ចាប់ជនប្រើប្រាស់គ្រឿងញៀន៣នាក់ តែ​ទារប្រាក់​៤០ម៉ឺនរៀល​

ខេត្តបាត់ដំបង ​៖ នាយ​នគរបាល​ប៉ុ​ស្ដិ៍​​ស្ដីទី សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ត្រូវ​គេ​សង្ស័យ​ថា បាន​ដោះ​លែង​​ជន​ពាក់ព័ន្ធ​ថ្នាំ​ញៀន​​៣​នាក់ ក្រោយ​​ពី​ដកហូត​ថ្នាំ​ញៀន​​១​កញ្ចប់ កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​២៨​ កក្កដា បន្ទាប់​ពី​បញ្ជូន​ដល់​ប៉ុ​ស្ដិ៍​សង្កាត់​ស្លា​កែ​ត ក្រុង​​បាត់ដំបង ជា​ថ្នូរ​នឹង​​កា​រ​បង់ប្រាក់​ចំនួន​៤០​​ម៉ឺន​រៀល ប៉ុន្តែ​ក្រុម​ជន​សង្ស័យ​​សុំ​បង់​​មុន​ពាក់​កណ្ដាល រីឯ​ពាក់កណ្ដាល​ទៀតសន្យា​​​ថា នឹង​យក​ទៅ​បង់​​ឱ្យ​សមត្ថកិច្ច​នៅ​រសៀល​ថ្ងៃទី២៩ កក្កដា​ ។

ប្រភព​​ពី​សមត្ថកិច្ច​​​ថា ជន​ទាំង​៣​នាក់​នោះ ១-​ឈ្មោះ​ខាំ គឹ​ម​លាង អាយុ​២១​ឆ្នាំ នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ២-​ឈ្មោះ​រ៉េ​ត ខេ​ម​រី អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ក្ដុល សង្កាត់​ក្ដុល​ដូនទាវ និង​៣-​ឈ្មោះ​ការ អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ថ្កូវ សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង​។

សមត្ថកិច្ច​និយាយ​ថា ពួក​គេ​ជិះ​ម៉ូតូឌុប​គ្នា ហើយ​ត្រូវ​កម្លាំង​នគរបាល​ប៉ុ​ស្ដ៏​ស្លា​កែ​ត ឃាត់​នៅ​ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត រួច​ឆែកឆេរ​​រក​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់ ​ដែល​ពួក​គេ​លាក់​ទុក​ជាប់​ខ្លួន ហើយ​ក៏​នាំ​ពួក​គេ​ទៅ​កាន់​ប៉ុ​ស្ដិ៍ ​ដើម្បី​សួរនាំ​ ។

មន្ត្រី​ដដែល​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​ជន​ទាំង​៣​នាក់​នេះ មេ​ប៉ុ​ស្ដិ៍​ស្ដីទី សង្កាត់​ស្លា​កែ​ត លោក​វ៉ា​ស៊ី ផា​រ៉ុ​ត មិន​បាន​រាយ​ការ​ណ៍​​ជូន​លោក​ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​ឱ្យ​​បានដឹង​ទេ ដោយ​គ្រាន់តែ​សួរនាំ និង​ដកហូត​ថ្នាំ​ញៀន​ពី​ជនសង្ស័យ​មួយ​កញ្ចប់ រួច​ដោះ​លែង​ពួក​គេ​វិញ​ភ្លាម​ៗ ជា​ថ្នូរ​នឹង​ការ​បង្គាប់​ឲ្យ​ប្រាក់​ចំនួន​៤០​ម៉ឺន​រៀល​ ។

មន្ត្រី​ខាងលើ​បាន​បន្ថែម​ថា ប្រាក់​ចំនួន​៤០​ម៉ឺន​រៀល​នោះ ត្រូវ​ជនសង្ស័យ​សុំ​បង់​មុន​ចំនួន​២០​ម៉ឺន​រៀល រីឯ​២០​ម៉ឺន​រៀល​ទៀត​សន្យា​ថា នឹង​យក​មក​បង់​នៅ​រសៀល​ថ្ងៃ​ទី​២៩ ​កក្កដា ​។

ជុំវិញ​ការ​ចោទប្រកាន់​នេះ លោក​វ៉ា​ស៊ី ផា​រ៉ុ​ត មេ​ប៉ុ​ស្ដ៏​ស្ដីទី សង្កាត់​ស្លា​កែ​ត បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា កម្លាំង​របស់​លោក​បាន​ចេញ​ល្បាត ប្រទះ​ឃើញ​ក្រុម​ជន​ខាងលើ​កំពុង​ផ្ដុំ​គ្នា​ជក់​ថ្នាំ​ញៀន​ ។ ខណៈ​​នោះ​ ពួក​គេ​បាន​រត់​ចែក​ជើង​គ្នា តែ​ត្រូវ​កម្លាំង​របស់​លោក​ឃាត់​បាន​២​នាក់​ គឺ​ឈ្មោះ​លាង និង​ឈ្មោះ​ខេ​ម​រី ជា​កូន​មន្ត្រី​គយ​សាខា​ខេត្ត​ម្នាក់​ផង​ ។ លោក​បាន​បដិសេធ​ថា លោក​មិន​បាន​ដកហូត​ថ្នាំ​ញៀន​ទេ ព្រោះ​ពួក​គេ​ជក់​អស់ហើយ​ ។

ក្រោយ​ពី​សួរនាំ​លោក​បាន​ធ្វើការ​អប់រំ ហើយ​ក៏​បាន​ដោះ​លែង​វិញ បន្ទាប់​ពី​អាណាព្យាបាល​ពួក​គេ​មក​ធានា  រីឯ​ការ​យក​លុយកាក់​បន្តិច​ប​ន្ទូ​ច​ពិតជា​មាន​មែន តែ​ខាង​អាណាព្យាបាល​ពួក​គេ​ផ្ដល់​ឲ្យ​តាម​បែប​មនោសញ្ចេតនា​ជា​ថ្លៃ​កម្លាំង​ពលកម្ម​។ ចំពោះ​ការ​ឃាត់​ខ្លួន​មនុស្ស​មិន​បាន​រាយ​ការ​ណ៏​ជូន​លោក​អធិការ​ក្រុង  លោក​វ៉ា​ស៊ី ផា​រ៉ុ​ត ទ​ទូល​ស្គាល់​ថា​«​នេះ​ជា​ការ​ឆក​ល្វែង​» ដោយ​និយាយ​ថា យប់​ជ្រៅ​ពេក​ទើប​លោក​មិន​ហ៊ាន​រំខាន​ដំណេក​លោក​អធិការ​ក្រុង​។

ដោយឡែក​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​បាន​ផ្ដល់​បទ​សម្ភាស​ន៏​ជាមួយ​អ្នក​សារ​ព័​ត៏​មាន គឺ​ឈ្មោះ​ខាំ គឹ​ម​លាង បាន​និយាយ​ថា នៅ​យប់​កើតហេតុ​គឺ​ខ្លួន​ជា​អ្នក​ឌុ​ប  រីឯ​ឈ្មោះ​ខេ​ម​រី និង​ឈ្មោះ​ការ អង្គុយ​ក្រោយ​។ ជន​នេះ​បន្ត​ថា ឈ្មោះ​ខេ​ម​រី ជា​អ្នកទិញ​ថ្នាំ​ញៀន​១​កញ្ចប់​នោះ​ បំរុង​យក​ទៅ​ជក់​ក្នុង​បន្ទប់​ខារ៉ាអូខេ តែ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ឆែក​ឃើញ ក៏​ដកហូត​យក​ទៅ និង​នាំ​ពួក​ខ្លួន​ទៅ​កាន់​ប៉ុ​ស្ដ៏​ស្លា​កែ​ត​ទាំង​យប់​។ ឈ្មោះ​គឹ​ក​លាង បាន​បញ្ជាក់​ថា គ្រានោះ​សមត្ថកិច្ច​បាន​បង្ខំ​ឲ្យ​ពួក​ខ្លួន​បង់ប្រាក់​៤០​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​វិញ​។

ប៉ុន្តែ​ខ្លួន​និង​ឈ្មោះ​ខេ​ម​រី មាន​លុយ​ម្នាក់​១០​ម៉ឺន​រៀល​ជាប់​ខ្លួន ក៏​បាន​បង់​ឲ្យ​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​។ រីឯ​ឈ្មោះ​ការ ដែល​គ្មាន​លុយ​មួយ​សេន​ជាប់​ខ្លួន សុខចិត្ត​ធានា​បង់​២០​ម៉ឺន​រៀល​ម្នាក់ឯង តែ​សុំ​ជំពាក់​សិន  ដោយ​សន្យា​យក​ទៅ​សង​សមត្ថកិច្ច​នៅ​រសៀល​ថ្ងៃ​ទី​២៩​កក្កដា សមត្ថកិច្ច​ក៏​យល់ព្រម ហើយ​ដោះ​លែង​ពួក​គេ​ទាំង​យប់​។ ប៉ុន្តែ​គិត​ត្រិ​ម​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩​កក្កដា នេះ​ឈ្មោះ​ការ មិន​ទាន់​យក​លុយ​នោះ​ទៅ​សង​សមត្ថកិច្ច​នៅឡើយ​ទេ​។

ជុំវិញ​ករណី​នេះ លោក​ប៉ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង បាន​ប្រាប់​កោះសន្តិភាព​ដែរ​ថា លោក​ពិតជា​មិន​បាន​ទ​ទូល​ព័​ត៏​មាន ពាក់ព័ន្ធ​នឹង​ការ​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ខាងលើ​នេះ​មែន​។ លោក​និយាយ​ថា​«​នៅ​ម៉ោងជាង​១២​យប់មិញ​នេះ ខ្ញុំ​និង​កម្លាំង​មួយ​ចំនួន​មិន​ទាន់​ដេក​ទេ គឺ​កំពុង​ចេញ​ល្បាត​នៅ​ក្នុង​ក្រុង​នៅ​ឡើង ហេតុ​អី​បានជា​គេ​ឃាត់​មនុស្ស​មិន​រាយ​ការ​ណ៏​ឲ្យ​ខ្ញុំ​ដឹង​.​?​»  លោកប៉ា​ង ហៀ​ង បាន​បញ្ជាក់​ថា លោក​ទើប​ទ​ទូល​ដំណឹង​នេះ ហើយ​លោក​នឹង​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​អញ្ជើញលោក​មេ​ប៉ុ​ស្ដ៏​ស្ដីទី សង្កាត់​ស្លា​កែ​ត​និង​មន្ត្រី​ពាក់ព័ន្ធ រួម​ទាំង​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ផង មក​សួរនាំ ដើម្បី​ឲ្យ​ដឹង​ការ​ពិត​។ លោក​ថា វា​មិនមែន​ជា​រឿង​ធំដុំ​ប៉ុន្មាន​ទេ តែ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អង្គភាព​ទាំងមូល ជា​ពិសេស​ប៉ះពាល់​ដល់​មុខមាត់​ថ្នាក់ដឹកនាំ​តែ​ម្ដង​។ ដូច្នេះ​លោក​ត្រូវ​ចាត់វិធានការ​លើ​ករណី​នេះ​។

បើ​តាម​ព័​ត៏​មាន​ចុង​ក្រោយ​ដែល​កោះសន្តិភាព​ទ​ទូល​បាន​នៅ​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៩​កក្កដា បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​ជនសង្ស័យ​ឈ្មោះ​ខាំ គឹ​ម​លាង កំពុង​ធ្វើ​បទ​សម្ភាស​ន៏​ជាមួយ​អ្នក​សារ​ព័​ត៏​មាន និង​មន្ត្រី​នគរបាល​ផង ស្រាប់តែ​មាន​មន្ត្រី​នគរបាល​ប៉ុ​ស្ដ៏​ស្លា​កែ​ត​២​នាក់ បាន​ជិះ​ម៉ូតូ​ទៅ​បញ្ចុះ​ប​ញ្ជូ​ល​ប្រាប់​ប្រពន្ធ​ឈ្មោះ​គឹ​ម​លាង នេះ​នៅ​ឯ​ផ្ទះ​ថា​«​បើ​មាន​គេ​សួរនាំ​សុំ​កុំ​ប្រាប់​គេ​ថា បាន​បង់លុយ​ឲ្យ​ប៉ូលិស​កាលពី​យប់មិញ​ឲ្យ​សោះ​» ។ មន្ត្រី​នគរបាល​២​នាក់​នោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ព​ណ៏​ខ្មៅ​សេរី​ឆ្នាំ​២០១៦ តែ​មិន​ចាំ​ស្លាក​លេខ​ទេ ​៕