​អ្នកស្រី ពុង ឈី​វ​កេក ស្នើ​ឲ្យ​រដ្ឋាភិបាល​កុំ​ចាត់ទុក​សង្គម​ស៊ីវិល​ជាស​ត្រូវ​! និពន្ធដោយ : ជា ធីរិទ្ធ       July-29-2016, 9:19 pm         368

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​អ្នកស្រី ពុង ឈី​វ​កេក ស្នើ​ឲ្យ​រដ្ឋាភិបាល​កុំ​ចាត់ទុក​សង្គម​ស៊ីវិល​ជាស​ត្រូវ​!​ប្រធាន​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​លីកាដូ អ្នកស្រី ពុង ឈី​វ​កេក ចង់ឃើញ​រដ្ឋាភិបាល​ក​ម្ពុ​ជា រួមគ្នា​ធ្វើការ​ជា​អង្គការក្រៅរដ្ឋាភិបាល និង​បណ្តាញសារព័ត៌មាន ដើម្បី​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។ បន្ថែម​ពីលើ​នេះ អ្នកស្រី ស្នើ​ឲ្យ​រដ្ឋាភិបាល កុំ​ចាត់ទុក​អង្គការក្រៅរដ្ឋាភិបាល​ជាស​ត្រូវ​ឲ្យ​សោះ​។ តែ​លោក ផៃ ស៊ី​ផាន បាន​ឆ្លើយតប​ថា រដ្ឋាភិបាល​មិនដែល​យក​អង្គការក្រៅរដ្ឋាភិបាល​ណា​ជាស​ត្រូវ​នោះឡើយ​។

​នៅក្នុង​ក្រសែភ្នែក​របស់​អ្នកស្រី ពុង ឈី​វ​កេក មន្ត្រីជាន់ខ្ពស់​របស់​អង្គការសិទ្ធិមនុស្ស​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា គ្មាន​អង្គការក្រៅរដ្ឋាភិបាល​ណាមួយ ជាស​ត្រូវ​ជាមួយនឹងរ​ដ្ឋា​ភិ​បាល​នោះឡើយ​។ ដូច្នេះហើយ អ្នកស្រី ឈី​វ​កេក ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កុំ​ចាត់ទុក​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា​ជាស​ត្រូវ​របស់ខ្លួន​ឲ្យ​សោះ​។ តែ​ផ្ទុយទៅវិញ អ្នកស្រី ពុង ឈី​វ​កេក ដែលជា​មនុស្សម្នា​ក់មាន​គុណសម្បត្តិ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផង​នោះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល និង​បណ្តាញសារព័ត៌មាន ដើម្បី​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

​អ្នកស្រី ពុង ឈី​វ​កេក បញ្ជាក់​យ៉ាងនេះ​ថា​៖ «​រដ្ឋាភិបាល​មាន​តួនាទី​សំខាន់ ត្រូវ​ចាប់យក​អង្គការក្រៅរដ្ឋាភិបាល​ជា​ដៃគូ​ពិតប្រាកដ កុំ​យក​អង្គការក្រៅរដ្ឋាភិបាល​ជាស​ត្រូវ​ឲ្យ​សោះ​។ អត់​មាន​សត្រូវ​ទេ​នៅ​ស្រុក​ខ្មែរ​យើង យើងទាំងអស់គ្នា​ត្រូវធ្វើ​ការ​ជាមួយគ្នា ដើម្បី​ឲ្យ​ប្រទេស​យើង​អនុវត្ត​សិទ្ធិមនុស្ស​បានល្អ និង​អភិវឌ្ឍ​ឲ្យ​បាន​រុងរឿង​ដូច​ប្រទេស​គេ​នៅលើ​ពិភពលោក​»​។ ការលើកឡើង​របស់​ប្រធាន​អង្គការ​លីកាដូ​រូបនេះ ធ្វើឡើង​នៅក្នុង​ពេលដែល​អ្នកស្រី​ទទួល​គ្រឿង​ឥស្សរិយយស​ថ្នាក់ខ្ពស់​បំផុត​ពី​ប្រទេស​បារាំង ដោយសារ​បុព្វ​ហេតុដែល​អ្នកស្រី​លះបង់​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​ការពារ​ផ្នែក​សិទ្ធិមនុស្ស និង​សន្តិភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ហើយពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី ២៨ ខែកក្កដា​។​

​ជុំវិញ​ប្រសាសន៍​របស់​អ្នកស្រី ពុង ឈី​វ​កេក លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែងថា  រដ្ឋាភិបាល​កម្ពុជា មិនដែល​ចាត់ទុក​អង្គការក្រៅរដ្ឋាភិបាល​ណាមួយ ជាស​ត្រូវ​នោះទេ លើកលែងតែ​អង្គការក្រៅរដ្ឋាភិបាល ដែលជា​ភ្នាក់ងារ​បរទេស និង​មាន​ចរិត​នយោបាយ​ប៉ុណ្ណោះ​។ លោក​ស្នើ​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ភ្ជាប់​ជាមួយ​រឿង​នយោបាយ គួរ​ចេញពី​អង្គការ​ស៊ីវិល​ចូលមក​ធ្វើ​នយោបាយ​តែម្តង​។ មន្ត្រី​រដ្ឋាភិបាល​ដដែល​នេះ បន្តថា កន្លងមក​មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​បើក​អង្គការ ដើម្បី​ធ្វើជា​ឈ្នាន់​ឈានទៅ​ធ្វើ​នយោបាយ ដូចជា​ករណី​ឯកឧត្តម កឹម សុខា អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជាដើម​៕