ឃាត់ខ្លួន​ចោរលួច​ម៉ូតូ​០៤​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្លាំង​អធិការ​នគរបាល​ក្រុង​សៀមរាប រួម​ទាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម បាន​ធ្វើការ​សហ​ការណ៍​គ្នា​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៤​នាក់​។ បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ស៊ី​ន ស៊ីនួន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដែល​បាន​បាត់​ម៉ូតូ​កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប រួច​យក​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ រួច​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​។

ហេតុការណ៍​ឃាត់ខ្លួន​ចោរលួច​ម៉ូតូ​ទាំង​០៤​នាក់ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប​។ លោក​វរសេនីយ៍ទោ ដួង សុខា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​នគរបាល​យើង​ឃាត់ខ្លួន​បាន​ទាំង​៤​នាក់​មាន ទី​១/​ឈ្មោះ ស៊ី​ម សុ​គា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ទី​២/​ឈ្មោះ លន់ ណាត ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៣/​ឈ្មោះ ណឺ​ប ពៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, និង​ទី​៤/​ឈ្មោះ ឆៃ ឆាន ហៅ​អួ​ង អាយុ​១៧​ឆ្នាំ​។

ជនសង្ស័យ​ទាំង​៤​នាក់​នេះ ស្នាក់​នៅ​ជាមួយ​គ្នា​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ក្នុង​នោះ​សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ឆែកឆេរ​ក្នុង​បន្ទប់​ជនសង្ស័យ ក៏​បាន​រក​ឃើញ និង​ដកហូត​បាន​ម៉ូតូ​ម៉ាក SUZUKI SMASH ពណ៌​ស ពាក់​ស្លាក​លេខ​សៀមរាប 1K-0056 មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​,​ទូរស័ព្ទ​ដៃ​០៣​គ្រឿង និង​កូនសោ​សម្រាប់​ធ្វើ​សកម្មភាព​កាច់​សោក​មួយ​ចំនួន​។ ក្រោយ​ពី​បាន​ធ្វើការ​ឃាត់ខ្លួន​យក​មក​សាកសួរ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​លួច​ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់ និង​វត្ថុ​តាង ត្រូវ​កម្លាំង​ជំនាញ​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​កម្លាំង​នគរបាល​បាន​ធ្វើការ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​៕