លោក បា​រ៉ា​ក់ អូ​បា​ម៉ា ត្រៀម​ផ្ទេរតំណែង​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​? និពន្ធដោយ : សៅ ផលនិស្ស័យ       July-29-2016, 8:19 pm         1080

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក បា​រ៉ា​ក់ អូ​បា​ម៉ា ត្រៀម​ផ្ទេរតំណែង​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​?​សុន្ទរកថា​រយៈពេល​ជិត​៥០​នាទី​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​សមាជ​បក្ស​ប្រជាធិបតេយ្យ​ទាក់ទាញ​ចិត្ត​ប្រជាជន​អាមេរិក​ច្រើន ខណៈដែល​ការបោះឆ្នោត​ប្រធានាធិបតីកាន់​តែខិតជិត​មកដល់​។ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​ជឿជាក់ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជា​មនុស្ស​ដែល​ស័ក្តិសម​បន្ត​តំណែង​ប្រធានាធិបតី អាមេរិក​។​

​ថ្លែង​នៅក្នុង​សមាជ​បក្ស​ប្រជាធិបតេយ្យ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានចាប់ផ្តើម​ដោយ​ការលើកឡើង​ពី​សមិទ្ធផល​សំខាន់ៗ​របស់​រដ្ឋបាល​របស់​លោក​កន្លងមក​ទាំង​នយោបាយ​ការបរទេស សេដ្ឋកិច្ច និង​សង្គម​ជាដើម មុន​ចាប់ផ្តើម​រិះគន់​លោក ដូ​ណា​ល់ ត្រាំ និង អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិក​បោះឆ្នោត​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។​

​យោងតាម​សារព័ត៌មាន Politico លោក​គូសបញ្ជាក់ថា​៖«​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​របស់​សហរដ្ឋ​អាមេរិក​»​។  បន្ទាប់មក លោក ក៏ ​ក៏​ចាប់ផ្តើមលើក​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋបាល​លោក​ក្នុងការ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​ដែល​រងគ្រោះ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សកល  និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​សុខាភិបាល​ជាដើម​។ ពាក់ព័ន្ធ​នយោបាយ​ការបរទេស ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ​រំលឹក​ពី​ការភ្ជាប់​ចំណង​ការទូត​ឡើងវិញ​ជាមួយ​គុយបា ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​, ដកទ័ព​ភាគច្រើន​ពី​អា​ហ្វ​ហ្កា​នី​ស្ថាន និង​សម្លាប់​មេក្លោង​ក្រុម​អាល់​កៃ​ដា​ជាដើម​។

​ក្រោយ​ចង្អុលបង្ហាញ​ពី​សមិទ្ធផល​ល្អៗ​ដែល​រដ្ឋបាល​លោក​សម្រេចបាន​ក្នុង​រយៈពេល ៨​ឆ្នាំ​មកនេះ ប្រធានាធិបតី​រូបនេះ​ចាប់ផ្តើម​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាជន​អាមេរិក​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ការបោះឆ្នោត​ខែវិច្ឆិកា​ខាងមុខ​វិញ​ម្តង​។  លោក​ប្រាប់​ទៅកាន់​អ្នកចូលរួម​ថា ការបោះឆ្នោត​ជ្រើសរើស​អ្នក​បន្ត​តំណែង​របស់លោក ជា​រឿង​សំខាន់បំផុត​មួយ អាច​ថា​ជា​អាយុជីវិត​ប្រទេសជាតិ​ផង​។ បើ​ជ្រើសរើស​ត្រូវ​វា​នឹង​ប្រសើរឡើង តែបើ​ជ្រើសរើស​ខុស វា​នឹង​ក្លាយជា​គ្រោះថ្នាក់​ធំ​ទោះ​ជាមួយ​អាណត្តិ​មាន​រយៈពេល ៤​ឆ្នាំ​ក្តី​។​

​អ្វីដែល​សំខាន់​លោក​បញ្ជាក់ថា ក្នុងនាម​ជា​ប្រធានាធិបតី លោក​មិនឃើញ​អ្នកណាម្នាក់​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​និង​ស័ក្តិសម​កាន់តំណែង​បន្ត​ពី​លោក​ជាង​លោក ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឡើយ​។​លោក​ក៏​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ផ្ទេរតំណែង​ទៅ​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែរ​។​

​លោក​ថា​៖«​មិនមាន​ជា​បុរស ឬ​ស្ត្រី​ណាមួយ ហើយ​មិនមែន​ខ្ញុំ ឬក៏ ប៊ី​ល គ្លី​ន​តុ​ន ឬ​អ្នកណា​ផ្សេងទៀត ដែល​ស័ក្តិសម​កាន់តំណែង​ប្រធានាធិបតី​ជាង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ដែរ​»​។

​ភ្លាមៗ​នោះ​លោក​បាន​ថ្លែង​ទៅកាន់​លោក ប៊ី​ល គ្លី​ន​តុ​ន ដែលមាន​វត្ត​មាននៅ​ទីនោះ​ដែរ​ថា​៖« ខ្ញុំ​គិតថា លោក​មិន​ប្រកាន់​ដែល​ខ្ញុំ​និយាយ​បែបនេះ​ទេ​។ នេះ​ខ្ញុំ​គ្រាន់តែ​និយាយ​ការពិត​ប៉ុណ្ណោះ​»​។ ក្រោយ​លោក​និយាយ​ចប់ អ្នកចូលរួម​នាំគ្នា​ស្រែក​ហ៊ោរ​កញ្ជ្រៀវ​តែម្តង​។​

​បា​រ៉ា​ក់ អូ​បា​ម៉ា លើក​រឿង​មួយ​ដែល​បញ្ជាក់ថា ហ៊ី​ឡា​រី ជា​មនុស្ស​មាន​សមត្ថភាព​និង​រឹងមាំ សមជា​មេដឹកនាំ​។ នោះ​គឺ​ពេលដែល​លោក និង អតីរដ្ឋមន្ត្រី​ការបរទេស​លោកស្រី គ្លី​ន​តុ​ន រួមជាមួយ​បណ្តា​ប្រឹក្សា​សន្តិសុខ​ជាតិ​អង្គុយ​ជាមួយគ្នា​ក្នុង​បន្ទប់​ត្រួតពិនិត្យ​ស្ថានការណ៍​ដើម្បី​សម្រេច​និង​តាមដាន​ប្រតិបត្តិ​ការសម្លាប់ អូ​សា​ម៉ា ប៊ិន​ឡា​ដិ​ន​នៅ​ប៉ា​គី​ស្ថាន​នោះ​។

​ដោយឡែក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទិតៀន​លោក ដូ​ណា​ល់ ត្រាំ ផងដែរ ដោយ​អធិប្បាយ​ថា ដូ​ណា​ល់ ត្រាំ ជា​មនុស្ស​ក្រ​អើត​ក្រ​ទោម​, គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​, និង លើ​តែ​ពី​បញ្ហា​តែ​គ្មាន​ដំណោះស្រាយ​។
 
លោកបន្តដូច្នេះថា៖ «​ដូ​ណា​ល់​ត្រាំ កំពុង​ជឿថា បើសិនជា​លោក​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​ភ័យខ្លាច​ច្រើន​ល្មម គាត់​ប្រហែលជា​ទទួល​សំឡេងឆ្នោត​គ្រប់គ្រាន់​ល្មម​ឈ្នះឆ្នោត​។ វា​ក៏មាន​ជំនឿ​មួយទៀត​ដែរ​ថា លោក​ដូ​ណា​ល់ ត្រាំ​នឹង​ចាញ់ឆ្នោត ព្រោះតែ​លោក​កំពុង​មើលស្រាល​ប្រជាជន​អាមេរិក​។ យើង​មិនមែន​មនុស្ស​ងាយ​ភ័យខ្លាច និង​ងាយ​ត្រូវគេ​បំបែក​បាក់​ដែរ​។ ភាពខ្លាំង​និង​អំណាច​របស់​យើង​មិនបាន​ទទួល​មកពី​អ្នក​ដែល​ប្រកាស​ខ្លួនឯង​ថា​ជា​អ្នក​សង្គ្រោះ ហើយ​សន្យាថា​ខ្លួនឯង​អាច​ស្តារ​និង​ដោះស្រាយ​បញ្ហា​តែម្នាក់ឯង​។ យើង​មិន​ស្វែងរក​ការត្រួតត្រា​ដោយ​អ្នកណាម្នាក់​ឡើយ​។ យើង​ជា​ប្រជាជន​អាមេរិក​ទាំងអស់គ្នា​អាចបង្កើត​ប្រជាជាតិ​មួយ​ដែល​ល្អប្រសើរ​ជាង​នេះ​និង​មាន​ស្មើគ្នា​»​។ 

​បន្ថែម​ពីនេះ លោក អូ​បា​ម៉ា បាន​ឆ្លៀត អំពាវនាវ ក៏ដូចជា​ជំរុញ​ឲ្យ​ប្រជាជន​អាមេរិក​រួបរួមគ្នា​, សាមគ្គី​គ្នា​, ដើម្បី​អនាគត​អាមេរិក​។ ប្រធានាធិបតី​រូបនេះ​ថ្លែ​ថា អាមេរិក​មិនមែនជា​សង្គម​ហែកហួរ​គ្នា​ដូច​អ្នកនយោបាយ​អាមេរិក​មួយចំនួន​កំពុង​ធ្វើ​ឡើយ​។ តែ​អាមេរិក​ពិតប្រាកដ​ជា​ប្រជាជាតិ​គោរព​ភាពខុសប្លែក​គ្នា គោរព​តម្លៃ​គ្នា រួបរួមគ្នា​និង​សាមគ្គី​គ្នា​៕