កម្ពុជា​ពិចារណា​ធ្វើ​ច្បាប់​គ្រប់គ្រង​សេវាកម្ម​ពពោះ​បង្កើតកូន​ជំនួស​ និពន្ធដោយ : រឿន ភារុន       July-29-2016, 4:29 pm         250

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​ពិចារណា​ធ្វើ​ច្បាប់​គ្រប់គ្រង​សេវាកម្ម​ពពោះ​បង្កើតកូន​ជំនួស​​ភ្នំពេញ​៖ កម្ពុជា​កំពុង​ពិចារណា​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពី ការ​ពពោះ​បង្កើតកូន​ជំនួស ក្រោម​ជំនួយ​បច្ចេក​ពី​រដ្ឋាភិបាល​អូស្ត្រាលី ខណៈ​អាជីវកម្ម​ដែលរ​កម្រៃ បាននិងកំពុង​ផ្តល់​សេវាកម្ម​នៅ​កម្ពុជា​។​

​កម្ពុជា​នឹង​ពិភាក្សា​ពី​ការបង្កើត​សេចក្តីព្រាងច្បាប់​ថ្មី​បង្អស់ ស្តីពី ការ​ពពោះ​បង្កើតកូន​ជំនួស ក្រោយពី​អូស្ត្រាលី​ស្នើ​ឲ្យ​សិក្សា​ពី​យុត្តាធិការ​លើ​បញ្ហា​នេះ ខណៈ​ទីភ្នាក់ងារ​រកស៊ី​សេវា ស៊ីឈ្នួល​ពពោះ​ជំនួស​បរទេស​មួយចំនួន បាន​ឈាន​ចូលធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប ពិភាក្សា​ការងារ​រវាង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក អង្គ វង្ស​វ​ឌ្ឍ​នា និង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ថ្មី​លោកស្រី Angela Corcoran ក្នុង​ទីស្តីការ​ក្រសួងយុត្តិធម៌​ថា កម្ពុជា​នឹង​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ពី​បញ្ហា​ការ​ពពោះ​ជំនួយ​នៅ​កម្ពុជា ត្បិត​កម្ពុជា​ពុំទាន់​ជួប​បញ្ហា​នេះ​នៅឡើយ​។​

​អ្នកនាំពាក្យ​រូបនេះ បាន​បន្ត​ឲ្យ​ដឹង​ពី​ការឆ្លើយតប​នឹង​បំណង​ម្ចាស់ជំនួយ​ផ្នែក​ច្បាប់​អូស្ត្រាលី​ថា កម្ពុជា​នឹង​ពិនិត្យ​បញ្ហា​នេះ​បន្ថែមទៀត ពី​សារៈប្រយោជន៍ និង​បញ្ហា​ប្រឈម​ផ្នែក​ច្បាប់​ជួយ​ដូរ​មនុស្សជាតិ និង​អន្តរជាតិ​។​

«​ទូត​អូស្ត្រាលី​ចង់​សហការ​ជាមួយ​ក្រសួងយុត្តិធម៌ ហើយ​ស្នើ​ក្រសួងយុត្តិធម៌​ពិនិត្យមើល​ទៅលើ​បញ្ហា​ការ​ពពោះ​ជំនួស​។ តើ​ទិដ្ឋភាព​ផ្លូវច្បាប់ ចំពោះ​ការ​ពពោះ​ជំនួស​នេះ យ៉ាងម៉េច​? យើង​នឹង​បន្ត​ធ្វើការ​រឿងនេះ​ទៀតហើយ​ខាង​អូស្ត្រាលី​នឹង​ជួយ​ផ្នែក​បច្ចេកទេស ក្នុងការ​រៀបចំ​ជា​សេចក្តីព្រាងច្បាប់ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្នុងករណី​ដែល​យើង​មាន​តម្រូវការ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គឹម សន្តិភាព ដែល​ស្ថិត​ក្នុងជំនួប​ពិភាក្សា​ការងារ​ពី​វិស័យ​យុត្តិធម៌​រវាង​កម្ពុជា និង​អូស្ត្រាលី នៅ​ថ្ងៃទី​២៩ ខែកក្កដា​នេះ​។​

​អ្នកនាំពាក្យ​ខាងលើ ពុំបាន​ដឹងថា តើ​ការផ្តល់សេវា​កម្មនេះ ត្រូវបាន​ហាមឃាត់​ក្នុងប្រទេស​ណាខ្លះ​នៅឡើយ​? លោក​និយាយថា ក្រសួង​នឹងសិក្សា​លើ​បញ្ហា​ចន្លោះប្រហោង​ផ្នែក​ច្បាប់​ពាក់ព័ន្ធ​សិន មុនពេល​ក្រសួង​ផ្តល់ព័ត៌មាន​លម្អិត ត្បិត​កម្ពុជា​ពុំទាន់​ទទួល​ព័ត៌មាន​ពី​បញ្ហា​នេះ​នៅឡើយ​។​

​កាលពីដើម​ខែកក្កដា ឆ្នាំ​២០១៦​នេះ ទីភ្នាក់ងារ​រកស៊ី​សេវា​ស៊ីឈ្នួល​ពពោះ​ជំនួស​របស់​សហរដ្ឋអាមេរិក​មាន ឈ្មោះថា Surrogacy Cambodia បានចាប់ផ្តើម​ផ្សព្វផ្សាយ​ទីផ្សារ​ទៅកាន់​ពលរដ្ឋ​អាមេរិក​អំពី «​សេវាកម្ម​តាម​តម្រូវការ​ផ្ទាល់ខ្លួន​» ក្នុងនោះ រួមមាន ការបង្ក​កំណើត​ក្រៅ​ផ្ទៃ​, សេវា​ផ្គូផ្គង​ម្តាយ​ស៊ីឈ្នួល​ពពោះ​ជំនួស​ស៊ុត​របស់​អ្នក​បរិច្ចាគ និង​ទឹកកាម​របស់​អ្នក​បរិច្ចាគ​ឯកជន​, ការ​ស៊ីឈ្នួល​ពពោះ​ជំនួស និង​ការជ្រើសរើស​ភេទ​នៅ​គ្លីនិក​បង្ក​កំណើត​ក្រៅ​ផ្ទៃ​លំដាប់​ខ្ពស់ ក្នុងប្រទេស​កម្ពុជា​។​

​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ Califoia បាន​ផ្សព្វផ្សាយ​ពី​សេវាកម្ម​តាម​សេចក្តីប្រកាស​ព័ត៌មាន​ថា សេវា​កម្មនេះ រៀបចំឡើង​ក្នុង​គោលបំណង​ផ្តល់​ជម្រើស​ជាច្រើន​ដល់​ប្តី​ប្រពន្ធ​ក្នុងការ​មានកូន​។ ទីភ្នាក់ងារ​នេះ​បាន​ផ្សព្វផ្សាយ​តាម​គេហទំព័រ អំពី​ការជ្រើសរើស​ភេទ និង​សេវា​បង្ក​កំណើត​ក្រៅ​ផ្ទៃ​ដល់​ប្តី​ប្រពន្ធ​ភេទ​ផ្ទុយគ្នា ព្រមទាំង​សេវា​ស៊ីឈ្នួល​ពពោះ​ជំនួស​ដល់​ប្តី​ប្រពន្ធ​ស្រឡាញ់​ភេទ​ដូចគ្នា​។ ហើយ មាតាបិតា​ដែល​ចង់​ទទួល​សេវា​ពពោះ​បង្កើតកូន​ជំនួស​នីមួយៗ ត្រូវ​ចំណាយ​ថវិកា​ជាង ៣ ម៉ឺន​ដុល្លារ​អាមេរិក ឲ្យ​ទីភ្នាក់ងារ​សេវាកម្ម​ស៊ីឈ្នួល​ពពោះ​ជំនួស នៅ​កម្ពុជា​។​

​យ៉ាងណា កាលពី​ឆ្នាំ ២០១៤ ក្រសួងមហាផ្ទៃ​បានចាត់ទុក​ថា អាជីវកម្ម​ស៊ីឈ្នួល​ពពោះ​ជំនួសនេះ ជា​សកម្មភាព​ខុសច្បាប់ ស្របពេល​ច្បាប់​ពុំទាន់​មានចែង​ច្បាស់លាស់​នៅឡើយ​៕