រំឭក​ឡើង​វិញ​អំពី​សកម្មភាព​របស់​ប្រជា​ការពារ​ក្នុង​ថ្ងៃ​បោះឆ្នោត

មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ចាត់​ទុក​ប្រជា​ការពារ​ភូមិ គឺ​ជា​កម្លាំង​ដ៏​សំខាន់​ក្នុង​កិច្ច​ការពារ​សន្តិសុខ និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​នៅ​តាម​ភូមិឋាន​របស់​ខ្លួន។ ប៉ុន្តែ​ប្រជា​ការពារ​ភូមិ​ដែល​ជា​ជំនួយការ ឬ​កម្លាំង​អម​របស់​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ឃុំ​ពេល​ចុះ​បង្ក្រាប​បទល្មើស​នោះ ត្រូវ​គេ​មើល​ឃើញ​ថា បង្កើត​ឡើង​ដើម្បី​រក្សា​សន្តិសុខ​ផង និង​បម្រើ​ឲ្យ​គណបក្ស​នយោបាយ​ផង។

ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក អាជ្ញាធរ​ភូមិ ឃុំ រហូត​ដល់​ខេត្ត បាន​កៀរគរ​ប្រភព​ជំនួយ​សប្បុរសជន​ដែល​មាន​លទ្ធភាព​ផ្ដល់​សំលៀកបំពាក់​ឯកសណ្ឋាន មួក និង​វិទ្យុ​ទាក់ទង​ជូន​ប្រជា​ការពារ​គ្រប់​ភូមិ។ ប្រជា​ការពារ​ត្រូវ​បាន​ជ្រើសរើស​ដោយ​មេភូមិ ឬ​អ្នក​ស្ម័គ្រចិត្ត​ផ្ទាល់​ចន្លោះ​ពី ៨ ទៅ ២០​នាក់ ក្នុង​មួយ​ភូមិ អាស្រ័យ​លើ​ភូមិ​តូច ឬ​ធំ។ ឈ្មោះ​អ្នក​ស្ម័គ្រចិត្ត ឬ​ប្រជា​ការពារ ត្រូវ​​គេ​យក​ទៅ​តម្កល់​នៅ​ប៉ុស្តិ៍ ឬ​សាលា​ឃុំ។

បច្ចុប្បន្ន​ប្រជា​ការពារ​បាន​ដើរ​តួនាទី​សំខាន់​ដូច​មេភូមិ ឬ​ជំនួយ​ការ​ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ក្នុង​ការ​តាមដាន ឬ​ធ្វើ​សកម្មភាព​នយោបាយ​ដ៏​ស្ងៀមស្ងាត់​ជាមួយ​ពលរដ្ឋ​ក្នុង​ភូមិ​តាម​បញ្ជា​ថ្នាក់​លើ។ ប៉ុន្តែ​សកម្មភាព​របស់​ប្រជា​ការពារ​នៅ​ភូមិ​ខ្លះ បាន​លូក​ជ្រៅ​ក្នុង​រឿង​នយោបាយ និង​ជួយ​អូសទាញ​ពលរដ្ឋ​ក្នុង​ភូមិ​ឲ្យ​គាំទ្រ​គណបក្ស​ដែល​ខ្លួន​ឯង​កំពុង​បម្រើ​នោះ​ដោយ​ចំហ​តែម្ដង។

គេ​នៅ​ចងចាំ​ហេតុការណ៍​មួយ​ក្នុង​ថ្ងៃ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៣ រវាង​ប្រជា​ការពារ​ភូមិ​បួន​នាក់ ជាមួយ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ឃុំ​មេទឹក ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។ កាល​ណោះ​សកម្មជន​លោក កេង កប ត្រូវ​គេ​ប្ដឹង​ទៅ​តុលាការ​ក្រោយ​ពី​លោក​ទៅ​ហាម​ប្រជា​ការពារ​ភូមិ​តាមុំ​បួន​នាក់ ដែល​កំពុង​ស្រែក​លើក​ដៃ​ជា​សញ្ញា​លេខ​៤ និង​អង្គុយ​ចាំ​កត់​ឈ្មោះ​ពលរដ្ឋ​នៅ​ក្បែរ​ការិយាល័យ​បោះឆ្នោត។

អ្នក​ភូមិ​តាមុំ និង​ជា​អតីត​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ម្នាក់ លោក កេង កប នៅ​តែ​មិន​អស់ចិត្ត​នឹង​ការ​ប្ដឹង​រូប​លោក​ថា បាន​គំរាម​កំហែង​ប្រជា​ការពារ ដែល​ការ​ពិត​លោក​គ្រាន់​តែ​ប្រាប់​មិន​ឲ្យ​ប្រជា​ការពារ​ទាំង​នោះ​ធ្វើ​ទង្វើ​ខុស​ឆ្គង​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត។

លោក​ថា ដើម​បណ្ដឹង​បាន​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​វិញ ក្រោយ​ពេល​តំណាង​អយ្យការ​កោះ​ហៅ​លោក​ទៅ​សួរ​នាំ​រឿង​នេះ​បី​ដង​កាល​ឆ្នាំ​២០១៥៖ «ថ្ងៃ​បោះ​ឆ្នោត ខ្ញុំ​ត្រឡប់​មក​រក​បោះ​ឆ្នោត​ជួប​នឹង​ពេល​គេ​ធ្វើ​អ៊ីចឹង ហើយ​បាន​ចុះ​ពី​លើ​ម៉ូតូ​ទៅ​ពន្យល់​គេ​ថា កុំ​ឲ្យ​ធ្វើ​អ៊ីចឹង ច្បាប់​គេ​អត់​ឲ្យ​ធ្វើ​អ៊ីចឹង​ទេ។ ថ្ងៃ​បោះ​ឆ្នោត​តៀម​ស្រា​ក៏​អត់​ឲ្យ​លក់ អត់​ឲ្យ​មាន​ប្រជា​ការពារ​មក​អង្គុយ​ជិត​ស៊ីញ៉ូ​ដៃជើង​បោះ​ឲ្យ​ខាង​នេះ​ខាង​ណោះ​ក៏​អត់​ដែរ អត់​ឲ្យ​មក​អង្គុយ​តម្រៀប​ជួរ​គ្នា​ចាំ​តាម​ផ្លូវ​ដើរ និង​ប្រាប់​ពលរដ្ឋ​ធ្វើ​អ៊ីចឹង​ទេ។ បើ​ការពារ​មក​ធ្វើ​អ៊ីចឹង ដើរ​ចេញ​ពី​ហ្នឹង​ទៅ។ ខ្ញុំ​ថា​អ៊ីចឹង ថា  ​ថា​ខ្ញុំ​សម្លុត​គេ រក​ដោះ​អាវ​គេ ឲ្យ​គេ​ចេញ រក​វាយ​គេ ហើយ​ខ្ញុំ​ទៅ​វាយ​គេ​ម៉េច គេ​មាន​គ្នា​បួន​ទៅ​វាយ​ម៉េច​ឈ្នះ​គេ»

លោក កេង កប ថា​លោក​បាន​ដឹង​នូវ​រឿងរ៉ាវ​ជា​ច្រើន​ទៀត ដែល​ប្រជា​ការពារ​ធ្វើ​សកម្មភាព​បម្រើ​បក្ស​នយោបាយ​ដោយ​បំពាន​លើ​ច្បាប់ ឬ​បម្រាម​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​តែ​លោក​ទើប​តែ​ចាប់​បាន​ភស្តុតាង​ជាក់​ស្ដែង​មួយ​ករណី​នេះ ប៉ុន្តែ​ត្រូវ​បាន​គេ​ប្ដឹង​ទៅ​វិញ។ លោក​រំលឹក​ថា អ្នក​ទាំង​បួន​បាន​ស្លៀកពាក់​ឯកសណ្ឋាន​កងកម្លាំង​​​ និង​ធ្វើ​សកម្មភាព​នៅ​ចម្ងាយ​ប្រហែល ២០០​ម៉ែត្រ​ពី​ការិយាល័យ​បោះ​ឆ្នោត​នោះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ប្រជា​ការពារ​ភូមិ​តាមុំ ឃុំ​មេទឹក ស្រុក​បាកាន ឈ្មោះ ឈឹម ប្រាក់ ហឿត អំ ឆៃ និង​ឈ្មោះ រិន ទីន ដើម្បី​ឆ្លើយតប​ចំពោះ​ហេតុការណ៍​ដែល​កើត​ឡើង​នេះ​ទេ។

មន្ត្រី​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក ស៊ិន ទិត្យសីហា សង្កេត​ឃើញ​ថា មេភូមិ-​មេឃុំ​មួយ​ចំនួន​មិន​បាន​ដើរ​ចេញ​ពី​បរិវេណ​នៃ​ការិយាល័យ​បោះឆ្នោត​ដែល​បាន​ហាមឃាត់​នោះ​ទេ បន្ទាប់​ពី​បោះ​ឆ្នោត​ខ្លួន​ឯង​រួច។ ប្រជា​ការពារ ឬ​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​បាន នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​នោះ​ទេ៖ «តាម​នីតិវិធី​ការ​ដែល​គាត់ (អាជ្ញាធរ​ភូមិ ឬ​ឃុំ) នៅ​ក្នុង​បរិវេណ​ការិយាល័យ​បោះ​ឆ្នោត ដោយសារ​គេ​គិត​ថា បើ​គាត់​នៅ​ក្បែរ​ហ្នឹង​វា​អាច​ជា​ឥទ្ធិពល​មួយ ឬ​ការ​គំរាមកំហែង​មួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ឃុំ​ដែល​គាត់​ទៅ​ចូលរួម​បោះ​ឆ្នោត​ហ្នឹង»

កង​ឈ្លប​ត្រូវ​បាន​បង្កើត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ ប៉ុល ពត។ ចំណែក​ក្រុម​សេនាជន​បង្កើត​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ រី​ឯ​ក្រុម​ប្រជា​ការពារ​ត្រូវ​បាន​បង្កើត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​បច្ចុប្បន្ន។ របប​ដែល​បង្កើត​កង​កម្លាំង​ទាំង​នេះ ត្រូវ​អ្នក​វិភាគ និង​មន្ត្រី​រាជការ​ស៊ីវិល​ខ្លះ​យល់​ថា គឺ​ជា​របប​ដឹកនាំ​បែប​ត្រួត​ត្រា និង​មិន​ទុកចិត្ត​ពលរដ្ឋ។ ប៉ុន្តែ​កម្លាំង​ទាំង​នេះ​ត្រូវ​គេ​ប្រើ​ជា​ប្រយោជន៍​ទៅ​តាម​សម័យ​នីមួយៗ។

អ្នក​ស្រាវជ្រាវ​​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ​ប្រៀបធៀប​ថា សេនាជន គឺ​ជា​កង​កម្លាំង​របស់​លោក​សេនាប្រមុខ លន់ ណុល មាន​អាវុធ​កាន់​ក្នុង​ដៃ​ដើម្បី​ការពារ​សន្តិសុខ​ភូមិ​ផង និង​ការពារ​ពី​ឈ្លានពាន​របស់​ក្រុម​ខ្មែរ​ក្រហម​ផង។ ចំណែក​កងឈ្លប និង​ប្រជា​ការពារ ត្រូវ​​គេ​បង្កើត​ឡើង​ដោយ​មិន​បំពាក់​អាវុធ​ក្នុង​ដៃ​នោះ​ទេ ប៉ុន្តែ​កម្លាំង​ទាំង​ពីរ​នេះ​មាន​សកម្មភាព ឬ​ស៊ើប​យកការណ៍​ស្រដៀង​គ្នា។

លោក​បណ្ឌិត មាស នី បន្ថែម​ថា ពេល​ខ្លះ​កម្លាំង​ប្រជា​ការពារ ត្រូវ​បាន​អាជ្ញាធរ​ភូមិ-ឃុំ​ដែល​ឃុបឃិត​នឹង​ក្រុមហ៊ុន​ខិលខូច​រំលោភ​លើ​សិទ្ធិ ឬ​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​ភូមិ ដោយ​បង្គាប់​ឲ្យ​កម្លាំង​ទាំង​នោះ​ស៊ើបការណ៍ ឬ​អាច​ប្រើ​កម្លាំង​ទាំង​នេះ​ទៅ​បង្ក្រាប​អ្នកភូមិ​ដែល​ធ្វើ​ការ​តវ៉ា​ជំទាស់​នឹង​អ្វី​មួយ​ទៀត​ផង។

លោក​ថា ប្រជា​ការពារ​ក៏​ជា​អ្នក​បម្រើ​ឲ្យ​សកម្មភាព​នយោបាយ​នៅ​តាម​មូលដ្ឋាន​ដែរ៖ «ពេល​ខ្លះ​ប្រជា​ការពារ​ត្រូវ​បាន​គេ​ប្រើ​ឲ្យ​ទៅ​តាម​មើល​ពួក​សកម្មជន​អី។ ឧទាហរណ៍​ថា មាន​សកម្មជន​ណា​ខ្លះ​ឡើង​មក​ប្រជុំ​នៅ​ទីក្រុង​អី​ហ្នឹង គឺ​ប្រជា​ការពារ​ជា​អ្នក​ដែល​ត្រូវ​ដឹង​មុន​គេ។ យន្តការ​នេះ ជា​យន្តការ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល ហើយ​វា​អកុសល​ដោយសារ​នៅ​ស្រុក​យើង​រដ្ឋាភិបាល និង​បក្ស​បាន​រលាយ​ចូល​គ្នា​ទៅ អ៊ីចឹង​ស្អី​ដែល​កើត​ឡើង គឺ​ហាក់​ដូច​រដ្ឋាភិបាល​បង្កើត​សម្រាប់​បក្ស ប៉ុន្តែ​បក្ស​មិន​បាន​ធ្វើ​សម្រាប់​រដ្ឋាភិបាល​ទេ ច្រើន​តែ​រដ្ឋាភិបាល​ធ្វើ​សម្រាប់​បក្ស»

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ការ​បង្កើត​ឲ្យ​មាន​ក្រុម​ប្រជា​ការពារ គឺ​ដើម្បី​កាត់​បន្ថយ​បទល្មើស​គ្រប់​ប្រភេទ និង​ធានា​ការពារ​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់​ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​ក្នុង​មូលដ្ឋាន។ ប្រជា​ការពារ គឺ​ជា​កម្លាំង​របស់​ពលរដ្ឋ​ស្ម័គ្រចិត្ត​ដែល​ជានិច្ចកាល​ត្រូវ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​សហការ​អន្តរាគមន៍​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។