ខំ​ទាមទារ​នេះ​គឺ​ដោយសារ​តែ​ឈ្មោះ ក្លិះ គ្រុម ភេទ​ប្រុស ត្រូវជា​ប្តី និង​កូន បាន​ទទួលមរណភាព​នៅ​ក្នុង​ពន្ធនាគារ កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៦ កន្លង​ទៅ ។ គេ​បាន​ចោទ​ថា  ខាង​ក្រុម​គ្រួសារ​គាត់​ដែល​ជា​ម្ចាស់​គោ ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ​ធ្វើ​ឱ្យ​ស្លាប់ ដែល​នាំ​ឲ្យ​ខាង​ក្រុម​គ្រួសារ​គាត់​មាន​បញ្ហា ។

ពួក​គាត់​និយាយ​ថា ក្រុម​គ្រួសារ​គាត់​ជា​ជន​រង​គ្រោះ បែរជា​សាច់ញាតិ​ជនសង្ស័យ​ដែល​បាន​លួច​គោ​របស់​គាត់​មក​បង្ខំ​ក្រុម​គ្រួសារ​គាត់​ទៅ​វិញ ។ ជាមួយ​នេះ ថែម​ទាំង​គំរាមកំហែង​ដល់​អាយុជីវិត គំរាម​បំផ្លាញ​ទ្រព្យសម្បត្តិ ដោយ​សំអាង​ទៅ​លើ​ប្រពៃណី​ដែល​តម្រូវ​ឲ្យ​ធ្វើការ​ប្រគល់​លុយ សត្វ ស្រា តាម​ទំនើងចិត្ត គឺជា​អំពើ​ខុសច្បាប់​និង​រំលោភសិទ្ធិ​យ៉ាងធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ពួក​គាត់​ជា​ក្រុម​គ្រួសារ​រង​គ្រោះ​ពុំ​អាច​ទទួលយក​បាន និង​សុំ​បដិសេធ​ទាំងស្រុង ។

យោង​តាម​បុគ្គលិក​អង្គការ​អា​ដ​ហុ​កបាន​លើក​ឡើង​ថា​៖ កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៥ ឈ្មោះ កើច ណូ​ត និង​ក្រុម​គ្រួសារ ដែល​មានកូន​ប្រសា​ឈ្មោះ ជីវ គី​ម ផង​ដែរ បាន​នាំ​គ្នា​ទៅ​នៅ​ធ្វើស្រែ​ចម្ការ​នៅ​ចំណុចរ​ដុ​ង ស្ថិត​ក្នុងភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា ដោយ​មាន​ចិញ្ចឹម​គោ​មេ​១​ក្បាល​ផង ។

នៅ​ថ្ងៃមួយ ពេល​ក្រុម​គ្រួសារ​ចូល​សម្រាក​ដោយសារ​អស់កម្លាំង​ពី​ការ​ធ្វើ​ចម្ការ បាន​ចង​គោ​នៅ​ក្បែរ​ខ្ទម លុះ​ព្រឹក​ឡើង​ស្រាប់តែ​ពុំ​ឃើញ​មេគោ​នោះ ទើប​ពួក​គាត់​ពីរ​នាក់​ឪពុក​និង​កូនប្រសា នាំ​គ្នា​ដើរ​ស្វែងរក​គ្រប់​ច្រកល្ហក​។ នៅ​ក្នុង​ការ​ដើរ​រក​នោះ បានឃើញ​ជន​២​នាក់ គឺ​ឈ្មោះ ក្លិះ គ្រុម និង​ឈ្មោះ ច្រា​ត់ ស្មិ​ន ជា​អ្នក​ភូមិ​ជាមួយ​គ្នា កំពុង​អាំង​សាច់​គោ​ក្នុង​ព្រៃ ក៏​ប្រាប់​កូនប្រសា​ឲ្យ​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​អាជ្ញាធរ​ឲ្យ​ជួយ ។

ពេល​នោះ​ដែរ ឈ្មោះ កើច ណូ​ត បានឃើញ​គ្នា​គេ​ម្នាក់​ទៀត​ឈ្មោះ ព្លឹ​ន ដក់ ជិះ​ម៉ូតូ​មក​ដល់ ដោយ​មាន​យក​ស្រា​មក​ផឹក​ផង​ដែរ​។ ខណៈ​គាត់​ពុំ​ហ៊ាន​ចូល​ទៅ​ជិត​ទេ តែ​នៅ​រង់ចាំ​ឃ្លាំមើល​រហូត លុះដល់​ល្ងាច​បន្តិច ទើប​ឃើញ​កូនប្រសា​គាត់​នាំ​នគរបាល​ប៉ុស្តិ៍ និង​មន្ត្រី​អាជ្ញាធរ​ឃុំ​សរុប​១០​នាក់មក​ដល់ ហើយ​នាំ​គ្នា​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​និង​សួរនាំ​ថា តើ​មូលហេតុ​អ្វី​បានជា​លួច​គោ? ឯ​ពួក​គេ​ឆ្លើយ​ថា​លួច​យក​ទៅ​លក់ ។

ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន ក៏​បាន​បញ្ជូន​ទៅ​តាម​នីតិវិធី​រហូត​ដល់​តុលាការ​ធ្វើការ​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ ។ ពេល​នោះ​ដែរ ម្ចាស់​គោ ក៏​បាន​ប្រាប់​ឲ្យ​សមត្ថកិច្ច​ដោះ​លែង​ពួក​គេ​ទៅ ឯការ​ទូទាត់​សង​គ្នា​ចាំ​ពេល​ក្រោយ ប៉ុន្តែ​ពួក​គេ​ថា​មិន​អាច​ដោះ​លែង​បាន​នោះ​ទេ គឺ​ខុសច្បាប់​ត្រូវ​ទទួលទោស​អុ​ី​ចឹ​ង​ហើយ ។

ម្ចាស់​គោ​និយាយ​ថា ក្រោយមក​នៅ​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៦ ឪពុក​ម្តាយ​ជនសង្ស័យ​បាន​ឯកភាព​ប្រគល់​ប្រាក់​ចំនួន​៣,២​លាន​រៀល ជា​ថ្នូរ​នឹង​ថ្លៃ​គោ​ដែល​បាត់​នោះ ហើយ​ឲ្យ​ម្ចាស់​គោ​ដក​ពាក្យបណ្តឹង ។ បន្ទាប់​ពី​ទទួល​លុយ​ហើយ នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៦ ម្ចាស់​គោ​បាន​មក​តុលាការ​ឲ្យ​មន្ត្រី​នៅ​ទីនោះ​ជួយ​ធ្វើ​លិខិត​ដក​ពាក្យបណ្តឹង និង​បាន​ដាក់​ចូល​ដល់​តុលាការ​ថែម​ទៀត​ផង ។

ប៉ុន្តែ​ក្រោយ​ពី​ដាក់ គឺ​មិនឃើញ​ជនសង្ស័យ​ដែល​លួច​គោ​ទទួល​បាន​សេរីភាព​ចេញពី​ពន្ធនាគារ​វិញ​ឡើយ ។ រហូត​មក​ដល់​ចុងខែ​មិថុនា ឆ្នាំ​២០១៦ ឈ្មោះ ក្លិះ គ្រុម បាន​ទទួលមរណភាព​ដោយសារ​ជំងឺ​នៅ​ក្នុង​ពន្ធនាគារ ហើយ​ក៏​បាន​បញ្ជូន​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ ។ ស្រាប់តែ​នៅ​ដើមខែ​កក្កដា​នេះ ស្ត្រី​ឈ្មោះ ផ្លាង ប៉ាប  និង​ឈ្មោះ គ្រែ​ល វេន ដែល​ត្រូវជា​កូន បាន​មក​ប្រាប់​និង​បង្ខំ​ឲ្យ​ក្រុម​គ្រួសារ​ម្ចាស់​គោ​បង់លុយ​ចំនួន​៣.០០០​ដុល្លារ ជ្រូក​១​ក្បាល និង​ស្រា​១​កេស ទៅ​ឲ្យ​ពួក​គេ​ដើម្បី​ធ្វើការ​លះ​លាង តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច ។

បុគ្គលិក​អង្គការ​អា​ដ​ហុ​កបាន​លើក​ឡើង​ថា ដោយសារ​ក្រុម​គ្រួសារ​ម្ចាស់​គោ​ក្រី​ក្រពុំ​មាន​ប្រាក់​ក៏​ប្រាប់​ថា ពុំ​មាន​លទ្ធភាព​នោះ​ទេ ។ ប៉ុន្តែ​ភាគី​ម្ចា​ង​ទៀត​គំរាម​ថា បើ​ពុំ​មាន​ដូច​ការ​ទាមទារ​ខាងលើ​នោះ​ទេ គឺ​រករឿង​ពុំ​ឈប់​និង​គំរាម​សម្លាប់​ចោល​ថែម​ទៀត​ផង ទើប​ពួក​គាត់​នាំ​គ្នា​មក​កាន់​ទី​ស្នាក់​សមាគម ដើម្បី​ជួយ​ប្រឹក្សា​យោបល់​លើ​ករណី​នេះ ៕