ទំនាក់ទំនង​កម្ពុជា-​ចិន​រឹត​តែ​ជិតស្និទ្ធ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហេង សំរិន

ប្រធាន​រដ្ឋសភា​លោក ហេង សំរិន បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​ទៅ​កាន់​ប្រទេស​ចិន ហើយ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។ ភ្លាមៗ​នោះ​ដែរ រដ្ឋសភា​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បង្ហាញ​ថា ទំនាក់ទំនង​កម្ពុជា-​ចិន រឹតតែ​ជិតស្និទ្ធ​មួយ​កម្រិត​ថែម​ទៀត ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​សភា​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន នៅ​ពេល​នេះ។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​កម្ពុជា លោក ហេង សំរិន ទៅ​កាន់​ប្រទេស​ចិន ធ្វើ​ឡើង​តែ ១០​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ប្រទេស​ចិន បាន​ប្រកាស​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ចំនួន ៦០០​លាន​ដុល្លារ​អាមេរិក ក្នុង​ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹឈាំង (Li Keqiang) ក្នុង​ប្រទេស​ម៉ុងហ្គោលី (Mongolia) ហើយ​ក៏​ស្រប​ពេល​ដែល​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​គាំទ្រ​ចិន យ៉ាង​ពេញទំហឹង​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន ខាងត្បូង និង​គោលនយោបាយ​របស់​ចិន មួយ​ចំនួន​ទៀត។

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា ផ្សព្វផ្សាយ​ក្រោយ​ពេល​លោក ហេង សំរិន មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ កក្កដា ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រៅ​ពី​បញ្ជាក់​ជំហរ​ជា​ថ្មី​របស់​កម្ពុជា ក្នុង​ការ​ទទួល​ស្គាល់​គោលនយោបាយ​ប្រទេស​ចិន តែមួយ លោក ហេង សំរិន បញ្ជាក់​ថា សភា​កម្ពុជា គាំទ្រ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រកាស​ថា កម្ពុជា​ប្រឆាំង​ចំពោះ​សេចក្ដី​ថ្លែងការណ៍​ណា​មួយ​របស់​អាស៊ាន ដែល​គាំទ្រ​សាលដីកា​តុលាការ​មជ្ឈត្តកម្ម​អន្តរជាតិ​ទីក្រុង​ឡាអេ លើ​បញ្ហា​សមុទ្រ​ចិន ខាងត្បូង ហើយ​ចាត់​ទុក​រឿង​សមុទ្រ​ចិន ខាងត្បូង ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​រវាង​ភាគី​ពាក់ព័ន្ធ​ប៉ុណ្ណោះ។

​ចំណែក​ភាគី​ចិន វិញ​ក៏បាន​អរគុណ​កម្ពុជា ដែល​តែងតែ​ប្រកាន់​ជំហរ​គាំទ្រ​ចិន អំពី​បញ្ហា​សមុទ្រ​ចិន ខាងត្បូង។ ក្រៅ​ពី​នេះ ប្រទេស​ចិន ក៏​ប្ដេជ្ញា​គោរព​បូរណភាព អធិបតេយ្យភាព​កម្ពុជា និង​បន្ត​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ឲ្យ​បាន​ខ្លាំងក្លា។

​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ​ដែរ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា បាន​ធ្វើ​សន្និសីទ​កាសែត​បញ្ជាក់​ជា​ថ្មី​នូវ​ជំហរ​របស់​កម្ពុជា។ លោក ប្រាក់ សុខុន អះអាង​ថា ប្រទេស​នីមួយៗ​នៅ​ក្នុង​សមាគម​អាស៊ាន​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន​ក្នុង​បញ្ហា​សមុទ្រ​ចិន ខាងត្បូង ដើម្បី​ផលប្រយោជន៍​ប្រទេស​គេ​រៀងៗ​ខ្លួន។ លោក​ថា ដោយឡែក​កម្ពុជា ក៏​មាន​នយោបាយ​ការទូត​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​ដែរ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ថា ផលប្រយោជន៍​នោះ​មាន​អ្វីខ្លះ​នោះ​ទេ។

លោក ប្រាក់ សុខុន ក៏​ច្រានចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា កម្ពុជា​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​ចេញ​សេចក្ដី​ប្រកាស​រួម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ប្រទេស​ឡាវ កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​ថា ការ​ចោទ​ប្រកាន់​នេះ មិន​មែន​ជា​រឿង​ត្រឹមត្រូវ និង​ជា​រឿង​អយុត្តិធម៌​សម្រាប់​កម្ពុជា។ លោក​ថា កម្ពុជា​មិន​បាន​កាន់​ជើង​ភាគី​ណាមួយ​នៅ​ក្នុង​ជម្លោះ​នេះ​ឡើយ៖ «រឿង​នេះ​ជា​រឿង​ដែល​ពាក់ព័ន្ធ​តែ​រវាង​ចិន និង​ហ្វីលីពីន​ទេ រឿង​អី​អាស៊ាន ទាំង​មូល ត្រូវ​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ទាញ​យក​ជម្លោះ​ហ្នឹង​មក​ដាក់​ជាប់​នឹង​ក្លៀក​របស់​ខ្លួន​នោះ ហើយ​រឿង​អី​ដែល​កម្ពុជា គ្រាន់​តែ​មាន​បំណង​ល្អ​បញ្ចៀស​សភាពការណ៍​កុំ​ឲ្យ​ដុនដាប​ថែមទៀត​ត្រូវ​គេ​បន្ទោស​ថា ធ្វើ​ឲ្យ​រាំងស្ទះ។ រាំងស្ទះ​ពីព្រោះ​គេ​មាន​ផលប្រយោជន៍​របស់​គេ អ៊ីចឹង​ហើយ តែ​យើង​ក៏​ត្រូវ​ការពារ​ផលប្រយោជន៍​របស់​ជាតិ​យើង​ដែរ ហើយ​តើ​កម្ពុជា ទៅ​ចំណេញ​អី​ក្នុង​ការ​កាន់​ជើង​អ្នក​ណា​ម្នាក់​នៅ​ក្នុង​ជម្លោះ​នោះ អត់​មាន​ចំណេញ​អី​ទេ យើង​សុំ​តែ​អព្យាក្រឹត​តើ! សុំ​អត់​កាន់​ជើង​ខាង​ណា​តើ!»

​ទោះជា​យ៉ាងណាក៏ដោយ មុន​ពេល​តុលាការ​មជ្ឈត្តកម្ម​អន្តរជាតិ​ទីក្រុង​ឡាអេ ចេញ​សេចក្ដី​សម្រេច​ទាក់ទង​បញ្ហា​សមុទ្រ​ចិន ខាងត្បូង នៅ​ថ្ងៃ​ទី​១២ កក្កដា លោក ហ៊ុន សែន ប្រកាស​ជំហរ​ថា កម្ពុជា​មិន​ចូលរួម​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ណា​មួយ​ជាមួយ​អាស៊ាន គាំទ្រ​សេចក្ដី​សម្រេច​របស់​តុលាការ​ឡើយ។ ការ​ប្រកាស​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដូច​នេះ ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា កម្ពុជា​ហាក់​លំអៀង​ទៅ​រក​ចិន​ក្នុង​ជម្លោះ​នេះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ចោទ​ប្រកាន់​ជា​បន្តបន្ទាប់​ថា កម្ពុជា​ជា​អ្នក​រារាំង​មិន​អាច​ឲ្យ​អាស៊ាន ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ខ្លួន​បាន​ទាក់ទង​បញ្ហា​សមុទ្រ​ចិន ខាងត្បូង។

​សម្រាប់​អ្នក​វិភាគ​វិញ​យល់​ឃើញ​ថា កម្ពុជា​ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ច្បាស់លាស់​មុន​នឹង​សម្រេច​ប្រកាស​ជំហរ​របស់​ខ្លួន​ជុំវិញ​ជម្លោះ​នេះ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កម្ពុជា មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ដែល​ឋិត​នៅ​ក្នុង​សមាគម​អាស៊ាន។ មួយ​វិញ​ទៀត ការ​ប្រកាស​មិន​ចូលរួម​គាំទ្រ​សាលដីកា​របស់​តុលាការ​អន្តរជាតិ អាច​ធ្វើ​ឲ្យ​កម្ពុជា មាន​ការ​លំបាក​ក្នុង​ការ​ជំរុញ​ឲ្យ​ប្រទេស​ថៃ គោរព​សាលដីកា​របស់​ទីក្រុង​ឡាអេ ដែល​សម្រេច​ឲ្យ​កម្ពុជា ឈ្នះ​ក្តី​ជា​ថ្មី​លើ​ករណី​ប្រាសាទ​ព្រះវិហារ ហើយ​ដែល​កន្លង​មក​កម្ពុជា ក៏​ធ្លាប់​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​ភាគី​ថៃ គោរព​សាលដីកា​ប្រាសាទ​ព្រះវិហារ នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។