កម្មវិធី ប្រកួតក្បាច់រាំ ដ៏សាហាវបំផុតប្រចាំប្រទេសកូរ៉េ បានចាប់ផ្តើម​ហើយ (មានវីដេអូ)

កូរ៉េខាងត្បូង៖ ថ្មីៗនេះ កម្មវិធីដ៏ថ្មីស្រឡាងមួយ របស់ស្ថានីយ៍ទូរទស្សន៍ M Net គឺកម្មវីធី ”Hit The Stage” ដែលជាកម្មវិធីប្រកួតប្រជែងក្បាច់រាំដ៏សាហាវ រវាងតារាKpop អាជីព ប៉ះជាមួយនឹងតារាអាជីពដូចគ្នា នៅលើឆាកដើម្បីស្វែងរក ក្បាច់រាំប្រចាំវិស័យចម្រៀងKpop។

គួរឲ្យដឹងថា កម្មវីធីមួយនេះ បានចាប់ដំណើរការវគ្គដំបូងគេបង្អស់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលមានការចូលរួមសុទ្ធសឹងតែជាកំពូលជើងខ្លាំងពូកែខាងរាំ ប្រចាំក្រុមចម្រៀង Kpopនីមួយៗ ដោយក្នុងនោះរួមមាន សមាជិកក្រុម SNSD(Hyoyeon), សមាជិកក្រុម Shinee(Taemin), សមាជិកក្រុម Sistar(Bora), សមាជិកក្រុម Twice(Momo), សមាជិកក្រុម Infinite(Hoya), សមាជិកក្រុម Block B(U-Know) , សមាជិកក្រុម NCT(TEN) និងមានជាច្រើននាក់ទៀត។

លើសពីនេះ ខណៈពេលការប្រកួតសប្តាហ៍ដំបូងនេះ គេសង្កេតឃើញថា នៅកំឡុងឆាកសម្តែងក្បាច់រាំរបស់ U-Know ត្រូវបានទស្សនិកជនជាច្រើន បានកោតសរសើរនិងស្ញប់ស្ញែងទេពកោសល្យ  និងក្បាច់រាំរបស់លោកខ្លាំងមិនធម្មតា គឺដោយសារតែក្បាច់រាំរបស់លោក មើលទៅគឺពោរពេញទៅដោយថាមពល ដាក់អារម្មណ៍បានល្អ ព្រមទាំងពូកែលេងទឹកមុខថែមទៀតផង។ មិនតែប៉ុណ្ណោះ ក្បាច់រាំនេះ គឺចង់ពិពណ៌នាអំពី មនុស្សម្នាក់បានផ្លាស់ប្តូរខ្លួនឯង ទៅជាមនុស្សដ៏អាក្រក់រោគចិត្ត ដូចជា”Joker” ព្រមទាំងប្រែក្លាយខ្លួនទៅជា”Killing” ឃាតករសម្លាប់មនុស្សថែមទៀតផង។ 

មិនថាយ៉ាងណា ក្រឡេកមកទស្សនាពីក្បាច់រាំរបស់ Bora និង Momo វិញម្តង ដែលពួកគេទាំង២ សម្តែងជាលក្ខណៈបែបសិចស៊ី ជាម្ចាស់ក្សត្រីដ៏កាចសាហាវមួយ ឬអាចនិយាយបានថា ជាស្រីបិសាច ដែលព្យាយាមបង្ហាញពីមហិច្ឆតា និងថាមពលរបស់ខ្លួន។ ចំណែកឯ ការសម្តែងរបស់លោក TEN គឺចង់និយាយពី បិសាចឬអាក្សនៅក្នុងពិភពងងឹត ដែលព្យាយាមរត់ចេញពីការឃុំឃាំង។

បើទោះជាយ៉ាងណា លទ្ធផលសរុបនៅសប្តាហ៍ដំបូងនេះ ការសម្តែងJoker របស់លោក U-Know គឺទទួលបានការបោះឆ្នោតពី សំណាក់អ្នកទស្សនិកផ្ទាល់ នៅក្នុងស្ទូឌីយូ បានច្រើនជាងគេ ដែលទទួលបានសំលេងគាំទ្រ រហូតទៅដល់ ១៥៨ពិន្ទុឯណោះ។

ដូចនេះ កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖  

ការសម្តែងរបស់ U-Know

ការសម្តែងរបស់ Momo

ការសម្តែងរបស់ Bora

ការសម្តែងរបស់ TEN

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  នាង Hyoyeon ដែលជាសមាជិកនៃក្រុមចម្រៀង នារីលំដាប់លេខ១ ប្រចាំប្រទេសកូរ៉េខាងត្បូង Girl's Generation បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតរាំ នៅលើឆាក “Hit The Stage” ដើម្បីប្រជែងជាមួយតារាKpop ជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាកំពូលអ្នកពូកែរាំដូចគ្នា។

ទន្ទឹមនឹងនេះ ក្នុងពិធីសន្និសីទកាសែតមួយ បើកសម្ភោធកម្មវិធីថ្មី ”Hit The Stage” កាលពីថ្ងៃទី ២២ ខែកក្កដានេះ កញ្ញា Hyoyeon បានថ្លែងថា៖« សម្រាប់ប្រធានបទដំបូង និងជាគំនិតថ្មីនេះបំផុតនេះ ខ្ញុំយល់ឃើញថា វាជាការល្អប្រសើរសំរាប់ខ្ញុំ ក្នុងការ បំបែកមុខមាត់ថ្មីឲ្យក្រុមរបស់ខ្ញុំ Girl’s Generation ជាមួយនឹងការសម្តែងល្អៗ និងអស្ចារ្យ ដោយខ្លួនខ្ញុំផ្ទាល់!»។

លើសពីនេះ នាងក៏បានបន្ថែមទៀតថា៖« ពីព្រោះតែចំណង់ចំណូលចិត្តរបស់ខ្ញុំមានទំនោរខ្លាំង ទៅខាងការរាំ, ទើបធ្វើឲ្យខ្ញុំសប្បាយចិត្តជាពិសេស និងរំភើបយ៉ាងខ្លាំង ពេលដែលខ្ញុំត្រូវបានគេអញ្ជើញ ឲ្យចូលរួមក្នុងកម្មវិធីមួយនេះ។ បើទោះបីជាគេតម្រូវឲ្យ បេក្ខជនទាំងអស់ មានការប្រកួតប្រជែងគ្នាខ្លាំងយ៉ាងណាក្តី ប៉ុន្តែខ្ញុំនៅតែសប្បាយរីករាយ ជាមួយនឹងវា។» នាងបន្តថា៖« ខ្ញុំធ្លាប់រាំគ្រប់ប្រភេទក្បាច់រាំទាំងអស់ លើកលែងតែប្រភេទរាំបង្គោល (Pole Dancing) នោះទេដែលខ្ញុំមិនធ្លាប់ ហើយបើមានឱកាសខ្ញុំចង់សាកល្បងម្តង»។

ដូចនេះ យើងចាំមើលទាំងអស់គ្នាក្នុងពេលឆាប់ៗនេះ ថាតើកម្មវីធី “Hit The Stage”នេះ អស្ចារ្យកំរិតណា!? 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload