ទឹកជំនន់​នៅ​នេ​ប៉ា​ល់ និង​ឥណ្ឌា​ស្លាប់​មនុស្ស​ជាង​90​នាក់

ប្រភព​ព័ត៌មាន​ផ្លូវការ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៨ កក្កដា ថា ទឹកជំនន់ និង​ការ​បាក់​ដី​នៅ​ប្រទេស​នេ​ប៉ា​ល់ និង​ឥណ្ឌា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៩០​នាក់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​បង្ខំ​ឱ្យ​មនុស្ស​យ៉ាងតិច​២​លាន​នាក់​ចាក​ចេញពី​លំនៅ​ឋាន ។

នៅ​នេ​ប៉ា​ល់​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ចាប់តាំងពី​ថ្ងៃ​ទី​២៥ កក្កដា មក បណ្តាល​ឱ្យ​ទឹកស្ទឹង​ទាំងឡាយ​ជន់​ជោរ​នាំ​ឱ្យ​មាន​ទឹកជំនន់ និង​ការ​បាក់​ដី​បំផ្លាញ​ផ្ទះ និង​ស្ពាន​ជា​ច្រើន ។

លោក JHANKA NATH DHAKAL អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​នេ​ប៉ា​ល់​និយាយ​ថា ចាប់តាំងពី​ថ្ងៃ​ទី​២៥ កក្កដា មក មនុស្ស​៧៣​នាក់​ស្លាប់​ក្នុង​ទឹកជំនន់ និង​ការ​បាក់​ដី ។ រូបភាព​តាំង​ឡាយ​ផ្សាយ​ដោយ​កងទ័ព​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​បង្ហាញ​ប្រជាជន​ដែល​ឡើង​លើដំបូល​ផ្ទះ​ត្រូវ​ជម្លៀស​ចេញ​តាម​កាណូត​កៅស៊ូ ។

ទឹកជំនន់​ក៏​ប៉ះពាល់​ដែរ​ដល់​រដ្ឋ​អាសា​ម​ភាគ​ឦសាន​ឥណ្ឌា ដែល​នៅ​ទីនោះ​មាន​មនុស្ស​ស្លាប់​១៩​នាក់ ។

ប្រមុខ​រដ្ឋាភិបាល​រដ្ឋ​អាសា​ម លោក SARBANANDA SONOWAL គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៨ កក្កដា ថា មនុស្ស​ប្រមាណ​២​លាន​នាក់​គ្មាន​ទីជម្រក ដោយសារ​ទឹកជំនន់​ដែល​ជន់​លិច​ភូមិ​៣.០០០​ក្នុងស្រុក​២១ ៕