ឥណ្ឌូ​ណេ​ស៊ី​ប្រហារ​ជិ​វិត​អ្នកទោស​4​នាក់

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​កាលពី​យប់​ថ្ងៃ​ទី​២៨ មក​២៩ កក្កដា បាន​ប្រហារជីវិត​អ្នកទោស​៤​នាក់​ពី​បទ​រត់ពន្ធ​គ្រឿងញៀន​ដោយ​ក្នុង​ចំណោម​អ្នកទោស​ប្រហារជីវិត​ទាំងនេះ​មាន​ជនបរទេស​៣​នាក់ ។

អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ​ឱ្យ​បោះបង់​ចោល​ទោស​ប្រហារជីវិត ។ អគ្គ​រដ្ឋ​អាជ្ញា​រង​ទទួល​បន្ទុក​បទឧក្រិដ្ឋ​លោក NOOR RACHMAD ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ CILACAP ជាទី​ក្រុង​មួយ​នៅ​ទល់មុខ​កោះមាន​ពន្ធនាគារ NUSAKAMBAN ជា​កន្លែង​ប្រហារ​ពួក​អ្នកទោស ថា​អ្នកទោស​ប្រហារ​ជីវិត​ទាំង​៤​នាក់​នេះ​មាន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​៣​នាក់ និង​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​ត្រូវ​បាញ់​សម្លាប់​នា​វេលា​រំលង​អធ្រាត្រ ។

ទោះបី​យ៉ាងណា អ្នកទោស​ប្រហារជីវិត​១០​នាក់​ទៀត​ពី​បទ​រត់ពន្ធ​គ្រឿងញៀន ក្នុង​នោះ​មាន​ជនជាតិ​ប៉ា​គី​ស្ថាន ឥណ្ឌា ហ្ស៊ី​ម​បា​វេ ព្រមទាំង​ឥណ្ឌូ​ណេ​ស៊ី​នៅ​ពុំ​ទាន់​ប្រហារជីវិត​ដូច​ការ​គ្រោងទុក​នៅឡើយ ។ អាជ្ញាធរ​ពុំ​បាន​ពន្យល់​ថា ហេតុ​អី​ពួក​អ្នកទោស​ទាំងនេះ​ពុំ​ត្រូវ​ប្រហារជីវិត​ក្នុង​ពេល​ជាមួយ​គ្នា ក៏​ប៉ុន្តែ​ពេល​មានការ​ប្រហារជីវិត​នេះ ស្រាប់តែ​មាន​ព្យុះ​ភ្លៀង​យ៉ាង​ខ្លាំង​នៅ​ទីតាំង​ដែល​អាច​នាំ​ឱ្យ​មានការ​ពន្យារពេល​នោះ ។

នេះ​ជា​ការ​ប្រហារជីវិត​អ្នកទោស​លើក​ទី​៣ ហើយ​ចាប់តាំងពី​ប្រធានាធិបតី​លោក​ហ្សូ​កូ​វី​ដូ​ដូ ឡើង​កាន់​អំណាច​ពី​ខែតុលា ឆ្នាំ​២០១៤ មក​។ លោក​ជា​អ្នក​ការពារ​ទោស​ប្រហារ​ជីវិត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន ដែល​មានការ​កើនឡើង ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ ៕