រន្ធត់​គ្រប់​ៗគ្នា ពេល​ឃើញ​មក​ចំ​បែប​នេះ

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​រថយន្ត​យី​ឌុ​ប​១​គ្រឿង​បាន​បួង​ចង្កូត​ធ្លាក់​ស្នាមភ្លោះ រួច​ជ្រុល​ទៅ​បុក​តូប​លក់ដូរ​២​កន្លែង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត បណ្ដាល​ឲ្យ​ក្មេង​ៗ៣​នាក់​រង​របួសធ្ងន់​ស្រាល ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​យី​ឌុ​ប ពណ៌​ខៀវ ដឹក​ថ្ម​ធ្យូង​២​គ្រឿង បើកបរ​ស្រប​ទិស​គ្នា​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បង្ក​បាន​វ៉ា​រថយន្ត​យី​ឌុ​ប​១​គ្រឿង​ដែល​រត់​ពីមុខ ស្រាប់តែ​ទៅ​វាក់​ជាមួយ​រថយន្ត​ទួ​រី​ស​ដឹក​អ្នកដំណើរ​១​គ្រឿង​ទៀត ទើប​រថយន្ត​ដែល​វ៉ា​នោះ​បួង​ចង្កូត​គេច​រថយន្ត​ទួ​រី​ស​ដែល​បញ្ច្រាសទិស​គ្នា​នោះ បណ្តាល​ឲ្យ​រេ​ចង្កូត​ធ្លាក់​ស្មា​ម​ភ្លោះ ហើយ​ជ្រុល​ទៅ​បុក​ចំ​តូប​លក់ដូរ​២​កន្លែង​នៅ​មុខ​ផ្ទះ​ពលរដ្ឋ បណ្តាល​ឲ្យ​ក្មេង​ៗ៣​នាក់​ដែល​កំពុង​អង្គុយ​លេង​លើ​តូប​ខ្ទាត​ចេញ​ផុត​ពីមុខ​រថយន្ត រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់ និង​កិន​ម៉ូតូ​ម៉ាក​សេ​១០០​កូរ៉េ​របស់​ម្ចាស់​តូប​១​គ្រឿង​ដែល​ចត​នៅ​មុខ​ផ្ទះ​ខូចខាត​ទាំងស្រុង ​និង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​រន្ធត់​គ្រប់ៗគ្នា ។

កុមារ​រង​របួស​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កំពត​ពីរ​នាក់​និង​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​ម្នាក់​។ អ្នកបើកបរ​ក្រោយ​ពី​កើតហេតុ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​យី​ឌុ​ប​ពណ៌​ខៀវ ទ្រុង​វែង ដឹក​ថ្ម​ធ្យូង មាន​ស្លាក​សញ្ញា​កាំ​មិន​កូ ពាក់​លេខ ភ្នំពេញ 3A-6697 អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែក​កុមារ​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ​អឿ​ន សិលា ភេទ​ប្រុស អាយុ​៦​ឆ្នាំ រង​របួសធ្ងន់​, ២-​ឈ្មោះ អឿ​ន នារ​តី ភេទ​ស្រី អាយុ​៨​ឆ្នាំ (​ជា​បងប្អូន​បង្កើត​)​របួសស្រាល​, ៣-​ឈ្មោះ នាង ប៊ូ​លាន ភេទ​ប្រុស អាយុ​៦​ឆ្នាំ រង​របួសស្រាល ។ កុមារ​ទាំង​បី​នាក់​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ៕