សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​សត្វ​ខ្ទីង​២​ក្បាល​ត្រូវ​បាន​សម្លាប់​នៅ​ស្ទឹងត្រែង

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​នៅ​ខែត្រ​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល និង​តំណាង​អយ្យការ​ខែត្រ​នេះ​ស៊ើប​អង្កេត​ករណី​សត្វ​ខ្ទីង​ពីរ​ក្បាល​ត្រូវ​ព្រានព្រៃ​សម្លាប់។ មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​មន្ត្រី​ជំនាញ​ស្វែង​រក​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ។ លើស​ពី​នេះ អាជ្ញាធរ​ត្រូវ​ធានា​អនុវត្ត​ច្បាប់​ឲ្យ​តឹងរ៉ឹង​ដើម្បី​រួម​ចំណែក​អភិរក្ស​សត្វ​កម្រ​ជិត​ផុត​ពូជ។

សាច់​សត្វ​ខ្ទីង​ត្រូវ​អ្នក​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ប្រទះឃើញ​ឈ្មួញ​លក់ដូរ​ក្នុង​តម្លៃ​មួយ​គីឡូក្រាម ៣​ម៉ឺន​រៀល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា។ អ្នក​ភូមិ​ថា សត្វ​ខ្ទីង​ទាំង​ពីរ​ក្បាល​នោះ​រស់​នៅ​តំបន់​ព្រៃឡង់ ចំណុច​ភ្នំ​ធំ ក្នុង​ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ ជាប់​ព្រំប្រទល់​ស្រុក​ឆែប ខែត្រ​ព្រះវិហារ ហើយ​ត្រូវ​ព្រានព្រៃ​ដាក់​អន្ទាក់​បាន​នៅ​ពី​ដើម​សប្ដាហ៍​នេះ។

​ពលរដ្ឋ​រស់​នៅ​ភូមិ​ឆ្វាំង លោក អ៊ុក ម៉ៅ ឲ្យ​ដឹង​ថា ឈ្មួញ​ជួញដូរ​សាច់​សត្វ​ខ្ទីង ដោយ​លាក់លៀម។ លោក​កត់សម្គាល់​ថា ឈ្មួញ​លក់​សាច់​សត្វ​ខ្ទីង​បាន​បង្ហើប​ថា ពលរដ្ឋ​នៅ​ភូមិ​វាល​ដេញ​ឃុំ​អន្លង់ជ្រៃ បាន​ដាក់​អន្ទាក់​សត្វ​នេះ​បាន​នៅ​ចំណុច​ភ្នំ​ធំ ហើយ​នាយ​រង​ប៉ុស្តិ៍​នគរបាល​ឃុំ​អន្លង់ជ្រៃ លោក ចយ បាន​ទិញ​ក្បាល និង​ស្នែង​ខ្ទីង​ឈ្មោល​មួយ​តម្លៃ ៧០០​ដុល្លារ។

លោក​បន្ថែម​ថា ចំណុច​ភ្នំ​ធំ​នៃ​ភូមិ​វាលដេញ ឃុំ​អន្លង់ជ្រៃ ជា​ផ្នែក​មួយ​នៃ​ព្រៃឡង់ ជា​ជម្រក​សត្វចតុប្បាទ​ព្រៃ​រស់​នៅ ត្រូវ​ពលរដ្ឋ​មូលដ្ឋាន​លួច​ឆ្មក់​ដាក់​អន្ទាក់​ដើម្បី​យក​សាច់​ជា​ហូរហែ៖ «មួយ​ក្បាល​បើ​មេ​មួយ​តោន បើ​អា​បា អា​ធំ​ទំហំ​ជាង ១​តោន។ សល់​អត់​ដល់ ១០ ទេ​ឥឡូវ។ ឥឡូវ​បាត់​ពីរ​ទៀត​ហើយ សល់​ត្រឹម ៥-៦ និយាយ​ទៅ​សត្វ​កម្រ កម្រ​មាន​កូន​មាន​ចៅ​ឈ្មោល​មិន​សូវ​បាន​ជួប​មេ​វា​ផ្អើល​រត់ បែក​គ្នា​ក្រ​កើត​កូន​ទៅ។ បើ​គេ​អត់​កាប់​ព្រៃ​វា​នៅ​ជុំ​គ្នា​បាន​កើត​កូន តែ​វា​រត់​បែក​គ្នា​ហើយ លែង​មាន​កូន​មាន​ចៅ​ហើយ»

​លោក អ៊ុក ម៉ៅ រំឭក​ថា កាល​ពី​ដើម​ឆ្នាំ​២០១៦ អ្នកភូមិ​ឆ្វាំង បាន​ដាក់​អន្ទាក់​ក្នុង​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ចាប់​បាន​ទន្សោង​ចំនួន ៣​ក្បាល (មួយ​ក្បាល​ទម្ងន់​ចាប់​ពី ៥០​គីឡូក្រាម​ដល់​ជាង ១០០​គីឡូក្រាម)។ បន្ទាប់ពី​អ្នកភូមិ​ដាក់​អន្ទាក់​បាន​សត្វ​ទាំង​នោះ លោក​ឃើញ​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង ហៅ​អ្នក​ពាក់ព័ន្ធ​មក​អប់រំ​ណែនាំ​ដែរ៖ «រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​សូម​ជួយ​ទប់ស្កាត់​ផង ហើយ​បើ​បណ្ដោយ​ឲ្យ​មន្ត្រី ឬ​ប្រជាជន​ដាក់​អន្ទាក់​ដាក់​អី​ហ្នឹង បាត់បង់​អស់​ហើយ​សត្វ​ព្រៃ»

​ឆ្លើយ​តប​រឿង​នេះ មេឃុំ​អន្លង់ជ្រៃ លោក ព្រំ យ៉ា ឲ្យ​ដឹង​ថា លោក​ពុំ​ទាន់​ទទួល​ដំណឹង​ករណី​នេះ​ទេ។ លោក​ថា អាជ្ញាធរ​ឃុំ​នឹង​ចាត់​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​រឿង​នេះ​នៅ​ពេល​ទទួល​ដំណឹង​នេះ។ លោក​បន្ត​ថា អាជ្ញាធរ​ឃុំ​កន្លងទៅ​ធ្លាប់​អប់រំ​ពលរដ្ឋ​ស្តីពី​ការ​អភិរក្ស​សត្វព្រៃ និង​អត្ថប្រយោជន៍​សត្វព្រៃ​ច្រើន​សា​ដែរ៖ «ឲ្យ​តែ​គេ​តាមដាន​ច្បាស់លាស់​ហើយ​រឿង​ច្បាប់​គឺ​ច្បាប់​ហើយ»

​សេចក្ដី​រាយការណ៍​របស់​សហគមន៍​ឲ្យ​ដឹង​ទៀត​ថា ជម្រក​សត្វចតុប្បាទ​ព្រៃ​នៅ​តំបន់​ព្រៃឡង់ ស្រុក​ថាឡាបរិវ៉ាត់ កំពុង​គំរាមកំហែង​ធ្ងន់ធ្ងរ​ដោយ​ពលរដ្ឋ​ចំណូល​ថ្មី និង​ឈ្មួញ​មាន​អំណាច​បាន​កាប់​ឆ្ការព្រៃ​ដើម្បី​យក​ដី​ប្រើប្រាស់​ជា​កម្មសិទ្ធិ​បុគ្គល​ដែល​ជា​ផ្នែក​មួយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជម្រក​សត្វ​កម្រ​ទាំង​នោះ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិរក្ស​អន្តរជាតិ ហៅ​កាត់​ថា ស៊ី.អាយ (CI) លោក សេង ប៊ុនរ៉ា បារម្ភ​ថា អន្ទាក់​ព្រានព្រៃ​គឺ​ជា​ឃាត់​ក​សម្ងាត់​មួយ​ដែល​អាច​សម្លាប់​សត្វ​ចតុប្បាទ​ព្រៃ​ដ៏​សាហាវ​ច្រើន​ប្រភេទ​ដូចជា ដំរី ខ្លាឃ្មុំ និង​ខ្ទីង​ជាដើម ដូច្នេះ​អង្គការ​លោក​កំពុង​រក​មធ្យោបាយ​ទប់ស្កាត់​ករណី​នេះ ដោយ​សហការ​​ជាមួយ​សហគមន៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ល្បាត​ជា​ប្រចាំ។ លោក​ថា ប្រតិបត្តិ​ការ​ចុះ​ល្បាត​នោះ​ផ្ដោត​សំខាន់​ដោះ​អន្ទាក់​ព្រានព្រៃ ដែល​ដាក់​ពង្រាយ​ច្រើន​កន្លែង​នៅ​ទីតាំង​ជ្រក​សត្វព្រៃ​រស់​នៅ ក៏ប៉ុន្តែ​វិធានការ​នេះ មិន​អាច​គ្រប់​ដណ្ដប់​បាន​ទូលំទូលាយ​ទេ។ តែ​យ៉ាងណា​លោក​ថា អង្គ​អភិរក្ស​អន្តរជាតិ​នឹង​ប្រឹងប្រែង​អនុវត្ត​វិធានការ​នេះ​បន្ត​ទៀត៖ «តំបន់​វា​ធំ ហើយ​អង្គការ​អភិរក្ស​មួយៗ យើង​ធ្វើ​នៅ​ក្នុង​តំបន់​មួយ​តូចៗ រៀងៗ​ខ្លួន ដូច្នេះ​ប្រសិទ្ធភាព​ដូច​ថា ទប់​ខាងលិច​វា​ហូរ​ចេញ​ខាង​កើត គ្រប់​កន្លែង តែ​យើង​នឹង​ព្យាយាម​បន្ត​ទៀត ជា​ពិសេស​គឺ​យើង​ធ្វើ​ជាមួយ​នឹង​អាជ្ញាធរ​ដែន​ដី ហើយ​និង​ខាង​សហគមន៍ និង​រដ្ឋបាល​ព្រៃឈើ»

​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ អ្នក​ភូមិ​ត្នោតថ្មី ប្រទះ​ឃើញ​ខ្ទីង​មួយ​ក្បាល​ងាប់​ទម្ងន់​ជាង ១​តោន​ក្នុង​ចម្ការ​របស់​ពួកគេ​ចំណុច​ជាំ​ប្រាំង ក្នុង​ភូមិ​ត្នោត​ថ្មី​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់។ អ្នក​ភូមិ​សន្និដ្ឋាន​ថា មូលហេតុ​បណ្ដាល​ឲ្យ​សត្វ​ខ្ទីង​ងាប់ បណ្ដាល​មក​ពី​ត្រូវ​គ្រាប់​កាំភ្លើង​កែច្នៃ​របស់​ព្រានព្រៃ ដោយ​គេ​រក​ឃើញ​ថា គ្រាប់​កាំភ្លើង​ច្រើន​គ្រាប់​បាន​បៀម​ជាប់​ខ្លួន​សត្វ​ខ្ទីង​នោះ។

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​ថា សមាគម​អាដហុក គ្រោង​សរសេរ​លិខិត​អន្តរាគមន៍​ចំពោះ​ករណី​នេះ​ទៅ​តំណាង​អយ្យការ​ខែត្រ​ស្ទឹងត្រែង ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។